អ៊ុយក្រែនថា រុស្ស៊ី ប្រើប្រាស់ ICBM ជាលើកដំបូងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុង Dnipro

កងទ័ពអាកាសអ៊ុយក្រែនបានឲ្យដឹងថា រុស្ស៊ីបានបាញ់មីស៊ីលផ្លោងអន្តរទ្វីបក្នុងការវាយប្រហារមួយនៅភាគខាងកើតអ៊ុយក្រែនកាលពីថ្ងៃព្រហស្បតិ៍។ អ៊ុយក្រែនបន្ថែមថា កងកម្លាំងរុស្ស៊ីបានបាញ់មីស៊ីលប្រភេទផ្សេងៗគ្នា សំដៅលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅក្នុងទីក្រុង Dnipro ភាគខាងកើតកាលពីព្រឹកថ្ងៃព្រហស្បតិ៍  ហើយការវាយលុកនោះរួមមាន ICBM ដែលបាញ់ចេញពីតំបន់​ Astrakhan របស់រុស្ស៊ី ដែលមានចម្ងាយប្រហែល ៩០០ គីឡូម៉ែត្រពីទីក្រុង Dnipro ។

ប៉ុន្តែអ៊ុយក្រែន​អះអាង​ថា ខ្លួនក៏​បាន​បាញ់​ទម្លាក់​មីស៊ីល​ឆ្លង​ទ្វីប​ចំនួន ៦ គ្រាប់ផងដែរ តែ​មិន​បាន​និយាយ​ពី ICBM នោះទេ។

ចំណែកអភិបាលក្នុងតំបន់បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ការវាយប្រហារបានបំផ្លាញផ្ទះសម្បែង និងរោងចក្រឧស្សាហកម្មមួយ បណ្តាលឱ្យមានអគ្គីភ័យ ខណមនុស្ស២នាក់ត្រូវបានគេរាយការណ៍ថាបានរងរបួស។

ទីភ្នាក់ងារសារព័ត៌មាន Reuters រាយការណ៍ថា នេះជាលើកទីមួយហើយ ដែលរុស្ស៊ីប្រើ ICBM ប្រឆាំងនឹងអ៊ុយក្រែន ចាប់តាំងពីការឈ្លានពានបានចាប់ផ្តើមនៅឆ្នាំ ២០២២ ខណដែល ICBMs អាចផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ។ ប៉ុន្តែក៏​មាន​របាយការណ៍​ផ្ទុយ​គ្នា​អំពី​ប្រភេទ​កាំជ្រួច​ដែល​រុស្ស៊ី​បាន​ប្រើប្រាស់​ពិតប្រាកដ។ ប្រព័ន្ធផ្សព្វផ្សាយអាមេរិកមួយចំនួនបានរាយការណ៍ថា មីស៊ីលនេះគឺជាមីស៊ីលផ្លោង ប៉ុន្តែមិនមែនជា ICBM នោះទេ។ ការចុះផ្សាយបែបនោះ គឺបានយោងតាមការដកស្រង់សម្តីមន្ត្រីលោកខាងលិច។

ស្ថានទូតអាមេរិកក្នុងទីក្រុង Kyiv បានថ្លែងថា ខ្លួនបានទទួលព័ត៌មានជាក់លាក់នៃការវាយប្រហារតាមអាកាសដ៏មានសក្តានុពលមួយកាលពីថ្ងៃពុធ។  ទោះបី​ជា​​មិនមានការវាយប្រហារធំណាមួយត្រូវបានគេរាយការណ៍នៅថ្ងៃនោះក៏ដោយ ក៏មានការបារម្ភកាន់តែខ្លាំងឡើងថា រុស្ស៊ីអាចនឹងធ្វើការវាយលុកទ្រង់ទ្រាយធំប្រឆាំងនឹងអ៊ុយក្រែននៅពេលណាមួយនាពេលឆាប់ៗខាងមុខនេះ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment