វិនិយោគិនចិនស្វែងរកឱកាសវិនិយោគក្នុងវិស័យកែច្នៃកសិផល

លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា អមដោយសហការី បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូវិនិយោគិនចិន តំណាងដោយលោកស្រី ចូវ ហួយថុង អគ្គនាយករងក្រុមហ៊ុន ចុងខឺប៉ីហ្វាង មកពីទីក្រុង សិនយ៉ាង ខេត្ត លាវនីង សាធារណរដ្ឋប្រជាមានិតចិន។ ក្រុមហ៊ុន ចុងខឺប៉ីហ្វាង ជាក្រុមហ៊ុនដែលមានសកម្មភាពធុរកិច្ចក្នុងវិស័យកសិកម្មជាយូរឆ្នាំមកហើយ។

លោកអគ្គលេខាធិការបានសម្តែងនូវការស្វាគមន៍ចំពោះគណៈប្រតិភូ និងបានគូសរំលេចពីកំណើននៃរំហូរវិនិយោគនៅកម្ពុជាជារួម ជាពិសេស កំណើនៃរំហូរវិនិយោគចិនមកកម្ពុជាក្នុងរយៈពេលប្រមាណ១ទសវត្សរ៍ចុងក្រោយនេះ ដែលប្រភពទុនពីប្រទេសចិនជាប់ចំណាត់ថ្នាក់លេខ១ ឬលេខ២ ជារៀងរាល់ឆ្នាំ។ លោកក៏បានធ្វើអត្ថាធិប្បាយអំពីបរិយាកាស និងរបបវិនិយោគកម្ពុជាដែលមានភាពអំណោយផល និងបើកចំហសម្រាប់វិនិយោគិនដោយគ្មានរើសអើង។

លោកស្រី ចូវ ហួយថុង បានបញ្ជាក់ថា លោកស្រីបានធ្វើការសិក្សាពីកាលានុវត្តភាពវិនិយោគនៅកម្ពុជាអស់រយៈពេលប្រមណ ២ឆ្នាំមកហើយ។ នៅពេលនេះ ក្រុមហ៊ុនមានបំណងបណ្តាក់ទុនវិនិយោគក្នុងវិស័យឧស្សាហកម្មកែច្នៃផលិតផលកសិកម្មសម្រាប់ទីផ្សារក្នុងស្រុក និងការនាំចេញ។

 លោកអគ្គលេខាធិការ ក៏បានបង្ហាញនូវការស្វាគមន៍ចំពោះគម្រោងវិនិយោគរបស់ក្រុមហ៊ុន ហើយបានជម្រាបជូនថា វិស័យកសិកម្មជាវិស័យអាទិភាព និងមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា។ មួយវិញទៀត កម្ពុជាមានដំណាំយុទ្ធសាស្រ្តជាច្រើន ដូចជា ស្រូវ ដំឡូងមី និងស្វាយចន្ទី ជាដើម ដែលទាមទារឱ្យមានការវិនិយោគកែច្នៃក្នុងស្រុកដើម្បីបង្កើតតម្លៃបន្ថែម។  លោកក៏បានជំរុញលើកទឹកឱ្យក្រុមហ៊ុនរួសរាន់សម្រេចចិត្តបណ្តាក់ទុនវិនិយោគ ដើម្បីច្បាមយកផលចំណេញឱ្យបានឆាប់៕

Written by 

Related posts

Leave a Comment