ខេត្តរតនគិរី ៖ ដើម្បីចូលរួមបង្ការ គ្រោះថ្នាក់ចរាចរណ៍ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌនេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី បានសហការជាមួយលេខាធិការដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងអាជ្ញាធរស្រុក ចុះធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅស្រុកលំផាត់។

យុទ្ធនាការនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ តាមបណ្តោយផ្លូវជាតិលេខ៧៦ ដង្ហែយុទ្ធនាការឆ្ពោះទៅមុខផ្សារភូមិដីឡូត៍ ឃុំជ័យឧត្តម ស្រុកលំផាត់។
លោកជំទាវ ញាន ទិត្យចិន្តា អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា បានលើកឡើងថា ពាំនាំប្រសាសន៍ផ្តាំផ្ញើចុះសួរសុខទុក្ខ និងការណែនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជានិច្ចកាលបានផ្តល់អនុសាសន៍ដ៏ខ្ពង់ខ្ពស់ សាខាឲ្យអនុវត្តការងារសុវត្ថិភាពចរាចរណ៍ និងពង្រឹងការងារ និងបានចង្អុលបង្ហាញ សហប្រតិបត្តិការជាមួយដៃគូពាក់ព័ន្ធនានា អនុវត្តសកម្មភាពក្នុងន័យរួមចំណែកកាត់បន្ថយអត្រាស្លាប់ របួសនិងពិការដោយគ្រោះថ្នាក់ចរាចរណ៍។

លោកជំទាវ ញាន ទិត្យចិន្តា បានសង្កត់ធ្ងន់ថា សុវត្ថិភាពចរាចរណ៍គឺជាបញ្ហាសំខាន់មួយដែលប៉ះពាល់ដល់ជីវិត និងសុខុមាលភាពរបស់ប្រជាជនជារៀងរាល់ថ្ងៃនៅកម្ពុជា ការបាត់បង់អាយុជីវិតដោយសារការប្រព្រឹត្តចរាចរណ៍មិនបានគោរពច្បាប់ គឺជារឿងគួរឲ្យព្រួយបារម្ភ។ យើងបានឃើញថា អ្នកបើកបរមិនពាក់មួកសុវត្ថិភាព មិនគោរពសញ្ញាចរាចរណ៍ ជាហេតុបណ្តាលឲ្យមានគ្រោះថ្នាក់ជាច្រើន។យើងបានដឹងនិងជ្រាបស្រាប់ហើយថា ស្ថានភាពគ្រោះថ្នាក់ចរាចរណ៍បានឆក់យកអាយុជីវិតមនុស្សចំនួន៣,០០០នាក់ ក្នុងមួយថ្ងៃនៅលើពិភពលោក ដោយឡែក នៅក្នុងប្រទេសកម្ពុជាយើង គ្រោះថ្នាក់ចរាចរណ៍ ស្លាប់ជាមធ្យមចំនួនពី ៤ ទៅ ៥នាក់ និងរបួសធ្ងន់ ១៦នាក់ ក្នុងមួយថ្លៃ បានបំផ្លាញទ្រព្យសម្បត្តិសាធារណៈ និងគ្រួសារជាច្រើន ដូចជា បន្សល់ទុកក្មេងកំព្រា ស្ត្រីមេម៉ាយ ជនពិការ និងភាពក្រីក្រ។

លោកជំទាវបានបន្ថែមថា ដូចនេះក្នុងនាមថ្នាក់ដឹកនាំសាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី ខ្ញុំសូមបន្តចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ពង្រីកកម្លាំងផ្សព្វផ្សាយការងារសុវត្ថិភាពចរាចរណ៍ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ពីមនុស្សម្នាក់ទៅមនុស្សមួយក្រុមតូច ទៅគ្រួសារ ទៅសហគមន៍នៅគ្រប់ទីកន្លែងក្នុងខេត្តរតនគិរី តាមរយៈការប្រជុំការចែកខិតប័ណ្ណ ផូស្វ័រអប់រំ មិត្តអប់រំមិត្ត តាមរូបភាពនិងតាមវិធានការដូចខាងក្រោម៖
បង្កើនការអប់រំសាធារណៈដាក់ពិន័យអ្នកបើកបរដោយមិនគោរពច្បាប់បង្កើនការត្រួតពិនិត្យនិងសម្របសម្រួលចរាចរណ៍ពាក់មួកសុវត្ថិភាពជានិច្ចគោរពច្បាប់ចរាចរណ៍បើកបរដោយមានការប្រុងប្រយ័ត្ននិងជៀសវាងការបើកបរនៅពេលស្រវឹង៕


