បន្ទាយមានជ័យ ៖ក្រោយពីផ្ទះត្រូវភ្លើងឆេះទាំងស្រុងកាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤កន្លងទៅ ដែលជាផ្ទះប្រជាពលរដ្ឋមួយគ្រួសារនៅ ភូមិជំទាវ ឃុំឫស្សីក្រោកស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។ ក្រុមប្រតិបត្តិសាខាកាកបាទក្រហមខេត្ត សហការជាមួយអាជ្ញាធរបានធ្វើការប៉ាន់ប្រមាណ តម្រូវការរបស់គ្រួសាររងគ្រោះលោកយាយ សែម យ៉ុន អាយុ ៧៨ឆ្នាំដែលរងគ្រោះដោយភ្លើងឆេះផ្ទះ និងមានជីវភាពទីទ័លក្រ រួមនឹងទទួលបន្ទុកចិញ្ចឹមចៅចំនួនពីរនាក់ទៀត។ ដោយពិនិត្យមើលឃើញពីការលំបាកក្នុងនោះសាខាកាកបាទក្រហមខេត្តបានជួយសាងសង់ផ្ទះថ្មីមួយខ្នងដែលមានទំហំទទឹង ៤ម៉ែត្រ បណ្តោយ៦ម៉ែត្រ កម្ពស់ ៣,៨ម៉ែត្រ សង់ពីដែកប្រក់ស័ង្កសីជញ្ជាំងស័ង្កសី និងបានចាក់សាបស៊ីម៉ង់ សង់ផ្ទះផ្ទាល់ដីនិងបង្គន់អនាម័យ មួយឈុតដែលបានចំណាយថវិកាសរុបអស់ចំនួន២១៧៣ដុល្លារសហរដ្ឋអាមេរិក។
ក្រោយមកនៅរសៀលថ្ងៃទី១៤ ឆ្នាំ២០២៥ លោក អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត អស់លោកលោកស្រីក៏បានរៀបចំពិធីប្រគល់ផ្ទះជួលលោកយាយសែមជនផងដែរ។
លោក អ៊ុំ រាត្រីមានប្រសាសន៍ថា ផ្ទះថ្មីនៅចំពោះមុខយើងនេះ គឺជាផ្ទះមនុស្សធម៌របស់កាកបាទក្រហមខេត្តមានលក្ខណៈសមរម្យក៏រឹងមាំ អាចកាត់បន្ថយភាពងាយរងគ្រោះបានមួយកម្រិត។ លោកបន្តថា គិតមកដល់ពេលនេះ សាខាបានអនុវត្ត សង់ផ្ទះចំនួន១៧ផ្ទះហើយ ហើយការអនុវត្តគម្រោងសាងសង់ផ្ទះជូនគ្រួសារក្រីក្រខ្វះខាតជម្រកស្នាក់នៅនេះពិតជាបានលើកកម្ពស់តម្លៃមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ជាប្រធានដឹកនាំ។
លោក អ៊ុំ រាត្រី បានបន្ថែមថា សម្ភារថវិកាទាំងអស់ដែលសាខាកាកបាទក្រហមយកមកផ្តល់ជូនបងប្អូនក្នុងឱកាសនេះគឺបានមកពីការចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួនតាមរយៈសាខាកាកបាទក្រហមខេត្ត។ ក្រៅពីប្រគល់ផ្ទះ សាខាបានផ្ដល់នូវសម្ភារមួយចំនួនជូនលោកយាយ សែម យ៉ុន រួមមានអង្ករ៥០គីឡូក្រាមមី១កេស ត្រីខ១យួរ ទឹកត្រី១យួរទឹកសុទ្ធ៥យួរ ធុងទឹកជ័រ១ ឆ្នាំង២ ចាន៥ ស្លាបព្រា៥ កន្ទេល ជ័រ១ មុង១ ភួយ១សារុង៤ក្រមា១ និងថវិកាមួយចំនួន។
ដោយឡែកគ្រួសារក្រីក្រចាស់ជរាចំនួន ១០គ្រួសារក្នុងនោះ១គ្រួសារ ទទួលបានអង្ករ២៥គីឡូក្រាម មីមួយកេស ត្រីខ១យួរ ទឹកស៊ីអ៊ីវ១យួរ ភួយ១ក្រមា១ សារុង២ ថវិកាមួយចំនួន និងបងប្អូនដែលចូលរួមម្នាក់ៗ ទទួលបាននូវសារុង១ ក្រមា១ រួមទាំងថវិកាមួយចំនួនផងដែរ៕