(គុនមីង)៖ ដោយទទួលបានការអញ្ជើញពីអង្គការYUNDI កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ យុវជនមកពីខេត្តបាត់ដំបង ឈ្មោះ ប៉ែន សិលា អាយុ២៤ឆ្នាំ បានមកដល់ក្រុងគុនមីង ខេត្តយូណាន ប្រទេសចិន ជាលើកទី២។
ក្នុងអារម្មណ៍ក្តុកក្តួលលាយឡំនឹងក្តីរំភើបក្រៃលែង ប៉ែន សិលា បានបញ្ជាក់ថា រយៈពេលពេញមួយសប្តាហ៍នេះនៅក្នុងប្រទេសចិន លោកបានរៀនសូត្រជាច្រើនពីបទពិសោធន៍ជីវិត ពីវប្បធម៌ដឹងគុណ ពីមិត្តភាពដ៏ជ្រាលជ្រៅ ពីការកំសាន្តប្រកបដោយគោលដៅច្បាស់លាស់ និងពីការគូសវាសអនាគតប្រកបដោយក្តីសង្ឃឹម។ លោកបានបន្ថែមថា «ខ្ញុំមានអារម្មណ៍ថា ប្រទេសចិនមិនត្រឹមជាផ្ទះទីពីររបស់ខ្ញុំប៉ុណ្ណោះទេ ប្រទេសចិនជាទីផ្តល់ជីវិតទី២របស់ខ្ញុំ ហើយប្រសិនបើគ្មានគ្រូពេទ្យរបស់មន្ទីរពេទ្យបេះដូងFuwaiនិងកម្មវិធីមនុស្សធម៌«ដំណើរក្តីស្រឡាញ់»កាលពីឆ្នាំ២០១៨ដែលមានអង្គពាក់ព័ន្ធនានារួមគ្នាជួយដល់កុមារកម្ពុជាដែលមានជំងឺបេះដូងពីកំណើតទេ ម៉្លេះខ្ញុំមិនបានភាពស្រស់ស្អាតរបស់ក្រុងគុនមីងនាថ្ងៃនេះឡើយ។ វាប្រៀបដូចជាសុបិនដ៏អស្ចារ្យមួយ ពេលមកប្រទេសចិនជាលើកទី២ »។
ការវិលត្រឡប់ជាលើកទី២មកកាន់ក្រុងគុនមីងបាននាំលោកឱ្យផ្តើមគូសវាសវាសនាថ្មីរបស់ខ្លួន ដោយគ្រោងនឹងខំប្រើប្រាស់ពេលវេលារបស់ខ្លួនបង្កើនពុទ្ធិភាសាចិន ប្រើប្រាស់បេះដូងដែលបានជាសះស្បើយពីការវះកាត់និងព្យាបាលដោយឥតគិតថ្លៃពីក្រុមគ្រូពេទ្យចិនកាលពីឆ្នាំ២០១៨យកមកបម្រើក្នុងវិស័យមនុស្សធម៌ជួយដល់កុមារកម្ពុជាដទៃទៀតដែលត្រូវការជំនួយ ហើយបើកចំហឱកាសរបស់ខ្លួនឱ្យកាន់តែធំក្នុងការមកប្រទេសចិនធ្វើជាស្ពានមិត្តភាពរវាងប្រជាជន កម្ពុជា-ចិន ដើម្បីឆ្លើយតបនឹងការដឹងគុណដល់ប្រទេសចិន។
គ្រាន់តែដាក់ជើងជាន់ដល់ដីប្រទេសចិន ប៉ែន សិលា បានប្រើប្រាស់ភាសាចិនជាមួយជនជាតិចិនថា «ទីនេះជាអនុស្សាវរីយ៍ដែលខ្ញុំនឹងប្រាប់ដល់ពិភពលោក ហើយបន្តឱ្យកូន-ចៅរបស់ខ្ញុំនិយាយពីរឿងព្រេងនេះរាប់ជំនាន់ ព្រមទាំងពន្លាតរឿងរ៉ាវនេះជាចំណងភាតរភាពនិងមិត្តភាពដ៏ជ្រាលជ្រៅរវាងប្រជាជនកម្ពុជា ដែលជាពិសេសក្តីមេត្តា ក្តីករុណារបស់ប្រជាជនចិនចំពោះកុមារកម្ពុជា»។
«បន្ទាប់ពីជាង៧ឆ្នាំកន្លងទៅ កុមារម្នាក់ដែលធ្លាប់មានជំងឺបេះដូងពីកំណើត បានត្រឡប់ទៅប្រទេសចិនជាលើកទី២ ដោយអារម្មណ៍រំភើប និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ។ រួមជាមួយសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនដែលមានលោកបណ្ឌិត ជា មុនីឫទ្ធិ ជាប្រធាន យើងទាំងអស់គ្នាបានរួមគ្នាសម្រេចនូវសុបិនរបស់គាត់មកប្រទេសចិនដែលជាទីផ្តល់ជីវិតទី២ជូនគាត់» ប្រសាសន៍របស់លោកស្រី Yang Lihua ប្រធានអង្គការYUNDI។
គួរបញ្ជាក់ថា ប៉ែន សិលា ជាកុមារទី១ក្នុងចំណោមកុមារ១២៤រូបដែលបានទទួលដោយឥតគិតថ្លៃនូវការវះកាត់និងព្យាបាលជំងឺបេះដូងពីកំណើតពីក្រុមគ្រូពេទ្យរបស់មន្ទីរពេទ្យបេះដូងFuwai ខេត្តយូណាន ប្រទេសចិនតាមរយៈអង្គការYUNDI និងសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន៕




