រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោល Joe Biden ត្រូវបានគេរំពឹងថានឹងប្រកាសនៅសប្តាហ៍ក្រោយនេះថា អាមេរិកនឹងបញ្ជូនជំនួយផ្នែកយោធាចំនួន ១.២៥ ពាន់លានដុល្លារទៅកាន់ប្រទេសអ៊ុយក្រែន បន្ថែមទៀត។ នេះបើតាមសារព័ត៌មាន Associated Press បានរាយការណ៍ដោយដកស្រង់សម្តីមន្ត្រីអាមេរិក។
កញ្ចប់ជំនួយថ្មីដល់ក្រុងគៀវនេះ រួមមានបរិមាណគ្រាប់រំសេវជាច្រើន រួមទាំងជំនួយសម្រាប់ប្រព័ន្ធមីស៊ីលលើផ្ទៃអាកាសកម្រិតខ្ពស់ (NASAMS) និងប្រព័ន្ធការពារដែនអាកាស HAWK ។ ក្នុងនោះក៏នឹងផ្តល់កាំជ្រួច Stinger និងកាំភ្លើងធំ 155mm និង 105mm ផងដែរ។
ភ្នាក់ងារសារព័ត៌មានដដែលបានកត់សម្គាល់ថា មន្ត្រីដែលបានទំលាយឲ្យដឹងពីកញ្ចប់ជំនួយនោះក៏បានបញ្ជាក់ដែរថា កញ្ចប់ជំនួយនោះនឹងត្រូវប្រប្រកាសនៅថ្ងៃចន្ទសប្តាហ៍ក្រោយ ប៉ុន្តែព័ត៌មានលម្អិតនៃកញ្ចប់ជំនួយមិនទាន់ត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅទ្បើយទេ៕
ដោយ៖ ពេជ្រ