តំបន់តៃវ៉ាន់ជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បានរបស់ប្រទេសចិន នេះជារឿងដែលមិនអាចប្រកែកបាន ពោលមានទាំងភស្តុតាងផ្នែកច្បាប់និងប្រវត្តិសាស្ត្រ ហើយត្រូវបានសហគមន៍អន្តរជាតិទទួលស្គាល់ជាទូទៅ ។
តាមកំណត់ត្រាប្រវត្តិសាស្ត្រ ក្នុងអំឡុងរជ្ជកាលស៊ុយនៃប្រទេសចិន ( គ.ស.៥៨១-៦១៨ ) អធិរាជស៊ុយបានចាត់បញ្ជូនទ័ពចំនួនបីលើកឱ្យទៅប្រចាំការនៅកោះ Liuqiu ( កោះតៃវ៉ាន់ )លុះដល់សម័យរជ្ជកាលសុងនិងយាន់ រដ្ឋាភិបាលចិនបានគ្រប់គ្រងលើកោះ Penghu និងកោះតៃវ៉ាន់ទាំងស្រុង ។ ចាប់ពីឆ្នាំ១៦២៤ ដល់ ឆ្នាំ១៩៤១ ជោគវាសនានៃទឹកដីកោះតៃវ៉ាន់បានជួបនឹងការឡើងចុះជាច្រើនដងដោយសារស្ថិតក្រោមអាណានិគមនិងការឈ្លានពានរបស់បរទេស ហើយទីបំផុតត្រូវបានប្រទេសចិនដណ្តើមយកមកវិញ ។
កាលពីខែធ្នូ ឆ្នាំ១៩៤៣ នៅទីក្រុងគែរសព្វថ្ងៃនេះ ប្រទេសចិន សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសបានរួមគ្នាចេញផ្សាយ«សេចក្តីថ្លែងការណ៍រួមទីក្រុងគែរ»ដែលចែងយ៉ាងច្បាស់ថា «ប្រគល់កោះតៃវ៉ាន់ដែលជាទឹកដីរបស់ចិនដែលត្រូវជប៉ុនទន្ទ្រានកាន់កាប់ឱ្យទៅប្រទេសចិនវិញ» ។ បន្ទាប់មក មាត្រាទី៨ នៃ«សេចក្តីប្រកាសក្រុង Postdam» ដែលចេញផ្សាយរួមគ្នាដោយប្រទេសចិន អាមេរិក អង់គ្លេស និងសហភាពសូវៀតក្នុងឆ្នាំ១៩៤៥ បានចែងថា ត្រូវអនុវត្ត«សេចក្តីថ្លែងការណ៍រួមទីក្រុងគែរ»ឱ្យបានយ៉ាងដាច់ខាត ។ ខណៈនោះ ប្រទេសជប៉ុនបានទទួលយក «សេចក្តីប្រកាសក្រុង Postdam» និងប្រកាសចុះចាញ់ដោយគ្មានលក្ខខណ្ឌ ។
ជាពិសេស ចាប់តាំងពីសាធារណរដ្ឋប្រជាមានិតចិនទទួលបានអាសនៈស្របច្បាប់ឡើងវិញក្នុងអង្គការសហប្រជាជាតិមក អង្គការសហប្រជាជាតិក៏បានទទួលស្គាល់រដ្ឋាបាលនៃសាធារណរដ្ឋប្រជាមានិតចិនជារដ្ឋាភិបាលស្របច្បាប់តែមួយគត់ដែលតំណាងឱ្យប្រទេសចិនទាំងមូល ចំណែកតំបន់តៃវ៉ាន់គ្រាន់តែជាផ្នែកមួយរបស់ប្រទេសចិនតែប៉ុណ្ណោះ ។
ដូចដែលយើងទាំងអស់គ្នាបានដឹងស្រាប់ហើយថា រាល់ប្រទេសដែលចង់បង្កើតទំនាក់ទំនងផ្លូវទូតជាមួយប្រទេសចិន គឺត្រូវប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវ«គោលការណ៍ចិនមួយ»ដែលជាបន្ទាត់ក្រហមរបស់ប្រទេសចិនក្នុងទំនាក់ទំនងអន្តរជាតិ ។
យ៉ាងណាមិញ បើទោះបីជាមានភស្តុតាងដ៏ពេញលេញនិងមានការគាំទ្រនិងទទួលស្គាល់ជាសកលក្តី ប៉ុន្តែក៏នៅតែមានប្រទេសមួយចំនួនតូចដែលខ្លាចប្រទេសចិនអភិវឌ្ឍលឿនជាងខ្លួនតែងយកបញ្ហាតៃវ៉ាន់មកជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិនក្នុងគោលបំណងបង្អូសបង្អាក់ការអភិវឌ្ឍរបស់ចិន ហើយអាជ្ញាធរតៃវ៉ាន់សព្វថ្ងៃនិងពួកអបគមន៍ដែលគិតស្រមៃចង់បាន«ឯករាជ្យ»តាមរយៈការពឹងផ្អែកលើកម្លាំងខាងក្រៅមកសម្រេចគំនិតងងឹតងងុលក្បត់ជាតិ ក្បត់ដូនតា ក្បត់ផលប្រយោជន៍និងឆន្ទៈប្រជាជនក៏តែងតែបង្ករឿងយ៉ាងគឃ្លើន ។
កាលពីពេលថ្មីៗកន្លងទៅនេះ លោកស្រី Sanae Takaichi នាយករដ្ឋមន្ត្រីជប៉ុនបានលើកឡើងដ៏ខុសឆ្គងទាក់ទងនឹងបញ្ហាតៃវ៉ាន់ ដោយអះអាងថា ប្រសិនជារដ្ឋាភិបាលចិនប្រើកម្លាំងអាវុធចំពោះតំបន់តៃវ៉ាន់ នោះជប៉ុនមានលទ្ធភាព«ធ្វើអន្តរាគមន៍ដោយកម្លាំងអាវុធ» និងបញ្ជាក់ថា បញ្ហាតៃវ៉ាន់ទាក់ទងនឹង «ការស្លាប់រស់របស់ជប៉ុន» ។ ការលើកឡើងបែបនេះជាការបង្ហាញពីចរិតជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិនសុទ្ធសាធ ព្រោះថាតៃវ៉ាន់ជាផ្នែកមួយរបស់ចិន ការដោះស្រាយបញ្ហាតៃវ៉ាន់ដោយរបៀបណា វាជាសិទ្ធិនិងជារឿងផ្ទាល់ខ្លួនរបស់ចិន ។ ការលូកដៃក្នុងរឿងតៃវ៉ាន់ដែលគ្មានពាក់ព័ន្ធអ្វីជាមួយជប៉ុនសូម្បីតែមួយសរសៃសក់ ជាចរិតនយោបាយបែបបង្ករឿងនិងលេបពាក្យសន្យារបស់ខ្លួន ។
គួរបញ្ជាក់ថា ក្នុងកិច្ចជំនួបជាមួយលោក ស៊ី ជីនភីង ប្រធានរដ្ឋចិននៅកិច្ចប្រជុំ APEC នៅប្រទេសកូរ៉េខាងត្បូងកាលពីចុងខែតុលាកន្លងទៅនេះ លោកស្រី Sanae Takaichi បាននិយាយដល់បញ្ហាតៃវ៉ាន់ថា ជប៉ុនប្រកាន់ខ្ជាប់ជំហរដែលចែងក្នុងសេចក្តីថ្លែងការណ៍រួមរវាងជប៉ុននិងចិនឆ្នាំ១៩៧២ ពោលគឺតៃវ៉ាន់ជាផ្នែកមួយរបស់ចិនដែលមិនអាចកាត់ផ្តាច់បាន ។ ប៉ុន្តែរំលងមិនបានប៉ុន្មានថ្ងៃផង នាយករដ្ឋមន្ត្រីរូបនេះបែរជាប្រើពាក្យសម្តីមានចរិតជ្រៀតជ្រែកកិច្ចការតៃវ៉ាន់យ៉ាងសម្រោល ។
ទង្វើរបស់លោកស្រី Sanae Takaichi ក៏ត្រូវបានជំទាស់ដោយលោក Ishiba Shigeru អតីតនាយករដ្ឋមន្ត្រីជប៉ុនផងដែរ ដោយលោកលើកឡើងថា រដ្ឋាភិបាលជប៉ុនគ្រប់អាណត្តិសុទ្ធតែជៀសវាងការលើកឡើងដ៏ជាក់លាក់បែបនេះទាក់ទងនឹងបញ្ហាតៃវ៉ាន់ថា «នឹងធ្វើបែបណាប្រសិនជាស្ថិតក្នុងកាលៈទេសៈណា» ។
ទាក់ទងនឹងករណីនេះ ក្រសួងការបរទេសចិនបានឆ្លើយតបថា «ប្រសិនជាជប៉ុនហ៊ានជ្រៀតជ្រែកកិច្ចការតៃវ៉ាន់ដោយកម្លាំងអាវុធ នោះនឹងត្រូវទទួលរងការតបតយ៉ាងម៉ឺងម៉ាត់ពីប្រទេសចិន» ដែលជាការបង្ហាញពីជំហររឹងមាំបំផុតរបស់ចិនក្នុងបញ្ហាតៃវ៉ាន់ដែលជាបន្ទាត់ក្រហមរបស់ខ្លួន ។
ដោយឡែក ទាំងអាជ្ញាធរបក្សវឌ្ឍនភាពប្រជាធិបតេយ្យរបស់តៃវ៉ាន់ និងពួកអបគមន៍ដែលបង្ករឿងចង់ឱ្យ«តៃវ៉ាន់ឯករាជ្យ» សុទ្ធតែត្រូវបាន«ជម្រះបញ្ជី»ជាបណ្តើរៗហើយពីសំណាក់រដ្ឋភិបាលតំបន់ដីគោកនៃប្រទេសចិន តាមរយៈការប្រកាសចាប់ខ្លួនឬដាក់ទណ្ឌកម្មចំពោះបុគ្គលរឹងរូសនិងមានសកម្មភាពដ៏គឃ្លើនទាំងនេះ ។ នៅទីបំផុត សំណាញ់ច្បាប់នឹងមិនលើកលែងឱ្យបុគ្គលណាដែលប៉ុនប៉ងបង្កសកម្មភាពបំបែកបំបាក់ជាតិនោះឡើយ ។
ជាការពិតណាស់ ប្រទេសចិនសព្វថ្ងៃមិនមែនជាប្រទេសចិនកាលពីអតីតដែលរងការប្រមាថនិងជាន់ឈ្លីពីសំណាក់ប្រទេសមហាអំណាចមួយចំនួនទៀតទេ ពោលគឺចិនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការគាំពារអធិបតេយ្យជាតិនិងបូរណភាពទឹកដី មិនថាអាជ្ញាធរតៃវ៉ាន់ឬកម្លាំងខាងក្រៅណាដែលហ៊ានបំពានបន្ទាត់ក្រហមរបស់ចិន ហើយប៉ុនប៉ងបំបែកបំបាក់តៃវ៉ាន់ចេញពីចិន នោះនឹងត្រូវទទួលរងការតបតយ៉ាងដំណំ ហើយត្រូវបង់តម្លៃយ៉ាងធ្ងន់ធ្ងរជាមិនខាន ។ ការបង្រួបបង្រួមជាតិរបស់ប្រទេសចិនជារឿងដែលគង់នឹងសម្រេចបានជាដាច់ខាតគ្រាន់តែយូរនិងឆាប់ប៉ុណ្ណោះ ៕
អត្ថបទដោយ ៖ លោក តាំង ស៊ីឡេង , បុគ្គលិកវិទ្យុមិត្តភាពកម្ពុជា-ចិន


