«បុណ្យចូលឆ្នាំចិន» ដែលមានអាយុកាលជាង៥០០០ឆ្នាំត្រូវបានប្រជាជាតិចិនតែងបានសាទរជារៀងរាល់ឆ្នាំគឺជាស្មារតីរួមរបស់ប្រជាជាតិចិនក្នុងការជួបជុំសមាជិកគ្រួសារ ព្រមទាំងជាការគូសរំលេចពីត្រៀមទទួលអំណរបន្តដំណើរក្នុងស្មារតីឆាប់សម្រេចបាននូវក្តីសង្ឃឹមនិងក្តីសុបិន ។ ចុងខែមករា ឆ្នាំ២០២៥នេះ ប្រជាជាតិចិននឹងទទួលអំណរឆ្នាំថ្មី ឆ្នាំម្ស៉ាញ់ ហើយតាមជំនឿរបស់ជនជាតិចិនយល់ថា «ឆ្នាំម្សាញ់ ឬ ឆ្នាំពស់ មានន័យថា បញ្ញាឆ្លាតវាងវៃ» ដែលនេះជាការបង្ហាញថា ឆ្នាំម៉្សាញ់នឹងផ្តល់ឫទ្ធានុភាពបន្ថែមទៀតដល់ប្រាជ្ញាចិនដែលតែងបានចូលរួមនៅក្នុងដំណោះស្រាយសកល។ ឆ្នាំម៉្សាញ់កាលពី១២ឆ្នាំមុន (ឆ្នាំ២០១៣) បានផ្តល់នូវប្រាជ្ញាចិនស្តីពី«កិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ» ហើយអាយុ១២ឆ្នាំ ឬមួយវដ្តនៃឆ្នាំម៉្សាញ់នេះបានផ្តល់ជាទឡ្ហីករណ៍បញ្ជាក់ថា ប្រាជ្ញាចិនគឺជាមាគ៌ាដ៏ត្រឹមត្រូវតែមួយគត់នៅក្នុងការធានាជូនដល់ពិភពលោកនូវសន្តិភាពប្រកបដោយទំនុកចិត្ត ស្ថិរភាពប្រកបដោយទំនួលខុសត្រូវ និងការអភិវឌ្ឍប្រកបដោយចីរភាព។ ក្រោយវិបត្តិនៃជំងឺCovid-19 ទាំងសេដ្ឋកិច្ចចិន ទាំងសេដ្ឋកិច្ចសកលដែលអាចឆាប់បានវិលត្រឡប់មកវិញជាបណ្តើរៗ ពិតណាស់ដែលថាជាការទទួលអនុវត្តបន្ស៊ីជាមួយប្រាជ្ញាចិន។
«បុណ្យចូលឆ្នាំចិន» ឆ្នាំ២០២៥ ត្រូវបានពិភពលោកទាំងមូលបាននិងកំពុងត្រៀមខ្លួនសាទរនិងចូលរួមជាមួយប្រជាជាតិចិនក្នុងការទទួលអំណរដ៏មហាប្រសើរនេះ ដូចដែលត្រូវបានអង្គការUNESCO កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ នាសម័យប្រជុំលើកទី១៩នៃគណៈកម្មការអន្តររដ្ឋាភិបាលបានដាក់បញ្ជូលក្នុង«បញ្ជីបេតិកភណ្ឌវប្បធម៌អរូបិយនៃមនុស្សជាតិ» ដែលនេះជាការបញ្ជាក់ឲ្យឃើញនូវតម្លៃវប្បធម៌ ប្រពៃណី នៃការរួមគ្នាថែរក្សាមរតកមនុស្សជាតិ ជាក់ស្តែងតាមការស្ទង់មតិនៅជុំវិញពិភពលោក មានប្រទេសចំនួន២០បានអបអរសាទរ«បុណ្យចូលឆ្នាំចិន» ដោយកំណត់ជាថ្ងៃឈប់សម្រាកផ្លូវការ ហើយមានប្រជាជន១ភាគ៥នៅទូទាំងពិភពលោកបានអបអរសាទរ«បុណ្យចូលឆ្នាំចិន»។ ការទទួលស្គាល់ជាសកលនៃ «បុណ្យចូលឆ្នាំចិន» គឺជាប្រទីបបំភ្លឺផ្តល់រស្មីកាន់តែខ្លាំងក្លាបន្ថែមថា ប្រាជ្ញាចិនដែលរាប់បញ្ចូលនូវគំនិតផ្តួចផ្តើមទាំង៤របស់ចិន «គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ» «គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល» «គំនិតផ្តួចផ្តើមសន្តិសុខសកល» «គំនិតផ្តួចផ្តើមអរិយធម៌សកល» ដែលបានផ្តួចផ្តើមដោយលោក Xi Jinping ប្រធានរដ្ឋចិន សុទ្ធសឹងជាគតិបណ្ឌិតដែលមានលក្ខណៈសកលផ្តល់ជាកូនសោរគន្លឹះដល់ដំណោះស្រាយរួមរបស់មនុស្សជាតិប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព។
«បុណ្យចូលឆ្នាំចិន» ឆ្នាំ២០២៥ បានរំលេចបន្ថែមទៀតពីសមិទ្ធផលនៃកំណែទម្រង់របស់ប្រទេសចិនកាលពីឆ្នាំ២០២៤ស្របតាមមាគ៌ាទំនើបកម្មសង្គមនិយមតាមបែបផែនចិន ដែលមិនត្រឹមជួយផ្តល់នូវវិបុលភាពនៃជីវភាពរស់នៅជូនដល់ប្រជាជនចិនប៉ុណ្ណោះទេ ថែមទាំងបានជួយដល់បណ្តាប្រទេសជាច្រើនដែលក្នុងនោះបណ្តាប្រទេសសកលខាងត្បូងបានប្រយោជន៍ដោយផ្ទាល់ពីកិច្ចសហប្រតិបត្តិការជាមួយចិន។ ជាសច្ចភាព «បុណ្យចូលឆ្នាំចិន» ជាពិធីបុណ្យប្រពៃណីដ៏ជ្រាលជ្រៅ និងសម្បូរបែបបំផុតរបស់ប្រទេសចិនដែលបានបង្កប់នូវមនោសញ្ចេតនាគ្រួសារនិងជាតិដ៏ជ្រាលជ្រៅរបស់ប្រជាជនចិន ដោយឆ្លុះបញ្ចាំងពីតម្លៃដូចជាភាពសុខដុមរមនារវាងមនុស្ស និងធម្មជាតិ និងការរួមរស់ដោយសន្តិភាពក្នុងចំណោមបុគ្គលម្នាក់ៗ ដែលនេះជាការប្តេជ្ញាចិត្តរបស់ប្រទេសចិនក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តចិនដោយមានលោក Xi Jinping ជាស្នូលបានដើរមុនគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាព ឆ្នាំ២០៣០ ដោយប្រទេសចិនកាលពីឆ្នាំ២០២៤កន្លងមក សេដ្ឋកិច្ចបៃតងចិន ដោយបានចំណាយពេល៥ឆ្នាំចុងក្រោយនេះ ធ្វើបរិវត្តកម្មភាពបៃតង និងកាបូនទាបនៃសេដ្ឋកិច្ចនិងសង្គមរបស់ចិន ទទួលបានប្រសិទ្ធភាពយ៉ាងលេចធ្លោ ហើយឧស្សាហកម្មថាមពលបៃតង បានទទួលការអភិវឌ្ឍយ៉ាងផុលផុស ជាក់ស្តែងបរិមាណផលិតរថយន្តថាមពលស្អាតក្នុងឆ្នាំ២០២៣បានឡើងដល់៩៤៥៨០០០គ្រឿងដែលកើនឡើង៦.៩ដងបើប្រៀបធៀបនឹងឆ្នាំ២០១៨ ហើយបរិមាណផលិតរថយន្តបានជាប់ចំណាត់ថ្នាក់លេខ១លើពិភពលោកក្នុងរយៈពេល៩ឆ្នាំជាប់ៗគ្នាដែលសមមាត្រមានចំនួនលើសពី៦០%នៅទូទាំងពិភពលោក ។
ជារួម «បុណ្យចូលឆ្នាំចិន» ដែលជាស្លាកសញ្ញាសម្គាល់រាប់ពាន់ឆ្នាំរបស់ប្រជាជាតិចិន និងជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបិយនៃមនុស្សជាតិ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងចំណងគ្រួសារ លើកកម្ពស់សុខដុមរមនាក្នុងសង្គម និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច ហើយសម្រាប់ឆ្នាំ២០២៥នេះ វត្តមាន«បុណ្យចូលឆ្នាំចិន ឆ្នាំម៉្សាញ់» គឺជាសក្ខីភាពដែលមិនអាចប្រកែកបានពីការបន្តពង្រីកទំហំវិមាត្រនៃមិត្តភាព ពង្រឹងគុណភាពកល្យាណមិត្ត ពន្លាតស្មារតីផ្លូវសូត្ររាប់ពាន់ឆ្នាំនៃអរិយធម៌សកលដែលបានផ្តួចផ្តើមនិងប្រតិបត្តិដោយប្រជាជាតិចិនក្លាយជានិមិត្តសញ្ញាសកលដែលផ្តល់ជាម្លប់សុខសន្តិភាព សន្តិសុខស្បៀង អរិយធម៌អេកូឡូស៊ី ការគោរពគ្នាទៅវិញទៅមក ការផ្តល់ផលប្រយោជន៍ឈ្នះ-ឈ្នះនៃកិច្ចអភិវឌ្ឍសេដ្ឋកិច្ចក្នុងរង្វង់ពហុភាគីនិយម ក្រោមទម្រនៃមូលដ្ឋានដ៏រឹងមាំរបស់កិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិក្នុងយុគសម័យថ្មី។
ដោយបណ្ឌិត ជា មុនីឫទ្ធិ
ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន