ខេត្តស្វាយរៀង៖នៅថ្ងៃព្រហស្បតិ៍ទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀងតំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត និងឯកឧត្តម ម៉ម វណ្ណៈ រដ្ឋលេខាធិការក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តំណាងឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជាធិបតីនៅក្នុងពិធីប្រជុំផ្សព្វផ្សាយច្បាប់និងលិខិតបទដ្ឋានគតិយុត្តិក្នុងវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ខេត្តស្វាយរៀង។

ពិធីនេះមានការអញ្ជើញចូលរួមក្នុងរួមពី លោក ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្វាយរៀង, លោកប្រធានមន្ទីរព័ត៌មានខេត្ត, រួមទាំងសិក្ខាកាមដែលបានអញ្ជើញចូលរួមសរុបប្រមាណជាង១០០នាក់ផងដែរ។
លោកអភិបាលរងបានថ្លែងថា កម្មករ កម្មការិនីនៅក្នុងខេត្តស្វាយរៀងរបស់យើង គឺមានការកើនឡើងគួរឱ្យកត់សម្គាល់ ដោយសារតែកត្តាសុខសន្តិភាពការអភិវឌ្ឍន៍ និងបង្កើតថ្មីទៀតនូវរោងចក្រសហគ្រាស ជាពិសេសគឺតំបន់សេដ្ឋកិច្ចពិសេសកំពុងតែដំណើរការយ៉ាងមមារញឹកជាហេតុធ្វើឱ្យបងប្អូនកម្មករ កម្មការិនី របស់យើងធ្វើការងារបានជាប់លាប់ជាប្រចាំថ្ងៃ។

ឯកឧត្តមបានផ្ដាំផ្ញើទៅបងប្អូនកម្មករកម្មការិនី ត្រូវថែរក្សាសុខភាពឱ្យបានល្អ ពីមួយថ្ងៃទៅមួយថ្ងៃ ជាពិសេសគឺកាត់បន្ថយការហូបគ្រឿងកំប៉ុងដែលមានជាតិផ្អែម។
ឯកឧត្តមបានបន្ថែមថា យុវជន បងប្អូនទាំងអស់ត្រូវជៀសវាងឱ្យឆ្ងាយពីគ្រឿងញៀនហើយត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានគ្រប់ៗគ្នា នៅក្នុងការធ្វើដំណើរ។
ឯកឧត្តម ម៉ម វណ្ណៈ រដ្ឋលេខាធិការក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកឡើងយ៉ាងទទូចថា សូមឱ្យបងប្អូនទាំងអស់គ្នា ជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយពីអត្ថប្រយោជន៍នៃ ប.ស.ស និងការបណ្តុះបណ្តាលវិជ្ជាជីវៈ និងចូលរួមប្រើប្រាស់ឱ្យបានគ្រប់ៗគ្នា ព្រោះប.ស.ស បានកាត់បន្ថយការចំណាយរបស់បងប្អូនច្រើនណាស់ក្នុងជីវភាពជាប្រចាំថ្ងៃ។

យោងតាមរបាយការណ៍របស់លោក អ៊ូ សុខឿនប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្វាយរៀងបានបញ្ជាក់ថា គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៥នេះ មានតំបន់សេដ្ឋកិច្ចពិសេសចំនួន ១២ កន្លែងបាននឹងកំពុងដំណើរការចំនួន ១១ កន្លែងដែលមានសហគ្រាសគ្រឹះស្ថានដែលបានចុះបញ្ជីសរុបចំនួន ១០១៤ កន្លែង មានកម្មករនិយោជិតសរុបចំនួន ១៣៤,៧១១ នាក់ ស្រីចំនួន ៧៧,៥៩៩នាក់ ក្នុងនោះមានកម្មករនិយោជិតខ្មែរចំនួន ១៣២,៦៣៣នាក់ ស្រីចំនួន ៥៩,៧០៦នាក់ បរទេសសរុបចំនួន ២,០៧៨នាក់ ស្រី៩៩០នាក់។
អនុវត្តតាមផែនការយុទ្ធសាស្ត្ររបស់ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានដាក់ចេញនូវយុទ្ធសាស្ត្រអទិភាពចំនួន ៥ រួមមាន:
១. ការអភិវឌ្ឍន៍លក្ខខណ្ឌការងារនិងសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ
២. ការអភិវឌ្ឍន៍ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ
៣. អភិវឌ្ឍន៍មុខរបរ និងការងារ
៤. អភិវឌ្ឍរបបសន្តិសុខសង្គមសម្រាប់ជនទាំងឡាយដែលស្ថិតក្រោមបទបញ្ញត្តិនៃច្បាប់ស្ដីពីការងារ
៥. ការពង្រឹងអភិបាលកិច្ចល្អ៕គឹមសេង



