ឥណ្ឌូណេស៊ី សហរដ្ឋអាមេរិក បានចាប់ផ្តើមសមយុទ្ធយោធារួមគ្នា នៅថ្ងៃចន្ទនេះ ដែលមានរយៈពេលជាង ១ សប្តាហ៍ ដោយចូលរួមជាមួយសម្ព័ន្ធមិត្តមកពីប្រទេសចំនួន ១១ ក្នុងគោលបំណងធានាស្ថិរភាពក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

សមយុទ្ធប្រចាំឆ្នាំ “Super Garuda Shield” នឹងប្រព្រឹត្តទៅនៅរដ្ឋធានីហ្សាការតា និងទីតាំងជាច្រើននៅលើកោះស៊ូម៉ាត្រាភាគខាងលិច និងប្រជុំកោះ Riau រហូតដល់ថ្ងៃទី ៤ ខែកញ្ញា។
ទាហានឥណ្ឌូណេស៊ីជាង ៤,១០០ នាក់ និងទាហានអាមេរិក ១,៣០០ នាក់ នឹងចូលរួម និងមកពីប្រទេសអូស្ត្រាលី ជប៉ុន សិង្ហបុរី បារាំង នូវែលសេឡង់ អង់គ្លេស និងប្រទេសដទៃទៀត។
ទន្ទឹមនោះ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តមួយចំនួនដូចជាអូស្ត្រាលី ក៏បានសម្តែងការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីការកើនឡើងនៃការអះអាងរបស់ចិននៅក្នុងតំបន់ប៉ាស៊ីហ្វិក ប៉ុន្តែកន្លងមក ទីក្រុងវ៉ាស៊ីនតោនបញ្ជាក់ថា សមយុទ្ធបែបនេះមិនសំដៅដាក់សម្ពាធលើក្រុងប៉េកាំង នោះទេ។

ជាមួយគ្នានោះ យោធាឥណ្ឌូណេស៊ី បានបញ្ជាក់ថា សមយុទ្ធនេះរួមមានលំហាត់យោធា សមយុទ្ធការពារតាមអ៊ីនធឺណិត និងការបាញ់ប្រហារផ្ទាល់។
ដោយឡែក ប្រទេសដែលរួមមានឥណ្ឌា ប៉ាពួញូហ្គីណេ និងទីម័រខាងកើតក៏បានបញ្ជូនអ្នកសង្កេតការណ៍សម្រាប់សមយុទ្ធនេះដែរ។
គួរបញ្ជាក់ថា ឥណ្ឌូណេស៊ី រក្សាគោលនយោបាយការបរទេសអព្យាក្រឹត ព្យាយាមរក្សាទំនាក់ទំនងល្អជាមួយទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង ដោយដើរផ្លូវការទូតដ៏តឹងរ៉ឹងក្នុងការប្រកួតប្រជែងមហាអំណាច៕

ដោយ៖ ពេជ្រ