ផែនការប្រាំឆ្នាំទី ១៥ របស់ចិន បង្ហាញពីទិសដៅអភិវឌ្ឍន៍ប្រកបដោយគុណភាពខ្ពស់ ដែលនឹងជំរុញនវានុវត្តន៍សកល និងកិច្ចសហប្រតិបត្តិការអន្តរជាតិ

នាពេលថ្មីៗនេះ សម័យប្រជុំពេញអង្គលើកទី៤ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនលើកទី២០ បានបិទបញ្ចប់ដោយជោគជ័យ ជាមួយនឹងការអនុម័តលើសេចក្តីព្រាង “ផែនការប្រាំឆ្នាំ លើកទី១៥ (២០២៦–២០៣០)” ដែលជាឯកសារអភិវឌ្ឍជាតិដ៏សំខាន់របស់ចិនសម្រាប់រយៈពេលប្រាំឆ្នាំខាងមុខ។

ផែនការនេះ មិនត្រឹមជាផែនទីចង្អុលផ្លូវសម្រាប់ប្រជាជន និងរដ្ឋាភិបាលចិនឆ្ពោះទៅសម្រេចគោលដៅសតវត្សរ៍ទីពីរ ក្នុងការកសាងប្រទេសសង្គមនិយមទំនើបដ៏អស្ចារ្យលើគ្រប់វិស័យទេ តែថែមទាំងនឹងក្លាយជាកម្លាំងចលករដ៏សំខាន់ ក្នុងការរក្សាស្ថិរភាពកំណើនសេដ្ឋកិច្ច និងជំរុញការអភិវឌ្ឍសកល ស្របពេលដែលពិភពលោកកំពុងប្រឈមនឹងការកើនឡើងភាពមិនច្បាស់លាស់ និងឯកតោភាគីនិយម។

យោងតាមសេចក្តីប្រកាសរួមនៃសម័យប្រជុំពេញអង្គខាងលើ រដ្ឋាភិបាលចិននឹងផ្តល់សារៈសំខាន់កាន់តែខ្លាំងថែមទៀត ដល់ការជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ដោយផ្តោតលើការអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មី និងការលើកកម្ពស់ការពឹងផ្អែកលើខ្លួនឯងផ្នែកបច្ចេកវិទ្យា។ ទិសដៅថ្មីនេះ ត្រូវបានមើលឃើញថាជាការបន្តនូវស្មារតីនៃផែនការប្រាំឆ្នាំទី១៤ (២០២០-២០២៥) ហើយនឹងនាំមកនូវវឌ្ឍនភាពថ្មីៗបន្ថែមទៀតសម្រាប់តំបន់ និងពិភពលោកទាំងមូល។

បើក្រឡេកមើលទៅរយៈពេលប៉ុន្មានទស្សវត្សរ៍ចុងក្រោយនេះ សហគមន៍អន្តរជាតិបានមើលឃើញយ៉ាងច្បាស់ និងទទួលស្គាល់រួចហើយនូវសន្ទុះអភិវឌ្ឍន៍ដ៏គួរឱ្យកត់សម្គាល់ និងការរួមចំណែកដ៏មានតម្លៃរបស់ប្រទេសចិនដល់ការអភិវឌ្ឍសកល។ តាមរយៈការអនុវត្តផែនការប្រាំឆ្នាំ នាពេលកន្លងមក ប្រទេសចិនបានរំដោះប្រជាជនចិនជាង ៨០០ លាននាក់ ចេញពីភាពក្រីក្រ ជំរុញសន្ទុះកំណើនសេដ្ឋកិច្ច និងបានក្លាយជាក្បាលម៉ាស៊ីនដ៏សំខាន់ដែលរួមចំណែកប្រមាណ ៣០% ដល់កំណើនសេដ្ឋកិច្ចសកល។

សមិទ្ធិផលទាំងនេះ មិនមែនកើតឡើងដោយចៃដន្យទេ ប៉ុន្តែជាលទ្ធផលនៃការអនុវត្តផែនការប្រាំឆ្នាំប្រកបដោយការយកចិត្តទុកដាក់ និងទំនួលខុសត្រូវខ្ពស់របស់រដ្ឋាភិបាលចិន ព្រមទាំងការចូលរួមយ៉ាងសកម្មពីប្រជាជនចិនទាំង ១.៤ ពាន់លាននាក់។

លើសពីសមិទ្ធផលក្នុងការអភិវឌ្ឍជាតិរបស់ខ្លួន ប្រទេសចិនបានជំរុញកិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ ប្រកបដោយគុណភាពខ្ពស់ជាមួយប្រទេសជាង ១៥០ ប្រទេស  និងបានកាត់បន្ថយអត្រាពន្ធគយមធ្យមមកត្រឹមតែ ៧,៣% និងរក្សាបាននូវតំណែងជាប្រទេសនាំចូលធំជាងគេលំដាប់ទី២ រយៈពេល១៦ឆ្នាំជាប់គ្នា។

ក្នុងនាមជាប្រទេសឈានមុខក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ប្រទេសចិនបានដើរតួនាទីយ៉ាងសកម្ម ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តជាតិលើវិស័យបញ្ញាសិប្បនិម្មិត បច្ចេកវិទ្យា 5G រថភ្លើងល្បឿនលឿន និងថាមពលបៃតង។ល។ គំនិតផ្តួចផ្តើមរបស់ចិនក្នុងការបង្កើត “អង្គការសហប្រតិបត្តិការបញ្ញាសិប្បនិម្មិតពិភពលោក” កាលពីខែកក្កដា ឆ្នាំ២០២៥ គឺជាការបោះជំហានដ៏សំខាន់មួយ សម្រាប់ការបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិលើការស្រាវជ្រាវ និងអភិបាលកិច្ចក្នុងវិស័យបញ្ញាសិប្បនិម្មិត។

តាមរយៈការដាក់ចេញនូវផែនការសកម្មភាពកសាងសមត្ថភាពបញ្ញាសិប្បនិម្មិតសម្រាប់បំណងល្អ និងសម្រាប់ទាំងអស់គ្នា ប្រទេសចិនបានប្តេជ្ញាបន្តចែករំលែកបទពិសោធន៍ជោគជ័យរបស់ខ្លួន ដើម្បីជួយដល់បណ្តាប្រទេសសកលខាងត្បូង ក្នុងការបង្កើនសមត្ថភាពឌីជីថល បញ្ញាសិប្បនិម្មិត និងបច្ចេកវិទ្យា  ដែលជាកាតាលីករដ៏សំខាន់សម្រាប់ការជំរុញការអភិវឌ្ឍប្រកបដោយចីរភាព។

ជារួម ការបន្តផ្តោតលើការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ មិនត្រឹមតែបង្ហាញពីទំនុកចិត្ត និងសមត្ថភាពរបស់រដ្ឋាភិបាលចិនក្នុងការរក្សាកំណើនសេដ្ឋកិច្ចទេ ប៉ុន្តែថែមទាំងបន្តនាំមកនូវលទ្ធផលកាន់តែជាក់ស្តែងថែមទៀត សម្រាប់នវានុវត្តន៍សកល ការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពរួមសម្រាប់តំបន់ និងពិភពលោកផងដែរ។ ផ្លែផ្កានៃការអភិវឌ្ឍរបស់ប្រទេសចិន នឹងបន្តរួមចំណែកជាវិជ្ជមានដល់ការជំរុញសមាហរណកម្ម និងកំណើនសកល ព្រមទាំងធ្វើឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការអន្តរជាតិឈានដល់កម្រិតថ្មីមួយទៀត។

ដោយលោក ហ៊ូ ចំរើន អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា

Written by 

Related posts

Leave a Comment