«ការទូតប្រមុខរដ្ឋ»របស់ចិននឹងបំពេញបន្ថែមភាពប្រាកដប្រជាសម្រាប់ការអភិវឌ្ឍនៃតំបន់អាស៊ី-ប៉ាស៊ីហ្វិក

APEC ជាពាក្យហៅកាត់នៃអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក(Asia-Pacific Economic Cooperation) ជាអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចដែលមានកម្រិតខ្ពស់បំផុត ពាក់ព័ន្ធវិស័យធំទូលាយបំផុត និងមានឥទ្ធិពលខ្លាំងបំផុតនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក ។ ជាធម្មតា កិច្ចប្រជុំក្រៅផ្លូវការនៃថ្នាក់ដឹកនាំ APEC នឹងប្រារព្ធធ្វើមួយឆ្នាំម្តង ។ ដោយឡែក កិច្ចប្រជុំ APEC ឆ្នាំនេះនឹងប្រារព្ធធ្វើនៅប្រទេសកូរ៉េខាងត្បូង ដែលនឹងមានការចូលរួមពីសំណាក់ប្រមុខរដ្ឋ-រដ្ឋាភិបាលនៃប្រទេសជាច្រើន បូករួមទាំងប្រមុខរដ្ឋចិនលោក ស៊ី ជីនភីង ។ តើ«ការទូតប្រមុខរដ្ឋ»របស់ចិនលើកនេះនឹងដើរតួនាទីអ្វីខ្លះ?

ទី១, ពង្រឹងទំនាក់ទំនងមិត្តភាពប្រពៃណី និងភាពជាដៃគូយុទ្ធសាស្ត្រ ។ ពិតណាស់ កិច្ចជំនួបទ្វេភាគីរវាងប្រមុខរដ្ឋចិននិងប្រមុខរដ្ឋ-រដ្ឋាភិបាលនៃបណ្តាប្រទេសដែលមានវត្តមានក្នុងកិច្ចប្រជុំនេះជាឱកាសមួយសម្រាប់ការពង្រឹងនិងពង្រីកទំនាក់ទំនងទ្វេភាគីបន្ថែមទៀត ។ ប្រទេសចិនប្រកាន់ខ្ជាប់នូវគោលនយោបាយការទូតសន្តិភាព អភិវឌ្ឍន៍ សហប្រតិបត្តិការនិងឈ្នះ-ឈ្នះ ក៏ដូចជាគោលគំនិតការទូតជាមួយប្រទេសជិតខាងបែបសុខដុមរមនា ,  ស្មោះត្រង់ , ផ្តល់ផលប្រយោជន៍ទៅវិញទៅមក និងបរិយាបន្ន ដែលជំរុញឱ្យប្រទេសចិនកសាងចំណងមេត្រីភាពជាមួយគ្រប់ប្រទេសមិនថាជាប្រទេសធំឬតូច មានឬក្រក្តី ។

កិច្ចជំនួបកំពូលរវាងប្រមុខរដ្ឋចិននិងថ្នាក់ដឹកនាំនៃប្រទេសមហាអំណាចមួយចំនួន ជាពិសេសលោក ត្រាំ ប្រធានាធិបតីអាមេរិក ត្រូវបានសហគមន៍អន្តរជាតិរំពឹងទុកយ៉ាងខ្លាំង និងចាំអ៊ុតមើលថាតើនឹងទទួលបានផ្លែផ្កាឬអត់ក្នុងការដោះស្រាយបញ្ហាប្រឈមដែលរាំងស្កាត់ដល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដូចជាការគំរាមកំហែងខាងសន្តិសុខ បម្រែបម្រួលអាកាសធាតុ និងពន្ធគយជាដើម ។ 

ទី២, គូសបញ្ជាក់ពីគោលជំហររបស់ចិនក្នុងការគាំពារពាណិជ្ជកម្មសេរី និងពហុភាគីនិយម ។ បច្ចុប្បន្ន ឯកតោភាគីនិយម និងគាំពារនិយមបាននិងកំពុងងើបឡើងយ៉ាងគឃ្លើន ពិសេស«របាំងពន្ធគយ»និង«របាំងពាណិជ្ជកម្ម»ថ្មីបានបង្កជាការព្រួយបារម្ភសម្រាប់សហគមន៍អន្តរជាតិ ។ អនុលោមតាមគោលការណ៍សច្ចភាព ការធ្វើជំនួញគឺដើម្បីផលប្រយោជន៍ទាំងសងខាង មិនមែនដើម្បីចំណេញតែឯង ឯអ្នកដទៃត្រូវខាតនោះទេ ។ យ៉ាងណាមិញ កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មក៏ត្រូវធ្វើឡើងតាមទម្រង់ឈ្នះ-ឈ្នះ តែមិនមែនផលបូកសូន្យនោះទេ ។

ការដែលប្រទេសចិនចូលរួមយ៉ាងសកម្មជាមួយអង្គការសេដ្ឋកិច្ចនានា គឺដើម្បីចែករំលែកឱកាសអភិវឌ្ឍន៍ទៅវិញទៅមក ផ្លាស់ប្តូរបទពិសោធដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមរួម ក៏ដូចជាមូលមតិគ្នាក្នុងការគាំពារពាណិជ្ជកម្មសេរី សកលភាវូបនីយកម្មសេដ្ឋកិច្ច និងពហុភាគីនិយមដែលជាគន្លឹះសម្រាប់ជំរុញកំណើនរួម ។

ទី៣, គំនិតផ្តួចផ្តើមរបស់ចិននិងយុទ្ធសាស្ត្រអភិវឌ្ឍន៍នៃបណ្តាប្រទេស ។ ពិតណាស់ កិច្ចសហប្រតិបត្តិការមិនមែនសំដៅតែលើផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មប៉ុណ្ណោះទេ ប៉ុន្តែត្រូវផ្តោតលើគ្រប់វិស័យ ។ ក្នុងន័យនេះ ប្រមុខរដ្ឋចិនលោក ស៊ី ជីនភីង បានលើកឡើងគំនិតផ្តួចផ្តើមរបស់ចិនជាបន្តបន្ទាប់ ដែលបច្ចុប្បន្នមានគំនិតផ្តួចផ្តើមសកលទាំង៤ ពោលគឺ គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល , គំនិតផ្តួចផ្តើមអរិយធម៌សកល , គំនិតផ្តួចផ្តើមសន្តិសុខសកល និងគំនិតផ្តួចផ្តើមអភិបាលកិច្ចសកល ។ គំនិតផ្តួចផ្តើមទាំងនេះបានគ្របដណ្តប់លើគ្រប់វិស័យ ដែលទទួលបានការគាំទ្រនិងទទួលស្គាល់យ៉ាងទូលំទូលាយពីសំណាក់សហគមន៍អន្តរជាតិ ។

តួយ៉ាងដូចជាគំនិតផ្តួចផ្តើមសន្តិសុខសកល ដែលផ្តួចផ្តើមឱ្យគោរពអធិបតេយ្យភាពដែនដីនិងបូរណភាពទឹកដីនៃបណ្តាប្រទេស ដោះស្រាយការខ្វែងគំនិតនិងជម្លោះរវាងប្រទេស និងប្រទេសតាមសន្តិវិធី រួមគ្នាគាំពារសន្តិសុខសាយប័រ និងរួមគ្នាប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងពីភេរកម្មជាដើម ។

៤, ពាំនាំយកកាលានុវត្តភាពរបស់ចិនទៅចែករំលែកជាមួយបណ្តាប្រទេសនានា ។ ប្រទេសចិនជាអង្គភាពសេដ្ឋកិច្ចធំទី២ លើពិភពលោក ដែលមានឧត្តមភាពទាំងផ្នែកទីផ្សារ ធនធាន និងការប្រើប្រាស់ ។ បច្ចុប្បន្ន ការធ្វើបរិវត្តកម្មឌីជីថលនៅប្រទេសចិនបាននិងកំពុងបណ្តុះធុរកិច្ចថ្មីជាច្រើន ដែលជាឱកាសថ្មីសម្រាប់ការវិនិយោគនិងធ្វើអាជីវកម្ម ។ ផ្អែកលើការកសាងទីផ្សារជាតិបង្រួបបង្រួម (a unified national market) ដែលបើកច្រកចូលទីផ្សារកាន់តែធំ កាន់តែមានបទដ្ឋាន ស្ថិរភាព និងនិយតកម្ម មិនថាវិនិយោគិនសម្លឹងឃើញធុរកិច្ចប្រពៃណីឬធុរកិច្ចងើបឡើងថ្មីនោះទេ សុទ្ធសឹងតែជាឱកាសធុរកិច្ចនិងវិនិយោគដ៏ល្អសម្រាប់វិនិយោគិនជាតិ និងអន្តរជាតិអភិវឌ្ឍអាជីវកម្មរបស់ខ្លួន ។

សន្ទុះងើបឡើងនៃការអភិវឌ្ឍបញ្ញាសិប្បនិម្មិត និងឧស្សាហកម្មនាពេលអនាគតដូចជា កង់ទិច , ប្រព័ន្ធ6G , រ៉ូបូតរូបរាងមនុស្ស និងថាមពលថ្មីជាដើមនៅក្នុងប្រទេសចិន នឹងបើកឱកាសថ្មីជូនពិភពលោកសម្រាប់ចែករំលែកផលលាភទាំងនេះ ដែលស្របតាមការលើកឡើងរបស់ថ្នាក់ដឹកនាំចិន ពោលគឺ«ឱកាសអភិវឌ្ឍន៍របស់ចិនជាឱកាសអភិវឌ្ឍន៍របស់ពិភពលោក» ។

គួរបញ្ជាក់ថា កិច្ចប្រជុំពេញអង្គលើកទី៤ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ ដែលទើបបិទបញ្ចប់បានដាក់ចេញនូវ«ផែនការ៥ ឆ្នាំទី១៥»ដែលជាផែនការគោលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមជាតិក្នុងរយៈពេល៥ ឆ្នាំខាងមុខ ដើម្បីឆ្ពោះទៅការសម្រេចបាននូវសង្គមនិយមទំនើបជាមូលដ្ឋានក្នុងឆ្នាំ២០៣៥ ដែលមានន័យថា ចិនមានផែនការដ៏ពេញលេញសម្រាប់ការអភិវឌ្ឍក្នុងរយៈពេលមធ្យមនិងវែង ទាំងនេះជាបទពិសោធដ៏មានតម្លៃសម្រាប់ផ្លាស់ប្តូរជាមួយប្រទេសជាមិត្តនិងដៃគូអភិវឌ្ឍន៍ ។

ជារួម ក្នុងបរិបទដែលពិភពលោកបច្ចុប្បន្នបាននិងកំពុងប្រឈមនឹងភាពរង្គោះរង្គើនិងភាពចាក់ស្រេះដ៏ស្មុគស្មាញ គឺទាមទារឱ្យមានអ្នកនាំមុខក្នុងការប្រមូលផ្តុំពុទ្ធិនិងកម្លាំងសកល ដើម្បីស្វែងរកដំណោះស្រាយកង្វល់រួម និងបំពេញបន្ថែមភាពប្រាកដប្រជាសម្រាប់ពិភពលោក ។ ក្នុងន័យនេះ តាមរយៈវត្តមានក្នុងកិច្ចប្រជុំ APEC លើកនេះ ប្រមុខរដ្ឋចិននឹងពាំនាំនូវ«ផែនការចិន»សម្រាប់ចែករំលែកជាមួយបណ្តាប្រទេស ដែលនឹងត្រួសត្រាយផ្លូវទៅរកការកសាងសហគមន៍ជោគវាសនារួមអាស៊ី-ប៉ាស៊ីហ្វិក ៕

អត្ថបទដោយ ៖ លោក តាំង ស៊ីឡេង , បុគ្គលិកវិទ្យុមិត្តភាពកម្ពុជា-ចិន

Written by 

Related posts

Leave a Comment