ខេត្តរតនគិរី៖ លោកតា សំ ធន់ មេភូមិសាមខា តំណាងឲ្យប្រជាពលរដ្ឋ ក្នុងឃុំជ័យឧត្តមស្រុកលំផាត់ និងឃុំសិរីមង្គលស្រុកកូនមុំ លោកស្រី បិន លានជាប្រជាជនរស់នៅភូមិ,ឃុំខាងលើ នៅល្ងាចថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ បានសំដែងសេចក្តីត្រេកអរ យ៉ាងខ្លាំង ដោយសង្ឃឹមថាក្នុងពេលដ៏ខ្លីខាងមុខនេះ អូរទទឹងនិងមានស្ពានឆ្លងកាត់ផ្សារភ្ជាប់គ្នាទៅមកងាយស្រួលរវាងឃុំទាំងពីរខាងលើ។
លោកបន្តថាតាំងពីតូចក្រូចឆ្មា តាំងពីសក់ខ្មៅរហូតមកដល់សក់ស អូរទទឹងនេះពុំដែលមានស្ពានឆ្លងកាត់ ពេលចង់ឆ្លងកាត់ទៅមកគឺឆ្លងទូកដរខ្សែរ៉ត និងចំណាយថវិកាថែមទៀត។
មកដល់ឆ្នាំ២០២៤ តាមរយ:ប្រព័ន្ឋផ្សព្វផ្សាយក្នុងស្រុកកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ មើលឃើញពីផលលំបាកជាក់ស្តែងរបស់ប្រជាជនត្រូវឆ្លងកាត់ទូកដរទាញខ្សែរ៉តទៅមកពីឃុំជ័យឧត្តម និងទៅឃុំសិរីមង្គលបែបនេះជាយូរមកហើយនោះ។ ការមើលឃើញពីអណត្តិមួយទៅអណត្តិមួយគ្មាននរណាមានគំនិតសាងសង់ស្ពានត្រង់អូរទទឹងនេះឲ្យប្រជាជនបានឆ្លងកាត់សោះ ហើយម៉្យាងវិញទៀត វាជាសម័យឌីជីថល ប្រើស្មាតហ្វូនទៅហើយនៅតែខ្វះខាតស្ពានឆ្លងកាត់ បែរជាប្រើប្រាស់ទូកដរអូសខ្សែរ៉តដូចសម័យប៉ុលពតទៅវិញ ជារឿងមួយដែលគួរឲ្យកត់សំគាល់យ៉ាងខ្លាំងបំផុត។
គួររំលឹកផងដែរថាក្រោយពីសារព័ត៌មានក្នុងស្រុកបានផ្សព្វផ្សាយព័ត៌មានរួចមក ក៏ជ្រៀបឮដល់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
កាលពីថ្ងៃទី២៤ ខែតុលាឆ្នាំ២០២៤ សម្តេចអញ្ជើញជាអធិបតីសម្ភោធឲ្យប្រើប្រាស់ទំនប់អូរតេ នៅខេត្តមណ្ឌលគិរី សម្តេចបានប្រកាសបង្គាប់ឲ្យឯកឧត្តម ឆាយ រិទ្ឋិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងឯកឧត្តម ខេន សាម៉េត ឲ្យចុះសិក្សាសាងសង់ស្ពានបាឡេចំណុចអូរទទឹងនោះ ជាបន្ទាន់ដើម្បីឲ្យប្រជាពលរដ្ឋរបស់លោកងាយស្រួលធ្វើដំណើរឆ្លងកាត់។
មកដល់ថ្ងៃទី២៨ ខែវិច្ចិកាឆ្នាំ២០២៤ កងវិស្វកម្មរបស់ក្រសួងអភិវឌ្ឍន៍ជនបទបានដឹកជញ្ជូនគ្រឿងចក្រនិងសម្ភារ:សាងសង់ស្ពាន ចាប់ផ្តើមដំណើការតែម្តង។
លោកមេភូមិសំ ធន់ ថា ស្ពានបាឡេនេះនិងសាងសង់រួចរាល់នៅខែមករាឆ្នាំ២០២៥ ដ៏ខ្លីឆាប់ៗខាងមុខនេះហើយ។
លោក សំ លាភ ក្នុងនាមជាសមាជិកក្រុមប្រឹក្សាស្រុកលំផាត់ តំណាងឲ្យប្រជាពលរដ្ឋជាច្រើនគ្រួសារនៅស្រុកលំផាត់ ដោយមានការត្រេកអរយ៉ាងខ្លាំងបន្ទាប់ពីសម្ដេចបវរអធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រគល់ជូនជាចំណងដៃស្ពានបាឡេឲ្យប្រជាពលរដ្ឋសម្រួលក្នុងការឆ្លងកាត់និងធ្វើដំណើរទៅមក ពីស្រុកលំផាត់ទៅស្រុកកូនមុំ។
ជាពិសេសសិស្សសាលានៅឃុំសេរីមង្គលស្រុកកូនមុំបានមករៀននៅក្នុងឃុំជ័យឧត្តមស្រុកលំផាត់ ដោយកៀកលំនៅដ្ឋានរបស់ពួកគាត់។បើទៅរៀននៅស្រុកកូនមុំវិញ ធ្វើដំណើរផ្លូវឆ្ងាយដីជាច្រើនគីឡូ៕