លោកបណ្ឌិត ជា មុនីឫទ្ធិ៖ គំនិតផ្តួចផ្តើមអភិវឌ្ឍសកល ជាឆ្អឹងខ្នងរបស់សង្គមស៊ីវិល

(ម៉ុងហ្គោលីខាងក្នុង) វេទិកាលើកទី២ស្តីពីរួមគ្នាបង្កើនសាមគ្គីភាពរបស់សង្គមស៊ីវិលក្រោមគំនិតផ្តួចផ្តើមអភិវឌ្ឍសកល ដែលបានរៀបចំឡើងដោយបណ្តាញសង្គមស៊ីវិលរបស់ប្រទេសចិនសម្រាប់សហប្រតិបត្តិការអន្តរជាតិ ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ នៅក្រុង ភូមិភាគស្វយ័តម៉ុងហ្គោលីខាងក្នុង ប្រទេសចិន។

ថ្លែងទៅកាន់អង្គពិធីនៅក្នុងវេទិកាពិភាក្សាពីតួនាទីដ៏សំខាន់របស់សង្គមស៊ីវិលក្នុងការតភ្ជាប់រវាងប្រជាជននិងប្រជាជន ដោយមានសង្គមស៊ីវិលពី២៦ប្រទេសចូលរួម នារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥នេះ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានគូសរំលេចថា ការអភិវឌ្ឍគឺជាភាពចាំបាច់និងជាក្តីសង្ឃឹមរបស់មនុស្សជាតិ ហើយមនុស្សជាតិតែងបានប្រើប្រាស់នូវប្រាជ្ញារបស់ខ្លួនដើម្បីជំរុញល្បឿននៃការអភិវឌ្ឍ។ ដើម្បីសម្រេចបាននូវគោលដៅនៃការអភិវឌ្ឍ ដែលជាពិសេសទិសដៅសម្រាប់ឆ្នាំ២០៣០នៃរបៀបវារៈរបស់អង្គការសហប្រជាជាតិ ប្រទេសនីមួយៗបានខិតខំថែរក្សានូវសុខសន្តិភាព និងបង្កើនស្ថិរភាពសង្គមដោយជំរុញផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជន។ ជាមួយគ្នានេះ បទពិសោធន៍ជោគជ័យនៃការអភិវឌ្ឍរបស់ប្រទេសចិនបានក្លាយជាមូលដ្ឋាន និងជាឆ្អឹងខ្នងយុទ្ធសាស្រ្តជូនដល់បណ្តាប្រទេសនានា ព្រមទាំងជាយន្តការដ៏សំខាន់ដែលត្រូវបានសង្គមស៊ីវិលរបស់ប្រទេសចិនបានច្បាមយកនូវកាលានុវត្តភាពពី«គំនិតផ្តួចផ្តើមអភិវឌ្ឍសកល»នេះចាក់បញ្ចូលទៅក្នុងគម្រោងអនុវត្តជាច្រើនដែលបានប្រតិបត្តិជាមួយដៃគូបរទេស ក្នុងនោះរួមមានទាំងកម្ពុជាផងដែរ។

ដោយផ្តល់នូវទឡ្ហីករណ៍ជូនដល់អង្គពិធី លោកបណ្ឌិតបានរំលេចពីបទពិសោធន៍ជោគជ័យជាច្រើនក្នុងប្រទេសកម្ពុជាដែលសង្គមស៊ីវិលចិនបានរួមចំណែកផ្តល់នូវគ្រប់យន្តការគាំទ្រដើម្បីបង្កើននូវផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជនកម្ពុជា ដោយអនុវត្តតាមលំអាននៃ«គំនិតផ្តួចផ្តើមអភិវឌ្ឍសកល» សង្គមស៊ីវិលបានផ្តោតជាសំខាន់លើការបំពេញបាននូវតម្រូវការរបស់ប្រជាជនស្របតាមគោលបំណងដៃលអាជ្ញាធរមូលដ្ឋាននិងអង្គពាក់ព័ន្ធនានាបានរួមគ្នាផ្តល់សេចក្តីសម្រេច។ ជាក់ស្តែង១-«គម្រោងដំណើរនៃក្តីស្រលាញ់»តាមរយៈអង្គការYUNDIបានជួយសង្គ្រោះកុមារកម្ពុជាចំនួន១៥០រូបជាសះស្បើយពីជំងឺបេះដូងពីកំណើត ២-«គម្រោងកាតាបPanda និងកង់Hallo»តាមរយៈមូលនិធិចិនដើម្បីអភិវឌ្ឍជនបទបានជួយកុមារកម្ពុជារាប់ម៉ឺននាក់ទទួលបានកាតាប សម្ភារសិក្សា និងកង់សម្រាប់ធ្វើដំណើរ ៣-«គម្រោងភូមិគំរូមិត្តភាពកម្ពុជា-ចិន»តាមរយៈមូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍបានលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនភូមិតានន ៤-«គម្រោងក្តីសង្ឃឹម»តាមរយៈមូលនិធិចិនPeacelandបានជួយបោសសម្អាតគ្រាប់មីន និងបានរួមចំណែកអភិវឌ្ឍជីវភាពរស់នៅរបស់ប្រជាជនក្រោយទទួលបានដីសុវត្ថិភាពមកវិញ ព្រមទាំងគម្រោងជាច្រើនទៀតដែលមិត្តចិនបានរួមគ្នាជាមួយវេទិកាសម្ព័ន្ធសង្គមស៊ីវិល សមាគមមិត្តភាពកម្ពុជា-ចិន និងសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនជាឧទាហរណ៍បញ្ជាក់ស្រាប់។

ដោយយល់ស្របជាមួយលោកបណ្ឌិត ជា មុនីឫទ្ធិ ដែលថាគំនិតផ្តួចផ្តើមអភិវឌ្ឍសកល ជាឆ្អឹងខ្នងរបស់សង្គមស៊ីវិល លោក Wang Ke ប្រធានក្រុមប្រឹក្សាភិបាលមូលនិធិចិនPeacelandបានសាទរនឹងសកម្មភាពជាច្រើនដែលមូលនិធិសម្រេចបានក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយបណ្តាសង្គមស៊ីវិលនានាក្នុងប្រទេសកម្ពុជា ហើយលោកមានសុឆន្ទៈក្នុងការនាំយកគម្រោងនានាជាច្រើនទៀតសហការជាមួយអង្គពាក់ព័ន្ធនានាដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជនកម្ពុជា ព្រមទាំងបង្កើនទំនាក់ទំនងកាន់តែរឹងមាំរវាងប្រជាជននិងប្រជាជន កម្ពុជា-ចិន ក្រោមទម្រនៃគំនិតផ្តួចផ្តើមអភិវឌ្ឍសកល៕

Written by 

Related posts

Leave a Comment