ខេត្តស្វាយរៀង៖ព្រឹកថ្ងៃទី២២ វិច្ឆិកា ២០២៤លោក សំ ប៊ុណ្ណារិន សមាជិកក្រុមប្រឹក្សាខេត្តស្វាយរៀង តំណាងឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្ត និងលោកម៉ែន អេង អភិបាលរងខេត្ត តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តបានអញ្ជើញជាអធិបតីក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង អាណត្តិទី៤ ឆ្នាំ២០២៤ ស្ថិតនៅសាលាសង្កាត់បាវិត ក្រុងបាវិត។
លោក សំ ប៊ុណ្ណារិន សមាជិកក្រុមប្រឹក្សាខេត្ត បានថ្លែងថា វេទិកានាថ្ងៃនេះក្នុងគោលបំណងធ្វើឡើងដើម្បីប្រមូលមតិយោបល់ បញ្ហាប្រឈម និងសំណូមពរនានារបស់ប្រជាពលរដ្ឋ យកមកពិភាក្សាស្រាយបំភ្លឺ និងធ្វើការដោះស្រាយឱ្យចំគោលដៅ ប្រកបដោយប្រសិទ្ធិភាព និងទាន់ពេលវេលា ដែលបានបង្ហាញឱ្យឃើញពីការប្តេជ្ញាចិត្តចូលរួមសហការយ៉ាងខ្លាំងក្លានៅក្នុងដំណើរការនៃការគាំទ្រ និងជំរុញការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិស្របតាមក្របខ័ណ្ឌយុទ្ធសាស្ត្រស្តីពីកំណែទម្រង់វិមជ្ឍការ និងវិសហមជ្ឍការ ឱ្យកាន់តែទទួលបានលទ្ធផលជោគជ័យថ្មីៗឆ្លើយតបទៅនឹងសេចក្តីត្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
លោកបន្តថា រាល់មតិយោបល់ បញ្ហាប្រឈម និងសំណូមពរដែលបានលើកឡើងក្នុងវេទិកានាថ្ងៃនេះ បើក្នុងករណីដោះស្រាយបានភ្លាមៗ អាជ្ញាធរក៏ដូចជាក្រុមប្រឹក្សា គណៈអភិបាល មន្ទីរពាក់ព័ន្ធ នឹងធ្វើការដោះស្រាយជូនភ្លាមៗ ហើយចំពោះករណីមិនអាចដោះស្រាយបានភ្លាមៗ នោះអាជ្ញាធរស្រុក មន្ទីរពាក់ព័ន្ធ ក្រុមប្រឹក្សា និងគណៈអភិបាល នឹងលើកយកទៅពិភាក្សារកដំណោះស្រាយជូននៅពេលក្រោយបន្តទៀត ដោយមិនទុកបញ្ហា និងសំណូមពរចោល ឬគេចវេសពីបញ្ហាដែលបានលើកឡើងក្នុងវេទិកានេះឡើយ។
លោកអភិបាលរងខេត្ត បានលើកឡើងថា: តាមរយ:វេទិកានេះនឹងផ្ដល់ឱកាសដល់អ្នកពាក់ព័ន្ធ និងប្រជាពលរដ្ឋទាំងអស់មានសិទ្ធស្មើគ្នា ក្នុងការចូលរួមទទួលព័ត៌មានអំពីសមិទ្ធផលដែលរដ្ឋបាលខេត្តសម្រេចបាន ហើយថែមទាំងអាចលើកឡើងអំពីបញ្ហាប្រឈម និងសំណូមពរនានា ដែលកើតមាននៅក្នុងមូលដ្ឋានរបស់ខ្លួនមកកាន់អាជ្ញាធរ ក៏ដូចជាក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត ដើម្បីធ្វើការពិនិត្យពិភាក្សាដោះស្រាយជូនឱ្យបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។
ចំណុចដែលគួរអោយកត់សម្គាល់នោះគឺឯកឧត្ដមគណៈអធិបតី លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អធិការដ្ឋាននគរបាល បានទទួលយកសំណូមពរ និងបញ្ហាប្រឈម ហើយបានបកស្រាយនូវចំងល់ដែលបងប្អូនប្រជាពលរដ្ឋបានលើកឡើងដោយមិនទុកបញ្ហាចោលនោះឡើយ៕គឹមសេង