សន្និបាតរំលឹកខួបលើកទី ៨០ នៃការស្តារអធិបតេយ្យភាពឡើងវិញចំពោះតៃវ៉ាន់បានបើកធ្វើនៅទីក្រុងប៉េកាំងនៅថ្ងៃទី ២៥ ខែតុលា។ លោក Wang Huning សមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន បានអញ្ជើញចូលរួម ព្រមនិងថ្លែងសុន្ទរកថាក្នុងសន្និបាត។ លោកបានលើកឡើងថា ត្រូវសិក្សានិងអនុវត្តយ៉ាងស៊ីជម្រៅនូវស្មារតីនៃសុន្ទរកថាសំខាន់របស់លោកអគ្គលេខាធិការបក្ស Xi Jinping នៅក្នុងសន្និបាតរំលឹកខួបលើកទី ៨០ នៃថ្ងៃជ័យជម្នះនៃសង្គ្រាមប្រជាជនចិនប្រឆាំងការឈ្លានពានរបស់ជប៉ុន និងសង្គ្រាមពិភពលោកប្រឆាំងហ្វាស៊ីស ព្រមទាំងរួបរួម និងប្រមូលផ្តុំប្រជាជនចិនទាំងក្នុងស្រុក និងក្រៅប្រទេសយ៉ាងទូលំទូលាយ ដើម្បីរួមគ្នារំលឹកឡើងវិញពីប្រវត្តិសាស្ត្រ គាំពារសមិទ្ធផល ការពារមាតុភូមិ និងត្រួសត្រាយអនាគតជាមួយគ្នា រួមគ្នាបង្កើតសុខុមាលភាពរយៈពេលវែងសម្រាប់ប្រជាជាតិចិន និងបន្តបង្កើនភាពរុងរឿងនៃប្រវត្តិសាស្ត្ររបស់ប្រជាជាតិចិន។
សូមបញ្ជាក់ថា មនុស្សប្រមាណ ៥០០ នាក់បានអញ្ជើញចូលរួមក្នុងសន្និសីទនេះ រួមទាំងមន្ត្រីមកពីស្ថាប័នពាក់ព័ន្ធនៃមជ្ឈិមបក្ស រដ្ឋាភិបាល យោធា និងរដ្ឋបាលក្រុងប៉េកាំង, អ្នកទទួលខុសត្រូវនៃគណៈកម្មាធិការមជ្ឈិមបក្សប្រជាធិបតេយ្យ និងសមាគមឧស្សាហកម្មនិងពាណិជ្ជកម្មទូទាំងប្រទេសចិន និងឥស្សរជនមិនចូលបក្ស, តំណាងមកពីគ្រប់មជ្ឈដ្ឋាន អ្នកជំនាញនិងបញ្ញវន្តក្នុងរដ្ឋធានីប៉េកាំង, ជនរួមជាតិមកពីតំបន់ហុងកុង ម៉ាកាវ និងតៃវ៉ាន់, តំណាងអាណិកជនចិននៅបរទេស ឯកអគ្គរដ្ឋទូតបរទេសប្រចាំប្រទេសចិន និងតំណាងអង្គការអន្តរជាតិនានានៅក្នុងប្រទេសចិន៕

