​កីឡាករ-កីឡាការិនីគុនខ្មែរ​៨រូប ទៅចូលរួមព្រឹត្តិការណ៍ការប្រកួតជើងឯកគុនខ្មែរអន្តរជាតិនៅក្រិក ​ 

កាលពីរាត្រីថ្ងៃពុធ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក តែម ម៉ឺន  អនុរដ្ឋលេខាធិការក្រសួងការពារជាតិ និង ជាប្រធានកិត្តិយសសហព័ន្ធកីឡាប្រដាល់គុនខ្មែរ  និងឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ព្រមទាំង តំណាងដៃគូឧបត្ថម្ភ សហការី  មន្រ្តីបច្ចេកទេស គ្រូបង្វឹក កីឡាករ  កីឡាការិនី របស់ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានអញ្ជើញធ្វើដំណើរ ទៅចូលរួម  ព្រឹត្តិការណ៍ ការប្រកួតជើងឯកគុនខ្មែរអន្តរជាតិកម្ពុជា-ក្រិក ឆ្នាំ២០២៤  នៅកោះ CRETE ប្រទេសក្រិក  ។

ការប្រកួតនេះនឹងធ្វើការផ្សាយតាមរយៈលើផេកផ្លូវការទូរទស្សន៍ជាតិកម្ពុជារទទក  ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK  TVK Sports Krud Energy សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ​និងបណ្តាផេកមួយចំនួនផ្សេងៗទៀតនៅថ្ងៃទី២៤ ខែវិច្ឆិកាឆ្នាំ២០២៤ ចាប់ពីម៉ោង១១យប់តទៅ។

សូមបញ្ជាក់ថា សម្រាប់កីឡាករកីឡាការិនីគុនខ្មែរទាំង៨រូបទៅប្រកួតនៅប្រទេសក្រិកលើកនេះ គឺប្រកួតដណ្តើមខ្សែក្រវ៉ាត់ចំនួន៥ខ្សែ និងពានចំនួន៣ ក្នុងនោះសមាសភាពមានដូចជា ធន់ ស្រីពេញ ប្រកួតជាមួយកីឡាការិនីប្រទេសក្រិកលើប្រភេទទម្ងន់៥២គីឡូក្រាម កីឡាករ ធន់ ស៊ីហុង ប្រកួតជាកីឡាករប្រទេសក្រិកលើប្រភេទទម្ងន់៥៧គីឡូក្រាម .កីឡាករ ស៊ន រ៉ាគីម ប្រកួតជាមួយកីឡាករក្រិកលើប្រភេទទម្ងន់៦៣.៥០០ .កីឡាករ គង់ សំបូ ប្រកួតជាមួយកីឡាករប្រទេសក្រិកលើប្រភេទទម្ង់៦៥គីឡូក្រាម. លន បញ្ញា ប្រកួតជាមួយកីឡាករ ក្រិកលើប្រភេទទម្ងន់៦៦គីឡូក្រាម .គីម វាសនា ប្រកួតជាមួយកីឡាករប្រទេសក្រិក លើប្រភេទទម្ងន់៧២គីឡូក្រាម. កីឡាករ ធន់ រិទ្ធី ប្រកួតជាមួយកីឡាករប្រទេសក្រិកលើប្រភេទទម្ងន់៧៦គីឡូក្រាម. ឡុង សុវណ្ណឌឿន ប្រកួតជាមួយកីឡាករប្រទេសក្រិកលើប្រភេទទម្ងន់៨៥គីឡូក្រាម៕

Written by 

Related posts

Leave a Comment