ក្រុមមន្ត្រីបានឲ្យដឹងថា មន្ត្រីគយនៅអាកាសយានដ្ឋាន Sheremetyevo នៃទីក្រុងមូស្គូ បានរារាំងការប៉ុនប៉ងរត់ពន្ធបំណែកភ្លុកដំរីដែលមានទម្ងន់ជិត ៤០ គីឡូក្រាម ចេញពីប្រទេស។ ស្ថាប័នអនុវត្តច្បាប់របស់រុស្ស៊ីកំពុងប្រយុទ្ធប្រឆាំងនឹងការជួញដូរឆ្អឹង ដែលពេលខ្លះគេដាក់ឈ្មោះថា “ភ្លុកទឹកកក”។ ពួកវាត្រូវបានគេចាត់ទុកថាជាផ្នែកមួយនៃបេតិកភណ្ឌវប្បធម៌របស់រុស្ស៊ី ហើយជាធម្មតាត្រូវបានគេរកឃើញពី permafrost នៃតំបន់ស៊ីបេរី។
សេវាគយសហព័ន្ធរុស្ស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ថា ជនជាតិចិនអាយុ ៣៥ ឆ្នាំម្នាក់ត្រូវបានចាប់ខ្លួនដោយព្យាយាមរត់ពន្ធបំណែកភ្លុកដំរីជាង ៣,៣០០ ដែលមានតម្លៃជាង ១ លានរូប្លែ (ប្រហែល ១០,០០០ ដុល្លារ) ឆ្លងកាត់ព្រំដែន។
ជនសង្ស័យកំពុងធ្វើដំណើរទៅកាន់ខេត្តក្វាងចូវ ប្រទេសចិន ហើយបានអះអាងថា គាត់មានបំណងប្រើប្រាស់បំណែកភ្លុកដំរីដើម្បីធ្វើជាវត្ថុអនុស្សាវរីយ៍ប៉ុណ្ណោះ។ សេចក្តីថ្លែងការណ៍បាននិយាយថា គាត់ដូចជាច្រឡំតម្លៃរបស់ភ្លុកដំរីនោះដោយគិតថាវាមានតម្លៃយ៉ាងច្រើនក្រោម៣០០,០០០ rubles ($៣,០០០) ប៉ុណ្ណោះ។ ទន្ទឹមនោះគាត់ក៏មិនបានដឹងថា ការនាំចេញភ្លុកជាការបំពានច្បាប់នាំចេញនោះទេ។
តាមការវាយតម្លៃរបស់ក្រសួងវប្បធម៌របស់រុស្ស៊ីបានបញ្ជាក់ថា វត្ថុដែលរឹបអូសបានត្រូវបានចាត់ថ្នាក់ជាវប្បធម៌ដ៏សំខាន់របស់ជាតិ។ បច្ចុប្បន្ន បុរសសង្ស័យនេះកំពុងប្រឈមនឹងការចោទប្រកាន់ពីបទរត់ពន្ធទ្រង់ទ្រាយធំ។ មន្ត្រីគយបាននិយាយថា ប្រសិនត្រូវកាត់ទោស គាត់អាចនឹងជាប់ពន្ធនាគាររហូតដល់ ៥ឆ្នាំឯណោះ។
ឈ្មួញនៅក្នុងទីផ្សារផ្សេងៗ រួមទាំងនៅក្នុងប្រទេសចិន ទិញភ្លុកដំរីដោយខុសច្បាប់សម្រាប់ប្រើប្រាស់ក្នុងសិល្បៈ និងគ្រឿងអលង្ការ។ ការនាំចេញវត្ថុបុរាណបុរាណពីរុស្សីដោយស្របច្បាប់ ទាមទារឲ្យមានអាជ្ញាប័ណ្ណស្របច្បាប់ពីក្រសួងវប្បធម៌៕
ដោយ៖ ពេជ្រ