នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ លោកបណ្ឌិត Carlos Felipe Jaramillo អនុប្រធានធនាគារពិភពលោក ទទួលបន្ទុកតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសចូលរួមកិច្ចប្រជុំ កំពូលអាស៊ាន លើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ពីថ្ងៃទី២៦-២៨ ខែតុលា ឆ្នាំ២០២៥។
ក្នុងឱកាសនៃជំនួប លោកបណ្ឌិតអនុប្រធានធនាគារពិភពលោកបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងរាជរដ្ឋាភិបាលកម្ពុជា និងធនាគារពិភពលោក និងបានសម្តែងក្តីសង្ឃឹមយ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការនេះនឹងបន្តរីកចម្រើនបន្ថែមទៀត។ លោកបណ្ឌិត ក៏បានសម្តែងនូវបំណងចង់ស្វែងយល់បន្ថែមអំពីវិស័យអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលដៅឈានទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។
លោកបណ្ឌិត បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះមាគ៌ាច្បាស់លាស់ប្រកបដោយមហិច្ឆតារបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការឈានទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ខណ:ដែលពិភពលោកពោរពេញទៅដោយភាពមិនច្បាស់លាស់ និងបញ្ហាប្រឈម។ លោកបណ្ឌិត បានគូសបញ្ជាក់ជាថ្មីម្តងទៀត ថា ធនាគារពិភពលោកត្រៀមខ្លួនជានិច្ចដើម្បីបន្តសហការ និងចូលរួមជាមួយកម្ពុជា សំដៅជំរុញការសម្រេចទិសដៅរបស់កម្ពុជានាពេលអនាគត។
ជាការឆ្លើយតប សម្ដេចបវរធិបតី បានគូសបញ្ជាក់ថា កម្ពុជាបានដាក់ចេញ និងកំពុងអនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលផ្ដោតសំខាន់ ជាអាទិ៍លើ៖ ១. វិស័យអប់រំ សម្រាប់អភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព និងគុណវុឌ្ឍិគ្រប់គ្រាន់ សំដៅជំរុញផលិតភាពការងារ។ ២. វិស័យហេដ្ឋារចនាសម្ព័ន្ធ សម្រាប់បម្រើសកម្មភាពសេដ្ឋកិច្ច ជាពិសេសការលើកស្ទួយវិស័យដឹកជញ្ជូន និងភស្តុភារ។ ៣. ការធានាបាននូវការផ្គត់ផ្គង់ថាមពលកកើតឡើងវិញ ដែលបច្ចុប្បន្ន កម្ពុជាប្រើប្រាស់ប្រភពថាមពលកកើតឡើងវិញចំនួន ៦២% និងប្ដេជ្ញាចិត្តក្នុងការបង្កើនឱ្យបាន ៧០% នៅឆ្នាំ២០៣០។ ៤. បច្ចេកវិទ្យា និងឌីជីថលូបនីយកម្ម ដែលអនុញ្ញាតឱ្យកម្ពុជាអាចគ្រប់គ្រងបាននូវហានិភ័យ ក៏ដូចជាការជំរុញសកម្មភាពសេដ្ឋកិច្ចឱ្យកាន់តែល្អប្រសើរជាមួយនឹងប្រសិទ្ធភាពខ្ពស់ ផលិតភាពខ្ពស់ និងគុណភាពខ្ពស់ ៥. ការធានាបាននូវកំណើន និងការអភិវឌ្ឍប្រកបដោយចីរភាព។ ព្រមជាមួយគ្នានេះ, សម្ដេចបវរធិបតីក៏បានសម្ដែងក្ដីរីករាយរងចាំទទួលស្វាគមន៍លោកបណ្ឌិតអនុប្រធានធនាគារពិភព នៅកម្ពុជា នាពេលខាងមុខដ៏ខ្លី៕(ដកស្រង់ពី ៖ AKP)

