កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្ត ពាក់ព័ន្ធករណី លួចប្រាក់

បន្ទាយមានជ័យ ៖ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានទទួលពាក្យបណ្ដឹងរបស់ឈ្មោះ នឿន វន្នី ភេទស្រី អាយុ៤៣ឆ្នាំ រស់នៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ស្ដីពីករណីលួចប្រាក់ ប្រព្រឹត្តកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤។

លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានឱ្យដឹងថា ៖ក្រោយទទួលបានពាក្យបណ្ដឹង និងមានភស្ដុតាង(រូបភាពវីដេអូកាមេរ៉ាសុវត្ថិភាព)របស់ដើមបណ្ដឹងខាងលើ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានធ្វើពាក្យស្នើសុំបើកការស៊ើបអង្កេតបឋមមកការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្ត ដើម្បីរៀបចំនីតិវិធីបន្តទៅអយ្យការ អមសាលាដំបូងខេត្តបន្ទាយមានជ័យ។

បន្ទប់ពីទទួលបានដីកាសម្រេចឱ្យបើកការស៊ើបអង្កេតបឋមលេខ ០៨.អ.យ.ក ចុះថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥ របស់ លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា នៃអយ្យកាអមសាលាដំបូងខេត្ត កម្លាំងជំនាញកងរាជអាវុធហត្ថក្រុងបានធ្វើការកោះហៅឈ្មោះ ឡម ចិន្ដា ភេទស្រី អាយុ២៦ឆ្នាំ បច្ចុប្បន្នស្នាក់នៅភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ចូលមកឆ្លើយបំភ្លឺលើករណីរឿងហេតុខាងលើ នៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ ដោយឈ្មោះ ឡម ចិន្ដា បានឆ្លើយបដិសេធនូវទង្វើរបស់ខ្លួនដែលបានប្រព្រឹត្តដូចមានក្នុងវីដេអូកាមេរ៉ាសុវត្ថិភាពរបស់ដើមបណ្ដឹងឈ្មោះ នឿន វន្នី។

លោកវរសេនីយ៍ត្រី សុខ ឡេង បានឱ្យដឹងទៀតថា តាមការរៀបរាប់របស់ដើមបណ្ដឹងឈ្មោះ នឿន វន្នី បានរៀបរាប់ក្នុងពាក្យបណ្ដឹងថា ខ្លួនបានស្គាល់គ្នាជាឈ្មោះ ឡម ចិន្ដា អស់រយ:ពេលជាងមួយឆ្នាំកន្លងមកហើយ ព្រោះឈ្មោះ ឡម ចិន្ដា ជាអ្នកលក់ផលិតឡេលាបខ្លួន(តាមអនឡាញ)ហើយជាមូយទិញឡេពីខ្លួនទៀតផង រហូតរាប់អានគ្នាដូចបងប្អូនបង្កើត ហើយចេញ ចូលផ្ទះរបស់ខ្លួនជាញឹកញាប់ ។ រហូតដល់កំឡុងខែកញ្ញា ឆ្នាំ២០២៤ ឈ្មោះ ឡម ចិន្ដា មកសុំលក់កាហ្វេនៅមុខតូបលក់ឥវ៉ាន់របស់ខ្លួន ព្រមទាំងសន្យាជួយលក់ឥវ៉ាន់ឱ្យខ្លួនដោយមិនគិតថ្លៃឈ្នួល។ បន្ទាប់មកខ្លួនក៏សម្រេចចិត្តឱ្យលក់ជាមួយដោយគិតថាជាអ្នករាប់អានគ្នាផង។ លុះដល់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ ខ្លួនបានយកប្រាក់ចំនួន១០០០ដុល្លារ និងប្រាក់ថៃ១០០០បាត មកដាក់ក្នុងថតតុគិតលុយនៅក្នុងតូបលក់ឥវ៉ាន់ដើម្បីទុកសងគេ រហូតដល់វេលាម៉ោង១៦និង០០នាទី ថ្ងៃ ខែ ដដែលខ្លួនក៏បានទៅបើកថតតុយកលុយនោះស្រាប់តែបាត់អស់ ហើយខ្លួនបានសួរទៅឈ្មោះ ឡម ចិន្ដា ពេលនោះគេឆ្លើយថាមិនដឹង។

ក្រោយមកនៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤ ឈ្មោះ ឡម ចិន្ដា បានបបួលខ្លួនទៅលេងនៅក្រុងប៉ោយប៉ែត ក្រោយត្រឡប់មកវិញ ដល់ស្អែកឡើងមិនឃើញឈ្មោះ ឡម ចិន្ដា មកលក់កាហ្វេនៅមុខតូបរបស់ខ្លួនទៀតទេ។ ដោយមានការសង្ស័យនៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ខ្លួនបានឆែកមើលកាមេរ៉ាសុវត្ថិភាពស្រាប់តែឃើញឈ្មោះ ឡម ចិន្ដា តែងតែធ្វើសកម្មភាពលួចយកប្រាក់របស់ខ្លួនដែលទុកក្នុងថតតុនៅក្នុងផ្ទះជាប្រចាំ សរុបជាប្រាក់ដែលបាត់អស់ប្រហែល១ម៉ឺនដុល្លារអាមេរិក ទើបខ្លួនមកដាក់ពាក្យបណ្ដឹងនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងតែម្ដង។

លោកវរសេនីយ៍ត្រី សុខ ឡេង បានឱ្យដឹងទៀតថា ទោះបីឈ្មោះ ឡម ចិន្ដា មិនទទួលស្គាល់លើភស្ដុតាងរូបថតកាមេរ៉ាសុវត្ថិភាពរបស់ដើមបណ្ដឹង យ៉ាងណាក្ដី កម្លាំងជំនាញរបស់លោកនៅតែកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនមកកាន់ការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមដីកាសម្រេចឱ្យបើកការស៊ើបអង្កេតរបស់អយ្យកា អមសាលាដំបូងខេត្តផងដែរ។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឱ្យដឹងថា ការឃាត់ខ្លួនករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃពុធ ទី១៥ ខែមករា ឆ្នាំ២០២៥នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

Written by 

Related posts

Leave a Comment