ទូរទស្សន៍រដ្ឋស៊ីរី រាយការណ៍ថា កងកម្លាំងអ៊ីស្រាអែល បាននឹងកំពុងឈរជើងនៅសង្កាត់ al-Kiswah ភាគខាងលិចរដ្ឋធានីដាម៉ាស របស់ប្រទេសស៊ីរី។

យោងតាមប្រភព មកទល់ពេលនេះ មិនទាន់មានព័ត៌មានលម្អិតអំពីការឈ្លានពាន ឬវាយប្រហារណាមួយតាមរយៈការដាក់ពង្រាយនេះ នៅឡើយទេ។
ទន្ទឹមនឹងការដាក់ពង្រាយនេះ យោធាស៊ីរី ក៏បានរកឃើញឧបករណ៍ចាប់សម្លេងសម្ងាត់ និងកាមេរ៉ាឃ្លាំមើលនៅក្នុងតំបន់នេះផងដែរ។
ទោះជាយ៉ាងណា កាលពីថ្ងៃពុធ យន្តហោះចម្បាំងអ៊ីស្រាអែល បានវាយប្រហារទីបញ្ជាការកងទ័ពស៊ីរីនៅ al-Kiswah ភាគខាងលិចរដ្ឋធានីដាម៉ាស ដោយប្រើមីស៊ីលយ៉ាងហោចណាស់ ៦ គ្រាប់។ ការវាយប្រហារ សំដៅលើទីតាំងយោធាមួយនៅលើភ្នំ Jebel al-Mani ក្បែរក្រុងដាម៉ាស។
គួរបញ្ជាក់ថា ពេញមួយយប់ដល់ថ្ងៃពុធ យន្តហោះគ្មានមនុស្សបើករបស់អ៊ីស្រាអែល បានវាយប្រហារគោលដៅយោធាមួយនៅភាគខាងលិចនៃរដ្ឋធានីដាម៉ាស ដោយសម្លាប់ទាហាន ៦ នាក់ និងរបួស ៤ នាក់៕

ដោយ៖ ពេជ្រ