ខេត្តរតនគីរី÷ រថយន្តវេអងធុនធំជនជាតិវៀតណាមចំនួន៣គ្រឿងត្រូវបានសមត្ថកិច្ចជំនាញនៃចរាចរណ៍នគរបាលខេត្តឃាត់ពាក់ព័ន្ធករណីបើកបរលើសល្បឿនកំណត់និងមិនមានឯកសារគ្រប់គ្រាន់ភ្ជាប់មកជាមួយតាមរថយន្តនោះទេ។

ការឃាត់រថយន្តខាងលើនេះ បានធ្វើឡើងនៅវេលាម៉ោង៩និង ១០នាទីយប់ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ នៅតាមបណ្ដោយផ្លូវជាតិលេខ៧៨ ស្ថិតក្នុងភូមិតាអងប៉ុក ឃុំតាអង ស្រុកកូនមុំ ខេត្តរតនគីរី។
លោក ម៉ា សំអាត នាយការិយាល័យចរាចរណ៍នៃស្នងការនគរបាលខេត្តរតនគិរី បានឲ្យដឹងតាមប្រព័ន្ធទូរស័ព្ទនៅព្រឹកថ្ងៃទី១៩មីនានេះ ថា ពាក់ព័ន្ធការឃាត់រថយន្តចំនួន៣គ្រឿងនេះ គឺដោយសារបើកបរក្នុងទីប្រជុំជនហួសល្បឿនកំណត់.!
ទី២-ដោយមិនមានឯកសារគ្រប់គ្រាន់ភ្ជាប់មកជាមួយនិងរថយន្ត មានតែលេខទូរស័ព្ទតែប៉ុណ្ណោះសម្រាប់ទាក់ទងទៅក្រុមហ៊ុន។

លោកថា សមត្ថកិច្ចជំនាញបានយករថយន្តទាំង៣គ្រឿងនេះ មកការិយាល័យចរាចរណ៍នៃស្នងការនគរបាលខេត្ត រង់ចាំព្រឹកឡើងឲ្យខាងតំណាងក្រុមហ៊ុនចម្ការចេកនៅស្រុកលំផាត់ចេះភាសាខ្មែរ មកធ្វើការដោះស្រាយ ដោយអ្នកបើកបររថយន្តនោះមិនចេះភាសាខ្មែរផង គឺហៅពួកគាត់មកនេះដើម្បីណែនាំ អប់រំ និងធ្វើកិច្ចសន្យា អ្នកបើកបររថយន្តកុំឲ្យបើកបរលឿនក្នុងទីប្រជុំជន។
ប្រជាពលរដ្ឋនៅក្នុងខេត្តរតនគិរីក៏បានលើកឡើងដែរថា រថយន្តធុនធំរបស់ជនជាតិវៀតណាមទាំងនោះចូលមកទឹកដីខ្មែរ បើកបរក្នុងល្បឿនលឿន ដោយមិនចេះគោរពច្បាប់ចរាចរណ៍នោះទេ។
ពួកគាត់សំណូមពរទៅដល់សមត្ថកិច្ចជំនាញពាក់ព័ន្ធធ្វើយ៉ាងណាឲ្យរថយន្តទាំងនេះបើកបរក្នុងល្បឿនយឺតៗបានហើយ ខ្លាចមានហានិភ័យដល់អ្នកធ្វើដំណើរតាមដងផ្លូវ៕


