ប្រជាជនកូរ៉េខាងត្បូងរាប់ពាន់នាក់ បានចាប់ផ្តើមប្រមូលផ្ដុំគ្នាក្នុងរដ្ឋធានីសម្រាប់បាតុកម្ម នៅថ្ងៃសៅរ៍នេះ ខណដែលអ្នកស៊ើបអង្កេត រៀបចំការប៉ុនប៉ងមួយផ្សេងទៀតដើម្បីចាប់ខ្លួនប្រធានាធិបតីលោក Yoon Suk Yeol ជុំវិញក្រឹត្យច្បាប់អាជ្ញាសឹករយៈពេលខ្លី ។
លោក Yoon បានរួចផុតពីដីកាចាប់ខ្លួន កាលពីសប្តាហ៍មុន បន្ទាប់ពីបរាជ័យក្នុងការដាក់ចេញច្បាប់អាជ្ញាសឹក ដែលធ្វើឱ្យកូរ៉េខាងត្បូង ធ្លាក់ចូលទៅក្នុងវិបត្តិនយោបាយដ៏អាក្រក់បំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍។
បាតុករដែលគាំទ្រ និងប្រឆាំងលោក Yoon គ្រោងនឹងប្រមូលផ្តុំគ្នាក្នុងលក្ខខណ្ឌអនុសូន្យនៅតាមដងផ្លូវសំខាន់ៗនៅកណ្តាលទីក្រុងសេអ៊ូល នៅថ្ងៃសៅរ៍នេះ ដោយមានទាំងអ្នកទាមទារឱ្យចាប់ខ្លួន និងអំពាវនាវឱ្យមានការចោទប្រកាន់លោក ។
កូរ៉េខាងត្បូង បានប្រឈមភាពតានតឹងអស់រយៈពេលជាច្រើនសប្តាហ៍ បន្ទាប់ពីលោក Yoon បញ្ជាទាហានឱ្យសម្រុកចូលសភា ដែលព្យាយាមបោះឆ្នោតទម្លាក់ច្បាប់អាជ្ញាសឹករបស់លោក។
គួរបញ្ជាក់ថា ដីកាចាប់ខ្លួនលោក Yoon របស់តុលាការ លើកទី ១ គឺមិនទទួលបានជោគជ័យនោះទេ ដោយមានការរារាំងពីសំណាក់ក្រុមអ្នកគាំទ្រលោកនៅអាគារប្រធានាធិបតី ៕
ដោយ៖ ពេជ្រ