ក្រសួង​ការពារជាតិ​អាមេរិក​ ពង្រាយ​ទាហាន​បន្ថែម​ទៀត​ជួយ​ការពារ​ព្រំដែន​ភាគខាងត្បូង

ក្រសួងការពារជាតិអាមេរិកបានឲ្យដឹងថា ខ្លួននឹងបញ្ជូនទាហានចំនួន១,៥០០ នាក់ ដើម្បីជួយការពារព្រំដែនជាមួយម៉ិកស៊ិក និងផ្តល់យន្តហោះដើម្បីជួយដល់ការនិរទេសជនអន្តោប្រវេសន៍ខុសច្បាប់ថែមទៀត។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសភាពអាសន្នជាតិមួយនៅឯព្រំដែនភាគខាងត្បូងកាលពីថ្ងៃចន្ទ ដែលជាថ្ងៃដំបូងរបស់គាត់ដែលចូលកាន់តំណែង ហើយបានបញ្ជាឱ្យក្រសួងការពារជាតិចាត់វិធានការនេះជាបន្ទាន់។

 នាយកដ្ឋានជំនាញកាលពីថ្ងៃពុធបានប្រកាសពីការដាក់ពង្រាយកងទ័ពបន្ថែមសម្រាប់សកម្មភាពដូចជាការរាវរក និងការត្រួតពិនិត្យនៅតាមព្រុំដែនជាមួយប្រទេសម៉ិកស៊ីក។ មន្ត្រីនាយកដ្ឋានបានបញ្ជាក់ថាការបន្ថែមចំនួនទាហាននេះ គឺមានការកើនឡើងរហូត ៦០% នៃកងកម្លាំងជើងគោកសកម្មនៅក្នុងតំបន់ព្រំដែនជាមួយម៉ិកស៊ីក។

នាយកដ្ឋានក៏នឹងបញ្ជូនយន្តហោះយោធាទៅគាំទ្រជើងហោះហើរដើម្បីសង្កេតនិងពិនិត្យមើលការនិរទេសសម្រាប់ជនអន្តោប្រវេសន៍ខុសច្បាប់ជាង ៥,០០​០ ​នាក់ដែលត្រូវបានឃុំខ្លួននៅ San Diego រដ្ឋCalifornia និង El Paso រដ្ឋតិចសាស់ផងដែរ។ លើសពីនេះនាយកដ្ឋានក៏បានឲ្យដឹងដែរថា ខ្លួននឹងជួយសាងសង់របាំងការពារដើម្បីទប់ស្កាត់ការឆ្លងព្រំដែនខុសច្បាប់ និងការជួញដូរខុសច្បាប់។

 គួររំលឹកថា អាទិភាពមួយក្នុងចំណោមអាទិភាពកំពូលរបស់ Trump គឺ “ធ្វើឱ្យអាមេរិកមានសុវត្ថិភាពម្តងទៀត”។ គាត់បានប្តេជ្ញាថានឹងធានាបាននូវព្រំដែនសហរដ្ឋអាមេរិក និងការពារសហគមន៍អាមេរិក៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment