មេដឹកនាំហុងគ្រីបានព្រមានថា សេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីរុស្សី មិនមែនជាការជជែកលេងទទេដូចអ្នកនយោបាយនៅសហភាពអឺរ៉ុបនោះទេ។ ប៉ុន្តែលោកពូ ទី តែថាហើយនឹងធ្វើជាក់ជាមិនខាន។
នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បាននិយាយថា លោកខាងលិចមិនគួរព្រងើយកន្តើយនឹងការព្រមានរបស់ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ទាក់ទងនឹងការឆ្លើយតបរបស់ទីក្រុងមូស្គូចំពោះការវាយប្រហាររបស់អ៊ុយក្រែនដោយប្រើអាវុធរយៈចម្ងាយឆ្ងាយនោះទេ។
គួររំលឹកថា កាលពីថ្ងៃព្រហស្បតិ៍ លោក ពូទីន បានប្រកាសថា រុស្ស៊ីបានប្រើប្រាស់កាំជ្រួចមីស៊ីលផ្លោងល្បឿនលឿនជាងសំឡេងមធ្យម Oreshnik ថ្មីរបស់ខ្លួន ដើម្បីកម្ទេចទីតាំងឧស្សាហកម្មយោធានៅ Dnipro (អតីត Dnepropetrovsk) ក្នុងប្រទេសអ៊ុយក្រែន។
លោកបាននិយាយថា ការវាយប្រហារនេះត្រូវបានធ្វើឡើងជាការឆ្លើយតបទៅនឹងការវាយប្រហាររបស់ទីក្រុងគៀវលើទឹកដីរុស្ស៊ីដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិដោយប្រើកាំជ្រួច ATACMS ផលិតដោយសហរដ្ឋអាមេរិក និងមីស៊ីល Storm Shadow របស់អង់គ្លេស។
លោកបញ្ជាក់ យើងមានសិទ្ធិប្រើប្រាស់អាវុធរបស់យើងប្រឆាំងនឹងមូលដ្ឋានយោធានៃប្រទេសទាំងនោះដែលអនុញ្ញាតឱ្យប្រើប្រាស់អាវុធរបស់ពួកគេប្រឆាំងនឹងគ្រឿងបរិក្ខាររបស់យើង ហើយក្នុងករណីមានការកើនឡើងនៃសកម្មភាពឈ្លានពាន យើងនឹងឆ្លើយតបយ៉ាងម៉ឺងម៉ាត់ និងក្នុងលក្ខណៈដូចកញ្ចក់។
នៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុ Kossuth នៅថ្ងៃសុក្រ លោក Orban ដែលជាមេដឹកនាំអឺរ៉ុបមួយរូបក្នុងចំណោមមេដឹកនាំអឺរ៉ុបមួយចំនួនដែលរក្សាទំនាក់ទំនងជាមួយទីក្រុងមូស្គូក្នុងអំឡុងពេលមានជម្លោះជាមួយក្រុងគៀវ បាននិយាយថា ប្រព័ន្ធទំនាក់ទំនងនៅក្នុងសង្គមរុស្ស៊ីមានភាពខុសប្លែកគ្នាយ៉ាងខ្លាំងពីសហភាពអឺរ៉ុប។ លោកបាននិយាយថា ពេលខ្លះយើងជាអ្នកធ្វើការសម្រេចចិត្តនៅអឺរ៉ុបខាងលិច ហើយមិនបានគិតរឿងនេះទេនៅពេលដែលនិយាយទាក់ទងជាមួយទីក្រុងម៉ូស្គូ។
នាយករដ្ឋមន្ត្រីហុងគ្រីបានព្រមានថា ប្រសិនបើប្រធានាធិបតីរុស្ស៊ីលោក ពូ ទីន និយាយអ្វីមួយហើយនោះ វាមិនមែនជាការនិយាយលេងដូចមេដឹកនាំ EU នោះទេ តែវាមានទម្ងន់ និងមានផលវិបាកពិតប្រាកដ។
លោកបានបន្ថែមថា នយោបាយនៅលោកខាងលិចគឺការនិយាយគ្នា ៨០% ប៉ុន្តែសកម្មភាពពិតប្រាកដមានត្រឹមតែ ២០% ប៉ុណ្ណោះ សូម្បីតែមន្ត្រីជាន់ខ្ពស់ភាគច្រើនតែងតែធ្វើសេចក្តីថ្លែងការណ៍ដូចម៉ឺងម៉ាត់ណាស់ តែមិនបានអនុវត្តជាក់ស្តែងនោះទ្បើយ។
លោកបានពន្យល់ថា វាមិនដូច្នោះទេនៅក្នុងប្រទេសរុស្ស៊ី ដោយបានព្រមានថា ពាក្យរបស់លោកពូទីន ត្រូវតែយកចិត្តទុកដាក់ និងបកស្រាយតាមតក្កវិជ្ជានៃសង្គ្រាម។ លោក Orban បានជំរុញឱ្យប្រទេសដែលកំពុងគាំទ្រអ៊ុយក្រែនក្នុងជម្លោះនេះឱ្យធ្វើសកម្មភាពនឹងមានការវិនិច្ឆ័យ បើមិនដូច្នេះទេ ពួកគេអាចនឹងមានបញ្ហាមិនខានទ្បើយ។
អ្នកនាំពាក្យសេតវិមានលោកស្រី Karine Jean-Pierre បានប្រាប់អ្នកយកព័ត៌មានថា សហរដ្ឋអាមេរិកនឹងមិនអាចត្រូវបានរារាំង នូវអ្វីដែលទីក្រុងម៉ូស្គូបានពិពណ៌នាថាជា ការសាកល្បងប្រយុទ្ធ នៃមីស៊ីលផ្លោងរយៈចម្ងាយមធ្យមថ្មីរបស់ខ្លួន។ លោកស្រីថ្លែងថា យើងនឹងបន្តធានាថាប្រជាជនអ៊ុយក្រែនមានអ្វីដែលពួកគេត្រូវការនៅលើដី។
កាលពីថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីស៊ែប៊ី លោក Aleksandar Vucic ក៏បានអំពាវនាវឲ្យលោកខាងលិចគោរពតាមការព្រមានរបស់លោក Putin។ លោក Vucic បាននិយាយថា ប្រសិនបើអ្នកគិតថាអ្នកអាចវាយប្រហារអ្វីៗគ្រប់យ៉ាងនៅលើទឹកដីរុស្ស៊ីដោយប្រើភស្តុភារ និងសព្វាវុធរបស់បស្ចិមប្រទេសដោយមិនទទួលបានការឆ្លើយតប ហើយថាពូទីននឹងមិនប្រើអាវុធណាក៏ដោយដែលគាត់យល់ថាចាំបាច់នោះ នោះអ្នកពិតជាមិនស្គាល់គាត់ទេ ព្រោះគាត់មិនមែនជាមនុស្សដែលចេះតែនិយាយលេងសើចដូចមេដឹកនាំអ៊ឺរ៉ុបមួយចំនួនធំនោះទ្បើយ៕
ដោយ៖ ពេជ្រ