អ្នកនាំពាក្យប្រធានាធិបតីលោក Nabil Abu Rudeineh បាននិយាយថា ការពង្រីកប្រតិបត្តិការរបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា ធ្វើឱ្យជីវិតប្រជាជនប៉ាឡេស្ទីនរាប់លាននាក់ប្រឈមនឹងហានិភ័យ ហើយនឹងធ្វើឱ្យមហន្តរាយមនុស្សធម៌កាន់តែធ្ងន់ធ្ងរឡើង។

លោក Rudeineh បានលើកឡើង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការចាប់ផ្ដើមប្រតិបត្តិការរបស់កងកម្លាំងកាន់កាប់អ៊ីស្រាអែល ចំពោះការឈ្លានពានទ្រង់ទ្រាយធំលើហ្គាហ្សា បង្កជាការកើនឡើងដ៏គ្រោះថ្នាក់ដែលគំរាមកំហែងដល់អាយុជីវិតរបស់ប្រជាជនប៉ាឡេស្ទីនរាប់លាននាក់ ហើយនឹងធ្វើឱ្យមហន្តរាយមនុស្សធម៌កាន់តែស៊ីជម្រៅ។
លោក បានបន្ថែមថា យើងអំពាវនាវឱ្យរដ្ឋបាលសហរដ្ឋអាមេរិក ផ្តល់ការទទួលខុសត្រូវ និងមិនលើកទឹកចិត្តឱ្យមានការកាន់កាប់ដើម្បីបន្តការឈ្លានពានដ៏ទូលំទូលាយប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីន។

គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu អះអាងថា កងទ័ពរបស់ប្រទេសលោក កំពុងចាប់ផ្ដើមរលកថ្មីនៃប្រតិបត្តិការវាយលុកនៅហ្គាហ្សា ហើយមានមនុស្សយ៉ាងហោចណាស់ ៧៩ នាក់ ត្រូវបានសម្លាប់ ចាប់តាំងពីព្រឹកថ្ងៃអង្គារ៕

ដោយ៖ ពេជ្រ