អនុរដ្ឋមន្ត្រីការពារជាតិទីមួយ និងជាប្រធានអគ្គសេនាធិការលោក Pavel Muraveiko បាននិយាយថា សមយុទ្ធ Zapad-2025 មិនបង្កការគំរាមកំហែងដល់ប្រទេសទីបីទេ។ ទោះបីជាយ៉ាងណាក៏ដោយ បេឡារុស្ស នៅតែត្រៀមខ្លួនដើម្បីឆ្លើយតបទៅនឹងសកម្មភាពបង្កហេតុដែលអាចកើតមាន ក្រោយពីសមយុទ្ធ Zapad-2025 ជាមួយរុស្ស៊ី។

លោក Muraveiko បានលើកឡើងថា ខ្ញុំសូមរំលឹកឡើងវិញថា យើងមិនបានគំរាមកំហែងដល់ប្រជាជាតិដ៏ទៃទេ ហើយបំណងនៃសមយុទ្ធជាការហ្វឹកហ្វឺន ដែលសហការជាមួយសម្ព័ន្ធមិត្ត។
យោងតាមសេវាកម្មសារព័ត៌មានរបស់ក្រសួងការពារជាតិ បានដកស្រង់សម្តីលោក Muraveiko ថា ក្នុងពេលជាមួយគ្នានេះ យើងកំពុងតាមដានយ៉ាងប្រុងប្រយ័ត្នរាល់សកម្មភាពយោធានៅជិតព្រំដែនរបស់យើង ហើយត្រៀមខ្លួនដើម្បីទប់ទល់នឹងការបង្កហេតុដែលអាចកើតមានក្នុងអំឡុងពេល Zapad-2025 ។

លោក ក៏បានបញ្ជាក់ថា សមយុទ្ធ ក្នុងគោលបំណងចម្បង គឺដើម្បីបង្កើនជំនាញរបស់មេបញ្ជាការក្នុងការគ្រប់គ្រងក្រុមកងទ័ព និងអនុវត្តការងារសំខាន់ៗ ដើម្បីការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី។
គួរបញ្ជាក់ថា សមយុទ្ធ Zapad-2025 ហាក់មានភាពចម្រូងចម្រាស់ ដោយសារតែមានការបង្កហេតុ និងឧបទ្ទវហេតុមួយចំនួន ជុំវិញរបាយការណ៍ដែលថាយន្តហោះគ្មានមនុស្សបើករុស្ស៊ី បានឈ្លានពានលើដែនអាកាសប៉ូឡូញ៕

ដោយ៖ ពេជ្រ