​ឥណ្ឌា ពង្រីកកិច្ចសហការលើវិស័យព័ត៌មាន ដើម្បីផ្សព្វផ្សាយទេសចរណ៍ និងវប្បធម៌

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា លោក វណ្ណឡាលវ៉ូណា បយធ្លង់ (Vanlalvawana Bawitlung) បានថ្លែងថា លោករីករាយ នឹងពង្រីកកិច្ចសហការជាមួយក្លិបអ្នកកាសែតកម្ពុជា លើវិស័យព័ត៌មាន ដើម្បីឈានទៅផ្សព្វផ្សាយលើផ្នែកផ្សេងៗទៀតជាច្រើនជាមួយកម្ពុជា ជាពិសេសវិស័យទេសចរណ៍ វប្បធម៌ និងការវិនិយោគ។

លោក Bawitlung បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី៤ ខែកញ្ញានេះ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា ក្នុងឱកាសដែលលោក ត្រូវបានតែងតាំងមកបំពេញបេសកកម្មការទូតនៅកម្ពុជា។

លោក ពុយ គា បានជម្រាបលោកឯកអគ្គរដ្ឋទូតថា ក្លិបអ្នកកាសែតកម្ពុជា មានអាយុកាលជាង២៥ឆ្នាំហើយ។ បច្ចុប្បន្ន ក្លិបអ្នកកាសែតកម្ពុជា មានសមាជិកសកម្មជាង ៦០០នាក់ ដែលកំពុងបំពេញវិជ្ជាជីវៈសារព័ត៌មាននៅស្ថាប័នចំនួនជិត២០០នៅទូទាំងប្រទេស។

លោក ពុយ គា បានថ្លែងថា ក្លិបអ្នកកាសែតកម្ពុជាបាននិងកំពុងដើរតួនាទីក្នុងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងក្រមសីលធម៌ដល់អ្នកសារព័ត៌មាន ព្រមទាំងបានរៀបចំនូវវគ្គបណ្តុះបណ្តាលលើជំនាញចាំបាច់ផ្សេងៗទៀត ជាពិសេសលើវិស័យបច្ចេកវិទ្យាព័ត៌មានវិទ្យា។ ជាមួយគ្នានេះ ក្លិបអ្នកកាសែតកម្ពុជា ក៏តែងរៀបចំវេទិកាសារព័ត៌មានជាមួយស្ថាប័នរដ្ឋ វិស័យឯកជន អង្គការសង្គមស៊ីវិល និងបណ្តាស្ថានទូតនានា ព្រមទាំងរៀបចំនូវដំណើរទស្សនកិច្ចអ្នកសារព័ត៌មានទៅកាន់តំបន់សក្តានុពលនានានៅទូទាំងប្រទេសកម្ពុជា។

ដើម្បីពង្រីកសកម្មភាពបន្ថែមទៀត លោក ពុយ គា បានស្នើដល់ស្ថានទូតឥណ្ឌា ពិនិត្យលទ្ធភាពក្នុងការជួយបណ្តុះបណ្តាលជំនាញចាំបាច់មួយចំនួនដល់អ្នកសារព័ត៌មានកម្ពុជា ជាពិសេសលើជំនាញបច្ចេកវិទ្យាព័ត៌មាន។

ថ្លែងក្នុងជំនួបនោះ  លោក វណ្ណឡាលវ៉ូណា បយធ្លង់ បានជម្រាបជូនលោក ពុយ គា ថា រយៈពេល ៧ខែដែលលោកបានមកបំពេញការងារនៅកម្ពុជា លោកបានឃើញពីការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សរបស់កម្ពុជា លើគ្រប់វិស័យ បើប្រៀបធៀបទៅនឹងឆ្នាំ២០០៩ ដែលលោកបានមកកម្ពុជា ជាលើកដំបូង។ 

លោកបានមានប្រសាសន៍ថា ឥណ្ឌា និងកម្ពុជា មានវប្បធម៌ និងប្រពៃណីស្រដៀងគ្នា ជាពិសេសការប្រើប្រាស់ភាសាសំស្ក្រឹត ហើយពលរដ្ឋឥណ្ឌាដែលបានមកកម្ពុជា សុទ្ធតែបង្ហាញការពេញចិត្តចំពោះការរស់នៅទីនេះ ជាពិសេសនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប។ ប៉ុន្តែ លោកឯកអគ្គរដ្ឋទូត បានលើកឡើងថា ចំនួនភ្ញៀវទេសចរឥណ្ឌាមកកម្ពុជា នៅមានកម្រិត បើធៀបទៅនឹងប្រទេសនានាក្នុងតំបន់។

ក្នុងន័យនេះ លោកសង្ឃឹមថា ស្ថានទូតឥណ្ឌា និងក្លិបអ្នកកាសែតកម្ពុជា អាចសហការគ្នាលើការងារផ្សព្វផ្សាយពីវិស័យទេសចរណ៍ និងវប្បធម៌នៃប្រទេសទាំងពីរ ដើម្បីទាក់ទាញភ្ញៀវទេសចរពីឥណ្ឌាឱ្យបានកាន់តែច្រើនបន្ថែមទៀត៕

Written by 

Related posts

Leave a Comment