Trump អះអាងថានឹងជួបពិភាក្សាជាមួយលោក ពូ ទីន ឆាប់ៗនេះ

ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក Donald Trump បានថ្លែងកាលពីម្សិលមិញថា កិច្ចប្រជុំមួយកំពុងត្រូវបានបង្កើតឡើងរវាងលោក និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ហើយរំពឹងថា យើងនឹងជួបគ្នាឆាប់ៗនេះ។

លោក Trump បានថ្លែងឲ្យដឹងបែបនេះមុនពេលនៃកិច្ចប្រជុំជាមួយអភិបាលនៃគណបក្សសាធារណរដ្ឋនៅក្នុងក្លឹបវាយកូនហ្គោល Mar-a-Lago ក្នុងទីក្រុង Palm Beach រដ្ឋ Florida ។ លោកបញ្ជាក់ច្បាស់ថា “ពូ ទីនចង់ជួបជាមួយលោក …ហើយយើងកំពុងរៀបចំឲ្យមានជំនួបនោះ”។ យ៉ាងណាក៏ដោយ លោក Trump ​មិន​បាន​បញ្ជាក់នៅទ្បើយទេ​ថា​ តើការ​ប្រជុំ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ពេល​ណា ហើយនៅទីណា​នោះ​ទេ។

លោក Trump នឹងចូលកាន់តំណែងនៅថ្ងៃទី ២០ ខែមករាឆ្នាំ២០២៥នេះ ហើយលោកក៏បានរិះគន់ការផ្តល់ជំនួយឥតលក្ខខណ្ឌរបស់ប្រធានា​ធិបតី Joe Biden ទៅឲ្យទីក្រុង Kiev ហើយក្នុងអំឡុងពេលបោះឆ្នោតគាត់ក៏បានប្តេជ្ញាថានឹងបង្ខំរុស្ស៊ីនិងអ៊ុយក្រែនឱ្យចាប់ផ្តើមការចរចាឡើងវិញយ៉ាងឆាប់រហ័សដើម្បីឈានទៅការបញ្ចប់សង្រ្គាម។ 

លោក Trump ក៏បានពិពណ៌នាផងដែរអំពីមេដឹកនាំអ៊ុយក្រែនលោក ​Vladimir​ Zelensky ថាជា “អ្នកលក់ដ៏អស្ចារ្យបំផុតនៅលើផែនដីនេះ”។ ការនិយាយបែបនោះគឺសំដៅទៅលើលោក Zelenskyដែលតឺងតែស្រែកសុំឱ្យប្រទេសលោកខាងលិចផ្តល់ជំនួយផ្នែកយោធា និងហិរញ្ញវត្ថុបន្ថែមជាបន្តបន្ទាប់។

 ទោះបីជាលោក Trump មិនបានបង្ហាញពីផែនទីបង្ហាញផ្លូវច្បាស់លាស់សម្រាប់សន្តិភាពក៏ដោយ តាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបានអះអាងថាក្រុមរបស់គាត់កំពុងពិចារណាលើការបង្កកជម្លោះនៅតាមខ្សែបន្ទាត់ខាងមុខបច្ចុប្បន្ន ខណដែលផែនការនោះត្រូវបានរារាំងដោយទីក្រុងមូស្គូ។

  ថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ទីក្រុងម៉ូស្គូមិនទាន់ទទួលសំណើសម្រាប់កិច្ចប្រជុំរវាង Trump-Putin នោះនៅទ្បើយទេ។ ប៉ុន្តែលោក Peskov បាននិយាយថា សមហេតុផលណាស់ក្នុងការរង់ចាំរហូតដល់ Trump ចូលកាន់តំណែងសិន។

បេសកជន​អ៊ុយក្រែន​ដែល​ចូលជួប​​លោក Trump កាលពីថ្មីៗនេះ គឺ​លោក Keith Kellogg បាន​បង្ហាញ​ក្តី​សង្ឃឹម​ថា លោក​អាច​បញ្ចប់​កិច្ច​ព្រមព្រៀង​រវាង​រុស្ស៊ី និង​អ៊ុយក្រែន​ក្នុង​រយៈ​ពេល ១០០ ថ្ងៃ​បន្ទាប់​ពី​ថ្ងៃ​សម្ពោធចូលកាន់តំណែងប្រធានាធិបតី។  លោកក៏បានរិះគន់លោក Biden ដែលមិនបានពិភាក្សាជាមួយលោក Putin ចាប់តាំងពីឆ្នាំ ២០២២នៅពេលដែលរុស្ស៊ីចាប់ផ្តើមប្រតិបត្តិការយោធារបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment