បុរសជនជាតិថៃ ដែលជាខ្មាន់កាំភ្លើងបាញ់សម្លាប់លោក លិម គិមយ៉ា អតីតតំណាងរាស្ត្រ នៃអតីតគណបក្សសង្គ្រោះជាតិ នៅទីក្រុងបាងកក ប្រទេសថៃ ត្រូវបានសមត្ថកិច្ចកម្ពុជា ប្រគល់ឱ្យសមត្ថកិច្ចថៃហើយ នៅព្រឹកថ្ងៃទី១១ ខែមករាឆ្នាំ២០២៥នេះ តាមច្រកប៉ោយប៉ែត។ ការប្រគល់ជនជាតិថៃនេះ ភាគីកម្ពុជាដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ។
សូមជំរាបថា ជនសង្ស័យមានឈ្មោះ អេកាឡាក់ ភាណយ (Ekkalak Pheanou) ដែលត្រូវបានចាប់ខ្លួន នៅខេត្តបាត់ដំបង នារសៀលថ្ងៃទី០៨ ខែមករា ក្រោយរត់គេចចេញពីប្រទេសថៃចូលមកជ្រកកោនលើទឹកដីកម្ពុជា។
គួររំលឹកថា ករណីឃាតកម្មបាញ់សម្លាប់ជនរងគ្រោះឈ្មោះ លិម គិមយ៉ា ភេទប្រុស កើតឆ្នាំ១៩៥១ ជនជាតិខ្មែរ សញ្ជាតិបារាំង បង្កឡើងខ្មាន់កាំភ្លើង កាលពីវេលាម៉ោង ១៧:៤៥នាទី ថ្ងៃទី០៧ ខែមករា ឆ្នាំ ២០២៥ នៅចំណុចផ្លូវ ១៣ហាង សង្កាត់ប៊ូរិន និវេទវិហារ ខណ្ឌព្រះនគរ ទីក្រុងបាងកក ប្រទេសថៃ។ ក្រោយធ្វើសកម្មភាព ជនសង្ស័យបានរត់គេចខ្លួនពីទីក្រុងបាងកក ធ្វើដំណើរឆ្ពោះមកកាន់ខេត្តជាប់ព្រំដែនប្រទេសកម្ពុជា។
តាមអ្នកនាំពាក្យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រាប់សារព័ត៌មានក្នុងស្រុកថា ផ្អែកតាមសំណូមពរស្នើសុំកិច្ចសហការ និងព័ត៌មានដែលបានផ្តល់ដោយនគរបាលភូមិន្ទថៃ នគរបាលជាតិកម្ពុជា បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់រហូតនៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ១៣:៥០នាទី សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានរកឃើញ និងឃាត់ខ្លួន ជនសង្ស័យខាងលើ នៅចំណុចភូមិព្រៃស្វាយ ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង៕