ក្រុមនារីកម្ពុជា បានឈ្នះមេដាយសំរិទ្ធ១គ្រឿងពីការប្រកួត កីឡាប៉េតង់ជើងឯកពិភពលោក ផ្នែកនារី ឆ្នាំ ២០២៥ នៅប្រទេសបារាំង ខណៈការប្រកួតបានបញ្ចប់ទៅកាលពីថ្ងៃអាទិត្យ ទី១២ ខែតុលា បន្ទាប់ពីដំណើរការប្រកួតជាច្រើនថ្ងៃ។
សម្រាប់ការប្រកួតនេះក្រុមនារីកម្ពុជាធ្វើបានល្អបំផុតដោយឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ លើវិញ្ញាសា ក្រុមនារី ៣នាក់ទល់៣នាក់។ ក្រុមនារីកម្ពុជា បានឈ្នះម្ចាស់ផ្ទះបារាំង ដោយពិន្ទុ ១៣-៣ នៅវគ្គ ១៦ ក្រុមចុងក្រោយ ហើយបានបន្តឈ្នះ ស៊ុយអែត ដោយលទ្ធផល ១៣-៦ ដើម្បីឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ប៉ុន្តែបានចាញ់ ថៃ ដោយពិន្ទុ ១៣-៤ ដូច្នេះទទួលបានមេដាយសំរិទ្ធ។
ចំណែកវិញ្ញាសា វាយយកពិន្ទុនារីទោល កីឡាការិនីកម្ពុជា អ៊ុន ស្រីយ៉ា បានធ្លាក់ត្រឹមវគ្គ ៨ ក្រុមចុងក្រោយ បន្ទាប់ពីបានចាញ់តួកគី ដោយសារពេលវេលា បន្ទាប់ពីពិន្ទុស្មើគ្នា ៣៥-៣៥។
