លោក Abdul-Malik al-Houthi មេដឹកនាំក្រុមហ៊ូធីយេម៉ែន បាននិយាយថា ក្រុមនេះនឹងបន្តការវាយប្រហារលើទឹកដីអ៊ីស្រាអែល និងនាវាពាណិជ្ជកម្ម ប្រសិនបើក្រុងយេរ៉ូសាឡឹម មិនគោរពកិច្ចព្រមព្រៀងបទឈប់បាញ់ នៅតំបន់ហ្គាហ្សា។
លោក Al-Houthi បានលើកឡើងថា យើងនឹងអនុវត្តតាមដំណាក់កាលនៃការអនុវត្តកិច្ចព្រមព្រៀង។ ក្នុងករណីមានការរំលោភណាមួយរបស់អ៊ីស្រាអែល ការបន្តការសម្លាប់រង្គាល ឬការឡោមព័ទ្ធជាថ្មី យើងនឹងត្រៀមខ្លួនជាស្រេចក្នុងការផ្តល់ការគាំទ្រផ្នែកយោធាភ្លាមៗដល់ប្រជាជនប៉ាឡេស្ទីន ។
លោក al-Houthi បានបន្ថែមថា ប្រតិបត្តិការយោធាដើម្បីគាំទ្រប្រជាជនប៉ាឡេស្ទីននឹងបន្ត ប្រសិនបើអ៊ីស្រាអែល មិនបញ្ឈប់ការកើនឡើង និងការអនុវត្តការដាក់ទណ្ឌកម្មរួម មុនពេលការអនុវត្តកិច្ចព្រមព្រៀង ។
ទោះបីជាមានការប្រកាសអំពីការបញ្ឈប់ការវាយប្រហារក៏ដោយ ប៉ុន្តែមេដឹកនាំក្រុមហ៊ូធីរូបនេះ បញ្ជាក់ថា បញ្ហាប៉ាឡេស្ទីនមិនត្រូវបានដោះស្រាយទេ ដូច្នេះជម្លោះនៅមជ្ឈិមបូព៌ានឹងបន្ត។ ក្រុមនេះនឹងសម្របសម្រួលជំហានរបស់ខ្លួនជាមួយបក្សពួកប៉ាឡេស្ទីន នៅពេលដែលកិច្ចព្រមព្រៀងឈប់បាញ់ចូលជាធរមាន។
លោក បន្តថា យើងនឹងធ្វើការដើម្បីគាំទ្រដល់ប្រជាជនប៉ាឡេស្ទីន និងផ្តល់ជំនួយដល់ពួកគេ ដរាបណាប៉ាឡេស្ទីននៅតែស្ថិតនៅក្រោមការកាន់កាប់របស់អ៊ីស្រាអែល ហើយមិនអាចដឹងពីសិទ្ធិស្របច្បាប់របស់ខ្លួន ។
គួរបញ្ជាក់ថា កិច្ចព្រមព្រៀងបទឈប់បាញ់នៅហ្គាហ្សា បានចូលជាធរមានកាលពីថ្ងៃព្រហស្បតិ៍ ដោយមានការសម្របសម្រួលពីសហរដ្ឋអាមេរិក ៕
ដោយ៖ ពេជ្រ