ភ្នំពេញ ៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នារសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ បានបញ្ជាក់ឲ្យដឹងថា តំណាងអយ្យការសម្រេចចោទប្រកាន់ លើអ្នកបើកបររថយន្តឈ្មោះ ណឹម ណាង ភេទប្រុស កើតឆ្នាំ១៩៨៩ (ឃាត់ខ្លួន) ពីបទ បង្កគ្រោះថ្នាក់ ចរាចរណ៍បណ្តាលឲ្យស្លាប់អ្នកដទៃ តាមបទប្បញ្ញត្តិមាត្រា ៨៥ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងបានបញ្ជូន សំណុំរឿងនេះ ទៅចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។
គួររំលឹកផងដែរថា កាលពីថ្ងៃទី ០៦ ខែ មករា ឆ្នាំ ២០២៥ វេលាម៉ោង០១និង៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង នៅចំណុចមុខច្រកចូលបុរីប៉េងហួត លើផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ រវាងរថយន្តមួយគ្រឿងម៉ាក LEXUS RX-330ពណ៌ស ផ្លាកលេខ ខេមរភូមិន្ទ 09 2.4771 ជាមួយនឹងម៉ូតូមួយគ្រឿង ម៉ាក HONDA CRF ពណ៌ខ្មៅ ផ្លាកលេខ បាត់ដំបង 1AL-9616 បណ្តាលឲ្យអ្នកបើកបរម៉ូតូឈ្មោះ ដាវិឌ ឬទ្ធិរុទ្រ ភេទប្រុស អាយុ២៤ឆ្នាំ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។