រដ្ឋមន្ត្រី​ការបរទេស​ចិន-​អាមេរិក​ជួប​ពិភាក្សា​តាម​ទូរស័ព្ទ អំពីការស្តារទំនាក់ទំនងទ្បើងវិញ

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi និងរដ្ឋមន្ត្រីការបរទេសអាមេរិក Marco Rubio បានជួបពិភាក្សាគ្នាតាមទូរស័ព្ទកាលពីថ្ងៃសុក្រ។ ក្រសួងការបរទេសចិនបានឲ្យដឹងថា លោក Wang បានថ្លែងថា ទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោនគួរតែរក្សាទំនាក់ទំនង និងលើកកម្ពស់ការអភិវឌ្ឍប្រកបដោយស្ថិរភាព ផាសុខភាព និងនិរន្តរភាពនៃទំនាក់ទំនងចិន-អាមេរិក។

លោក Wang ក៏បានពន្យល់ពីជំហររបស់ទីក្រុងប៉េកាំងថា តៃវ៉ាន់គឺជាផ្នែកសំខាន់មួយនៃទឹកដីរបស់ប្រទេសចិន ហើយបានស្នើឱ្យសហរដ្ឋអាមេរិកដោះស្រាយបញ្ហានេះដោយប្រុងប្រយ័ត្នបំផុត។ 

លោក Wang ថែមទាំងបានសង្កត់ធ្ងន់ដែរថា បណ្តាប្រទេសធំៗគួរតែទទួលយកការទទួលខុសត្រូវជាអន្តរជាតិរបស់ពួកគេ និងការពារសន្តិភាពពិភពលោកដោយមានប្រសិទ្ធភាព។      

ការកត់សម្គាល់របស់លោក Wang បែបនេះត្រូវបានគេមើលឃើញថា ជាការតថ្លៃចំពោះជំហរនៃរដ្ឋបាលថ្មីរបស់លោកប្រធានាធិបតីអាមេរិក Donald Trump ដែលកំពុងប្រកាន់យកវិធីសាស្រ្ត “America First” ។ ចំណុចនេះ  ភាគីចិនបានប្រាប់ឲ្យដឹងដែរថា លោក Rubio ក៏បានបង្ហាញពីឆន្ទៈរបស់គាត់ក្នុងការទំនាក់ទំនងដោយស្មោះត្រង់ជាមួយទីក្រុងប៉េកាំងផងដែរ។

លោក Rubio ត្រូវ​បាន​គេ​ស្គាល់​ថា​ ជា​អ្នក​រឹងរូស​ប្រឆាំង​នឹង​ប្រទេស​ចិន។ ទន្ទឹមនោះ ទីក្រុងប៉េកាំងក៏ត្រូវបានគេរាយការណ៍ថាបានដាក់ទណ្ឌកម្មលើលោក Rubio ដែលហាមគាត់មិនឱ្យចូលប្រទេស។

ទោះបីជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យក្រសួងការបរទេសចិន បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីការសម្ពោធចូលកាន់តំណែងរបស់លោក Trump ថា មន្ត្រីជាន់ខ្ពស់នៃប្រទេសទាំងពីរត្រូវតែរក្សាទំនាក់ទំនងក្នុងលក្ខណៈសមស្របមួយ។ ជាមួយគ្នានេះ ក្រសួងការបរទេសអាមេរិកបាននិយាយកាលពីថ្ងៃសុក្រថា ក្នុងអំឡុងកិច្ចពិភាក្សាជាមួយលោក Wang តាមទួរស័ព្ទនោះលោកRubio បានសង្កត់ធ្ងន់ថា រដ្ឋបាល Trump នឹងបន្តទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន ដែលជំរុញការលើកកម្ពស់នៃផលប្រយោជន៍របស់សហរដ្ឋអាមេរិក និងដាក់ប្រជាជនអាមេរិកជាមុនឬធំជាង។ ទន្ទឹមនោះលោក Rubio ថែមទាំងបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះសម្ព័ន្ធមិត្តរបស់ខ្លួននៅក្នុងតំបន់ និងបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះ សកម្មភាពបង្ខិតបង្ខំរបស់ចិនប្រឆាំងនឹងតៃវ៉ាន់ និងនៅក្នុងសមុទ្រចិនខាងត្បូង៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment