រដ្ឋមន្ត្រីក្រសួងវប្បធម៌អញ្ជើញចូលរួមក្នុងពិធីប្រគល់រង្វាន់ដល់សិស្សទទួលបានជ័យលាភីនិទ្ទេសA ចំនួន៥៤នាក់ខេត្ត

ខេត្តស្វាយរៀង៖ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បះ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង
ឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញចូលរួមក្នុងពិធីប្រគល់រង្វាន់ដល់សិស្សទទួលបាននិទ្ទេសA ក្នុងឆ្នាំសិក្សា២០២៤-២០២៥ ចំនួន៥៤នាក់។

ពិធីនេះបានរៀបចំឡើងនៅសាលប្រជុំអាគារ ឃ សាលាខេត្ត ដែលចូលរួមពីឯកឧត្តម លោកជំទាវប្រតិភូអមដំណេីរ​ លោកអភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត តំណាងក្រុមហ៊ុន សប្បុរសជន លោកអភិបាលក្រុង-ស្រុកទាំង៨ លោក លោកស្រីប្រធានការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង-ស្រុកទាំង៨​ លោកនាយកវិទ្យាល័យដែលសិស្សានុសិស្សទទួលបាននិទ្ទេសA ចំនួន៥៤ នាក់។

លោកជំទាវបណ្ឌិតសភាចារ្យបានថ្លែងនូវការចូលរួមអបអរសាទរជាមួយមាតាបិតា អាណាព្យាបាល និងប្អូនៗសិស្សានុសិស្សទាំង៥៤រូប ដែលប្រឡងជាប់ទទួលបាននិទ្ទេស A ក្នុងសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ តាមរយៈលទ្ធផលប្រឡងនៅក្នុងខេត្តស្វាយរៀងឆ្នាំនេះគឺទទួលបានលទ្ធផលល្អប្រសើរដោយមានអត្រាសិស្សប្រឡងជាប់សរុបប្រមាណ​ ៨០.៩២% ទទួលបាននិទ្ទេស A ចំនួន៥៤នាក់។

លោកជំទាវបណ្ឌិតសភាចារ្យបន្តថា​ ក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង​ សូមសម្ដែងនូវការអរគុណ ចំពោះមាតាបិតា អាណាព្យាបាលសិស្ស ដែលបានលើកទឹកចិត្ត ជំរុញ តាមដាន និងចូលរួមគាំទ្រគ្រប់សកម្មភាពទាំងឡាយ នៃការសិក្សាកូនចៅរបស់ខ្លួន និងអគុណចំពោះគណៈគ្រប់គ្រងសាលា ព្រមទាំងលោកគ្រូ អ្នកគ្រូទាំងអស់ដែលបានខិតខំយកចិត្តទុកដាក់បង្រៀនសិស្សឲ្យទទួលបានលទ្ធផលដ៏ល្អប្រសើរបែបនេះ ។

លោកជំទាវក៏បានផ្ដាំផ្ញើដល់ប្អូនៗសិស្សានុសិស្សទាំងអស់ ត្រូវចេះតស៊ូអំណត់ព្យាយាម ដោយយកចិត្តទុកដាក់រៀនសូត្រឲ្យបានពូកែថែមទៀតនៅពេលរៀនបន្តនៅថ្នាក់មហាវិទ្យាល័យ។
–  ត្រូវធ្វើជាកូនល្អ សិស្សល្អ មិត្តល្អ និងធ្វេីអំពើណាដែលល្អ ព្រមទាំងមានផលប្រយោជន៍ដល់សង្គមជាតិ។
–  ត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀន និងគ្រឿងស្រវឹងគ្រប់ប្រភេទ និងចៀសវាងឲ្យបាននូវអំពើអបាយមុខផ្សេងៗ ជាពិសេសល្បែងស៊ីសងជាដើម។
–  ត្រូវបន្តប្រតិបត្តិខ្លួនជាកូនល្អ សិស្សនិស្សិតល្អ និងមិត្តភក្ដិល្អ និងអភិវឌ្ឍន៍ខ្លួនឲ្យក្លាយជាយុវជន ដែលប្រកបដោយគុណសម្បត្តិបួនយ៉ាង គឺបញ្ញា សីលធម៌ សុជីវធម៌ និងកាយសម្បទាមាំមួន។
–  ត្រូវចូលរួមគោរពប្រតិបត្តិច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួនដើម្បីសុវត្ថិភាពខ្លួនឯងផង និងអ្នកដទៃផង “បើធ្វើដំណើរតាមម៉ូតូ ត្រូវពាក់មួកសុវត្ថិភាព បើធ្វើដំណើរតាមរថយន្តត្រូវពាក់ខ្សែក្រវ៉ាត់ឲ្យបានត្រឹមត្រូវ” ។
ជាចុងបញ្ចប់នៃពិធីនេះ លោកជំទាវបណ្ឌិតសភាចារ្យ​ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត​ ឯកឧត្តម​អភិបាលខេត្ត​ បានចែករង្វាន់ជូនដល់ប្អូនៗដែលប្រឡងជាប់និទ្ទេសA ទាំង៥៤នាក់ ក្នុងម្នាក់ៗទទួលបាន៖ ម៉ូតូម៉ាក HONDA WAVE ស៊េរី២០២៥ ចំនួន១គ្រឿង មួកសុវត្ថិភាពចំនួន០១ និងថវិកា ២០០,០០០ រៀល។ ទន្ទឹមនោះលោក លោកស្រីប្រធានការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលក្រុង-ស្រុកទាំង៧ ក្នុងម្នាក់ៗទទួលបានថវិកា២០០.០០០រៀល និងនាយកវិទ្យាល័យទាំង១៥​ ក្នុងម្នាក់ៗទទួលបានថវិកា ៣០០,០០០ រៀល ផងដែរ៕គឹមសេង

Written by 

Related posts

Leave a Comment