លោកស្រី ម៉ៅ សាវីន គ្រូបង្វឹកក្រុមនារីភ្នំពេញក្រោន បានថ្លែងក្នុងសន្និសីទព័ត៌មានមុនការប្រកួតនៃពានរង្វាន់ AFC Women’s Champions League 2025-26 ថា«សម្រាប់ការប្រកួតនាថ្ងៃនេះ នឹងក្លាយជាការប្រកួតមួយដ៏តានតឹង និងជឿជាក់ថាទាំងពីរក្រុមនឹងមិនងាយស្រួលលេងតទល់គ្នាទេ ប៉ុន្តែពួកយើងនឹងព្យាយាមធ្វើឲ្យបានល្អ។»
លោកស្រីបន្តថា «នេះគឺជាការចូលរួមលើកទីមួយរបស់យើង និងជាលើកទីមួយរបស់យើងរៀបចំធ្វើជាម្ចាស់ផ្ទះ។ ខ្ញុំគិតថាការទទួលធ្វើជាម្ចាស់ផ្ទះជាឱកាសល្អមែនទែនដែលយើងអាចបង្ហាញសមទ្ធផលពីកីឡាការិនីរបស់យើងដែលជាការលើកស្ទួយ និងជាពិសេសអាចឲ្យប្រជាជនរបស់យើងអាចឃើញពីគុណភាពកីឡាការិនី។ មានន័យថានារីនៅកម្ពុជាមិនសូវជាលេងបាល់ទាត់នោះទេ នៅពេលយើងរៀបចំការប្រកួតមួយនេះយើងសង្ឃឹមថាអាចជាការផ្សព្វផ្សាយឲ្យបានច្រើន។»។ «ខ្ញុំមានការប្តេជ្ញា ១០០ ភាគរយសម្រាប់ការប្រកួតនៅថ្ងៃនេះ។ ការប្រកួតដែលយើងធ្វើជាម្ចាស់ផ្ទះអាចនឹងជួយបណ្តុះគំនិត កីឡាការិនី និងក្មេងជំនាន់ក្រោយឲ្យមានការស្រលាញ់បាល់ទាត់នារី។ យើងនឹងលេងតំំណាងក្លិប ភ្នំពេញក្រោន និងកម្ពុជាទាំងមូល។» «ខ្ញុំមិនរំពឹងថានឹងមានអ្នកទស្សនាមកកីឡដ្ឋានផ្ទាល់ច្រើន ប៉ុន្តែបើសិនជាអ្នកដែលស្រលាញ់បាល់ទាត់ និងចង់ស្គាល់ពីយើងច្រើនជាងនេះទៀត យើងនឹងជួបគ្នានៅថ្ងៃទី ២៥ និង ២៨ ខែសីហា ដូចដែលខ្ញុំបានលើកឡើង យើងបានត្រៀមខ្លួន ១០០ ភាគរយ ខណះគោលដៅដែលយើងចង់់បានគឺឆ្លងទៅវគ្គបន្តទៀត។»
ជាចុងក្រោយលោកស្រីថា «ការប្រកួតថ្ងៃនេះតានតឹងដោយសារតែវាជាការប្រកួតលើកទី ១ របស់យើងដែលយើងលេងពានរង្វាន់អន្តរជាតិ និងពុំសូវទទួលបានព័ត៌មានពីក្រុមគូប្រកួត ប៉ុន្តែនេះគ្រាន់តែជាការប៉ាន់ស្មានរបស់យើង។ ជាក់ស្តែងយើងបានត្រៀមខ្លួន ១០០ ភាគរយសម្រាប់បង្ហាញទៅដល់ប្រជាជនរបស់យើងថាបាល់ទាត់នារីរបស់យើងដល់កម្រិតណាហើយ។»
សូមជម្រាបថា ក្រុមម្ចាស់ផ្ទះនារីភ្នំពេញក្រោន នឹងបើកទ្វារពហុកីឡដ្ឋានជាតិអូឡាំពិក ទទួលក្រុមភ្ញៀវមកពីឥណ្ឌា East Bengal FC ក្នុងជំនួបបើកឆាកពូល E នៃពានរង្វាន់ AFC Women’s Champions League 2025-26 វេលាម៉ោង១៩៖០០នាទីយប់នេះ ហើយ BTV នឹងធ្វើការផ្សាយបន្តផ្ទាល់ផងដែរ៕
