ក្នុងឱកាសកិច្ចប្រជុំលើកទី២៥នៃក្រុមប្រឹក្សាប្រមុខរដ្ឋនៃសមាជិកអង្គការសហប្រតិបត្តិការសៀងហៃជិតនឹងបើកធ្វើ សកម្មភាពផ្លាស់ប្តូររវាងប្រជាជននិងប្រជាជននៃប្រទេសអង្គការសហប្រតិបត្តិការសៀងហៃឆ្នាំ២០២៥ដែលសហការរៀបចំធ្វើដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងលេខាធិការដ្ឋាននៃអង្គការសហប្រតិបត្តិការសៀងហៃបានធ្វើឡើងនៅក្រុងប៉េកាំងប្រទេសចិននៅថ្ងៃទី២៥ខែសីហា។ លោកJaparovប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាន និងលោក Shahbaz Sharif នាយករដ្ឋមន្រ្តីប៉ាគីស្ថានបានផ្ញើសារអបអរសាទរនិងជូនពរឱ្យសកម្មភាពនេះទទួលបានជោគជ័យដោយគាប់ប្រសើរ ។ ភ្ញៀវកិត្តិយសជាង១០០រូបក្នុងនោះរួមទាំងឥស្សរជនល្បីឈ្មោះក្នុងមជ្ឈដ្ឋាននានាមានដូចជានយោបាយ វប្បធម៌និងប្រព័ន្ធសារព័ត៌មាននៃប្រទេសអង្គការសហប្រតិបត្តិការសៀងហៃ បានអញ្ជើញចូលរួមនិងធ្វើជាសាក្សីនៃការប្រកាសសមិទ្ធផលជាច្រើនខាងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជននៃប្រទេសអង្គការសហប្រតិបត្តិការសៀងហៃ។
លោក Shen Haixiong អនុរដ្ឋមន្រ្តីនៃក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានថ្លែងថា ប៉ុន្មានឆ្នាំចុងក្រោយនេះ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនសហការជាមួយដៃគូនានានៃមហាគ្រួសារអង្គការសហប្រតិបត្តិការសៀងហៃដែលបានបង្កើតយន្តការសហប្រតិបត្តិការដូចជា “វេទិកាផ្លាស់ប្តូររវាងប្រព័ន្ធសារព័ត៌មានចិន-អង្គការសហប្រតិបត្តិការសៀងហៃ” រៀបចំសកម្មភាពផ្លាស់ប្តូរប្រជាជននិងប្រជាជនមួយចំនួន មានដូចជា “កិច្ចសន្ទនាតុមូលប្រព័ន្ធសារព័ត៌មានចិន-អង្គការសហប្រតិបត្តិការសៀងហៃ” “រដូវកាលចាក់ផ្សាយកម្មវិធីប្រណិតនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននៅប្រទេសអង្គការសហប្រតិបត្តិការសៀងហៃ ” និង “សំឡេងនៃសន្តិភាព” ជាដើម ។ យើងគួរធ្វើជាអ្នកផ្សព្វផ្សាយ “ស្មារតីសៀងហៃ” ពួតដៃគ្នាបង្កើតអនាគតដ៏ល្អបវរដែលប្រកបដោយសន្តិភាពនិងការអភិវឌ្ឍសម្រាប់មនុស្សជាតិ៕
