តាកែវ ៖ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ លោក សុខ សូកាន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ និង លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញទស្សនកិច្ចវឌ្ឍនភាពនៃការ ស្ថាបនាសួនវប្បធម៌សម្ដេចវិបុលបញ្ញា សុខ អាន ស្ថិតនៅក្នុងភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្តតាកែវ។

ចំពោះ សួនវប្បធម៌សម្ដេចវិបុលបញ្ញា សុខ អាន ទីតាំងនៅតាមបណ្ដោយផ្លូវជាតិលេខ២ នៅជាប់អាងទឹក ទន្លាប់ ស្ថិតនៅក្នុងឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្តតាកែវ។ សួនវប្បធម៌សម្ដេចវិបុលបញ្ញា សុខ អាន ដ៏ស្រស់សោភោនេះ ទទួលបានការឧបត្ថម្ភគាំទ្រថវិកាការសាងសង់ទាំងស្រុង ដោយក្រុមគ្រួសាររបស់ សម្ដេចវិបុលបញ្ញា សុខ អាន មានផ្ទៃក្រឡាផ្ទៃទទឹង ១០០ម៉ែត្រ និងបណ្ដោយ ៥០០ម៉ែត្រ ដែលមានការរចនាបទលក្ខណៈជាខ្មែរ និងមានការសាងសង់លើសួនវប្បធម៌នេះ នូវរូបបដិមាសម្ដេចវិបុលបញ្ញា សុខ អាន សាងសង់បណ្ណាល័យ ទីលានកីឡា និងកន្លែងហាត់កីឡា ហាងកាហ្វេ កន្លែងអង្គុយលម្ហែ និងក្មេងលេង រោងទូកង កន្លែងឆ្លុះកែវយិត ចំណតរថយន្ត និងទោចក្រយានយន្ត ផែទូក បន្ទប់ទឹកសាធារណៈ និងទីលានប្រារព្វពិធីផ្សេងៗ។ ចំណាប់អារម្មណ៍របស់បងប្អូន ប្រជាពលរដ្ឋក្នុងស្រុកគិរីវង់ ក៏ដូចជាខេត្តតាកែវទាំងមូល បានបង្ហាញនូវសេចក្ដីសោមនស្សរីករាយ និងសាទរជាខ្លាំង ចំពោះវត្តមាន នៃសមិទ្ធផលសួនវប្បធម៌ដ៏ថ្មីស្រឡាងមួយនេះ ៕តាកែវ




