ចំនួនអ្នកស្លាប់ដោយសារការវាយប្រហារដោយរថយន្តនៅថ្ងៃចូលឆ្នាំសកលនៅទីក្រុង New Orleans ភាគខាងត្បូងសហរដ្ឋអាមេរិក បានកើនឡើងដល់យ៉ាងហោចណាស់ ១៥ នាក់ហើយ ខណជនសង្ស័យក៏ត្រូវបានសម្លាប់នៅក្នុងការបាញ់ប្រហារជាមួយប៉ូលីសក្នុងហេតុការណ៍នេះផងដែរ។
ការិយាល័យស៊ើបអង្កេតសហព័ន្ធកំពុងស៊ើបអង្កេតឧប្បត្តិហេតុនេះយ៉ាងយកចិត្តទុកដាក់ ហើយបានចាត់ទុកថាជាអំពើភេរវកម្ម។ FBI បានកំណត់អត្តសញ្ញាណជនសង្ស័យដែលបើករថយន្តនោះមានឈ្មោះ Shamsud-Din Jabbar អាយុ ៤២ ឆ្នាំមកពីរដ្ឋតិចសាស់។
មន្ត្រី FBI បានប្រាប់អ្នកយកព័ត៌មានថា ទីភ្នាក់ងារមិនជឿថាអ្នកបើកបរជាអ្នកទទួលខុសត្រូវទាំងស្រុងនោះទេ ហើយយើងក៏កំពុងដុតដៃដុតជើងស៊ើបអង្កេតជនសង្ស័យពាក់ព័ន្ធទាំងអស់ រួមទាំងសហការីដែលគេស្គាល់អត្តសញ្ញាណផងដែរ។
បុរសនោះបានបើករថយន្តភីកអាប់ចូលទៅក្នុងហ្វូងមនុស្សក្នុងសង្កាត់បារាំងដ៏ពេញនិយមនៅព្រឹកព្រលឹមថ្ងៃពុធ ខណដែលតំបន់នេះសម្បូរទៅដោយមនុស្សដែលកំពុងប្រារព្ធពិធីចូលឆ្នាំថ្មី។ ប្រព័ន្ធផ្សព្វផ្សាយធំៗរបស់សហរដ្ឋអាមេរិកនិយាយថា មនុស្សរាប់សិបនាក់បានរងរបួស។
FBI បានអះអាងថា ទង់ជាតិរបស់ក្រុមរដ្ឋឥស្លាម និងអ្វីដែលមើលទៅដូចជាគ្រឿងផ្ទុះ ត្រូវបានរកឃើញនៅក្នុងរថយន្តរបស់ជនសង្ស័យ។ មន្ត្រីថា ឧបករណ៍បំផ្ទុះដ៏មានសក្តានុពលផ្សេងទៀត មាននៅសេសសល់លើទីតាំងកើតហេតុ។ FBI បានបន្តថា ខ្លួនកំពុងធ្វើការដើម្បីកំណត់ថាតើជនសង្ស័យមានទំនាក់ទំនងជាមួយក្រុមណា និងថាតើគាត់មានសហការីដែរឬទេ៕
ដោយ៖ ពេជ្រ