ការវាយប្រហារដោយ UAV របស់អ៊ុយក្រែន ត្រូវបានរាយការណ៍ថា វាយប្រហារដោយបុកប្លុកផ្ទះល្វែងនៅក្នុងទីក្រុងមួយចំនួន និងពេញមួយយប់ថ្ងៃសៅរ៍នេះ។
អភិបាលតំបន់បាននិយាយថា យន្តហោះគ្មានមនុស្សបើកអ៊ុយក្រែនបានវាយប្រហារអគារផ្ទះល្វែងពីរក្នុងទីក្រុង Kotovsk របស់រុស្ស៊ី ចម្ងាយប្រហែល ៤៣០ គីឡូម៉ែត្រ (២៦៧ ម៉ាយ) ភាគអាគ្នេយ៍នៃទីក្រុងម៉ូស្គូ។ តាមវីដេអូពីកន្លែងកើតហេតុ បង្ហាញថា យន្តហោះគ្មានមនុស្សបើក ទំនងជាបានហោះត្រង់ ចូលទៅក្នុងបង្អួចនៃអគារប្រាំជាន់។
អភិបាលតំបន់ Tambov លោក Yevgeny Pervyshov បានសរសេរនៅលើ Telegram ថា “មនុស្សជាច្រើននាក់បានរងរបួសដោយសារកញ្ចក់បែក”។ លោកបានបន្ថែមថា ទីជម្រកមួយត្រូវបានរៀបចំសម្រាប់អ្នករស់នៅផ្ទះល្វែងដែលរងការខូចខាត។
សាក្សីបាននិយាយថា ពួកគេបានឮសំឡេងផ្ទុះខ្លាំងៗជាច្រើន រួមទាំងការផ្ទុះបន្ថែមទៀតបន្ទាប់ពីយន្តហោះគ្មានមនុស្សបើកបានបុកអគារ។ អភិបាលខេត្ត Aleksandr Gusev បាននិយាយថា យន្តហោះគ្មានមនុស្សបើកប្រមាណ ១៥ គ្រឿងត្រូវបានស្ទាក់ចាប់នៅតំបន់ Voronezh ភាគនិរតីផងដែរ។
ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកក៏ត្រូវបានគេរាយការណ៍ផងដែរនៅក្នុងទីក្រុង Anapa ដែលជាទីក្រុងទេសចរណ៍មួយនៅលើឆ្នេរសមុទ្រខ្មៅឆ្លងកាត់ពី Crimea ៕
ដោយ៖ ពេជ្រ