បទវិភាគ ៖ ស្ត្រីគ្រប់រូបគឺជាតួឯក ហើយសុទ្ធតែមានឱកាសបង្ហាញទេពកោសល្យរបស់ខ្លួន

កាលពីទសវត្សរ៍ឆ្នាំ៧០នៃសតវត្សវ៍ទី២០ នៅភូមិLiangjiahe ដែលស្ថិតនៅតំបន់ភាគីខាងជើងខេត្តស្រានស៊ីនៃប្រទេសចិនមានទិដ្ឋភាពនៃភាពក្រីក្រនិងអន់ថមថយយ៉ាងខ្លាំង ។ ដោយឡែក ស្ត្រីនៅក្នុងតំបន់រងបន្ទុកយ៉ាងធ្ងន់ធ្ងរក្នុងជីវភាពរស់នៅ នៅពេលថ្ងៃ ពួកគេត្រូវឡើងភ្នំធ្វើស្រែ ហើយនៅពេលយប់ បន្ទាប់ពីសមាជិកគ្រួសារគេងលក់ហើយ ពួកគេនៅតែត្រូវប៉ះខោអាវដែលដាច់រហែកដោយសារធ្វើស្រែចម្ការទៀត។ ដើម្បីកែលម្អជីវភាពរស់នៅរបស់ស្រ្តីក្នុងតំបន់ លោកXi Jinping លេខាធិការវ័យក្មេងនៃគណៈកម្មការបក្សក្នុងភូមិ  បានបង្កើតគំនិតមួយ៖ គឺបង្កើតសហករណ៍កាត់ដេរមួយនៅក្នុងភូមិ។ គាត់បានជ្រើសរើសស្ត្រីដែលមានជំនាញក្នុងការកាត់ដេរ ដើម្បីធ្វើការងារប៉ះខោអាវនិងធ្វើសំលៀកបំពាក់សម្រាប់អ្នកភូមិ ហើយប្រាក់ចំណូលគឺគិតទៅតាមពិន្ទុការងាររបស់សមាជិកសហគមន៍ ។ ដូច្នេះ ស្ត្រីកាត់ដេរអាចទទួលបានពិន្ទុការងារ ចំណែកឯស្ត្រីផ្សេងទៀតទៅធ្វើការនៅលើភ្នំ នៅពេលយប់ក៏លែងប៉ះខោអាវទាំងយប់ក្រោមអំពូលភ្លើងទៀតដែរ។

ចាប់ពីពេលធ្វើការនៅថ្នាក់មូលដ្ឋាន រហូតដល់រ៉ាប់រងមុខតំណែងជាមេដឹកនាំបក្ស និងថ្នាក់ជាតិ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានគោរពនិងយកចិត្តទុកដាក់យ៉ាងខ្ជាប់ខ្ជួនចំពោះស្ត្រី។ ដូចដែលលោកបានសង្កត់ធ្ងន់ថា “ស្ត្រីគ្រប់រូបគឺជាតួឯក ហើយសុទ្ធតែមានឱកាសបង្ហាញទេពកោសល្យរបស់ខ្លួន។

ចាប់តាំងពីចូលយុគសម័យថ្មីមក គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនដែលមានលោកXi Jinping ជាប្រមុខស្នូលបានជំរុញដោយគ្រប់ជ្រុងជ្រោយនូវការអភិវឌ្ឍបុព្វហេតុស្ត្រី ជីវភាពរស់នៅនិងអភិវឌ្ឍន៍របស់ស្ត្រីក្នុងប្រទេសចិនមានភាពល្អប្រសើរឡើងដែលគួរឱ្យកត់សម្គាល់ ហើយផ្លែផ្កានៃការជំរុញទំនើបកម្មរបស់ប្រទេសចិនបានផ្តល់អត្ថប្រយោជន៍ដល់ស្ត្រីកាន់តែច្រើននិងកាន់តែយុត្តិធម៌ ។ ប្រទេសចិនបានសម្រេចបាននូវគោលដៅកាត់បន្ថយភាពក្រីក្រស្របតាមរបៀបវារៈអភិវឌ្ឍន៍ជានិរន្តរភាពឆ្នាំ២០៣០ មុនកាលកំណត់១០ឆ្នាំ ស្ត្រីនៅតាមជនបទចំនួន៤៤,១៦លាននាក់បានបម្រះខ្លួនចេញផុតពីភាពក្រីក្រ។ អាយុកាលរំពឹងទុកជាមធ្យមរបស់ស្ត្រីបានកើនឡើងពី៧២ឆ្នាំដល់លើសពី៨០ឆ្នាំ។ ស្ត្រីមានចំនួនច្រើនជាងពាក់កណ្តាលក្នុងចំណោមនិស្សិតសាលាឧត្តមសិក្សាទាំងអស់ ហើយស្ត្រីដែលបម្រើការងារផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាឥឡូវនេះមានចំនួន ៤៥,៨% ។ ប្រទេសចិនបានដាក់ចេញក្រមរដ្ឋប្បវេណីជាលើកដំបូងនិងច្បាប់ប្រឆាំងអំពើហឹង្សាក្នុងគ្រួសារ និងបានធ្វើវិសោធនកម្មច្បាប់ស្តីពីការការពារសិទ្ធិ និងផលប្រយោជន៍របស់ស្ត្រីជាដើម ការអភិវឌ្ឍបុព្វហេតុស្ត្រីនៅក្នុងប្រទេសចិនត្រូវបានលើកកម្ពស់ដោយគ្រប់ជ្រុងជ្រោយ។

ពីការតស៊ូប្តូរផ្តាច់ដើម្បីសម្រេចបាននូវកិច្ចកសាងសង្គមដែលប្រជាជនមានជីវភាពធូរធារបង្គួរដោយគ្រប់ជ្រុងជ្រោយនិងសម្រេចបាននូវភារកិច្ចយកឈ្នះលើឧបសគ្គកាត់បន្ថយភាពក្រីក្រ ដល់ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩និងការកសាងប្រទេសចិនប្រកបដោយសុវត្ថិភាព រហូតដល់ការជំរុញការច្នៃប្រឌិតថ្មីផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងជំរុញការអភិវឌ្ឍបៃតង។ល។ ស្រ្តីទាំងឡាយនៃប្រទេសចិនបានដើរតួនាទីដ៏អស្ចារ្យក្នុងមុខរបរនានានៅទូទាំងប្រទេសដោយឥរិយាបថ”នារីៗមិនចាញ់បុរសទេ” ។ ជាពិសេស នៅថ្ងៃទី៣ខែកញ្ញា ក្នុងអំឡុងពេលពិធីត្រួតពលនិងព្យុហយាត្រា ដើម្បីរំលឹកខួបលើកទី៨០នៃថ្ងៃជ័យជម្នះនៃសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន និងសង្រ្គាមពិភពលោកប្រឆាំងនឹងហ្វាស៊ីស ផែនកងជីវពលស្ត្រីដ៏ក្លាហានបានបង្ហាញវត្តមានគួរឱ្យភ្ញាក់ផ្អើលនៅទីលានធានអានមេន ។ ជំហានដ៏មុតមាំនិងក្រសែភ្នែកយ៉ាងម៉ឺងម៉ាត់របស់ពួកគេបានបង្ហាញពីស្មារតីរបស់ស្ត្រីក្នុងយុគសម័យថ្មី ព្រមពេលជាមួយគ្នានេះ ក៏បានបង្ហាញទៅកាន់ពិភពលោកនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ប្រជាជនចិនក្នុងការគាំពារសន្តិភាពផងដែរ។

ពិភពលោកបានមើលឃើញយ៉ាងច្បាស់នូវសមិទ្ធផលដ៏គួរឱ្យកត់សម្គាល់របស់ប្រទេសចិនក្នុងការអភិវឌ្ឍបុព្វហេតុស្ត្រី ។ ប្រការនេះមិនត្រឹមតែបានផ្តល់មេរៀនសម្រាប់ប្រទេសផ្សេងទៀតប៉ុណ្ណោះទេ ក៏ថែមទាំងចូលរួមយ៉ាងសកម្មក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីជំរុញបុព្វហេតុស្ត្រីនៅទូទាំងពិភពលោកតាមរយៈការអនុវត្តជាក់ស្តែងផងដែរ។ ពីការឆ្លើយតបនឹងបញ្ហាបម្រែបម្រួលអាកាសធាតុ ដល់ការឆ្លើយតបនឹងវិបត្តិសុខភាពសាធារណៈ រហូតដល់ការឆ្លើយតបទៅនឹងគ្រោះមហន្តរាយមនុស្សធម៌ សំឡេងនិងកម្លាំងរបស់ស្ត្រីចិនមិនដែលអវត្តមានឡើយ ហើយភាពស៊ីជម្រៅនៃការចូលរួមរបស់ប្រទេសចិនក្នុងអភិបាលកិច្ចសកលនៃបុព្វហេតុស្ត្រី គឺមិនធ្លាប់មានកាលពីមុន។

 បច្ចុប្បន្ននេះ ពិភពលោកកំពុងឈានចូលដំណាក់កាលរង្គោះរង្គើនិងកំណែទម្រង់ថ្មីដែលប្រឈមមុខនឹងការសាកល្បងជាច្រើន។ បញ្ហាប្រឈមទាំងនេះមិនត្រឹមតែបានជះឥទ្ធិពលដល់ការលើកកម្ពស់បន្ថែមទៀតនៃសិទ្ធិ និងការអភិវឌ្ឍរបស់ស្ត្រីប៉ុណ្ណោះទេ ក៏ថែមទាំងពាក់ព័ន្ធដល់ការសម្រចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពជាសកលផងដែរ។ ពិភពលោករំពឹងទុកថា ក្នុងនាមជាប្រទេសធំមួយដែលមានឥទ្ធិពលយ៉ាងខ្លាំងនៅទូទាំងពិភពលោក ប្រទេសចិនអាចផ្តល់ការណែនាំខាងទស្សនៈ និងវិធីសាស្រ្តជាក់ស្តែងក្នុងការជំរុញការអភិវឌ្ឍដ៏ទូលំទូលាយនៃបុព្វហេតុស្ត្រីនៅកិច្ចប្រជុំថ្នាក់ដឹកនាំស្តីពីស្រ្តីដែលបើកធ្វើនៅទីក្រុងប៉េកាំងពីថ្ងៃទី១៣ដល់ថ្ងៃទី១៤ខែតុលា ហើយប្រទេសចិននឹងពិភាក្សាអំពីផែនការសកលសំខាន់ៗសម្រាប់ការអភិវឌ្ឍបុព្វហេតុស្ត្រីជាមួយគ្រប់ភាគី ដើម្បីចង្អុលបង្ហាញទិសដៅសម្រាប់កិច្ចសហប្រតិបត្តិការខាងបុព្វហេតុស្រ្តីសកល ក៏ដូចជាធ្វើឱ្យស្រ្តីគ្រប់រូបសុទ្ធតែមានឱកាសបង្ហាញទេពកោសល្យរបស់ខ្លួនផងដែរ៕

Written by 

Related posts

Leave a Comment