កណ្តាល-តាកែវ៖ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ អង្គការYUNDIខេត្តយូណាន និងសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានរៀបចំកម្មវិធីប្រគល់អាហារូបត្ថម្ភជូនដល់កុមារចំនួន៥រូប នៅមណ្ឌលសុខភាពឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល និង ៥រូបនៅមណ្ឌលសុខភាពឃុំដូង ស្រុកបាទី ខេត្តតាកែវ។

លោក ស៊ុ លេខ មេឃុំខ្ពប បានយល់ស្របជាមួយលោកស្រី អ៊ុង សុវណ្ណា ប្រធានមណ្ឌលសុខភាពឃុំខ្ពប ពីស្ថានភាពសុខភាពល្អប្រសើររបស់កុមារចំនួន៥រូបដែលមានជំងឺបេះដូងពីកំណើតបានជាសះស្បើយក្រោយពីទទួលបានការវះកាត់និងព្យាបាលដោយជោគជ័យនៅរាជធានីភ្នំពេញកាលពីចុងឆ្នាំ២០២៤។ លោកបានថ្លែងនូវការកោតសរសើរចំពោះសង្គមស៊ីវិលនៃប្រទេសយើងទាំងពីរដែលតែងបានយកចិត្តទុកដាក់លើសុខភាពរបស់កុមារដែលមានជំងឹបេះដូងពីកំណើតតាំងពីមុនពេលព្យាបាលរហូតដល់ពេលបច្ចុប្បន្ននេះ។
ក្នុងនាមក្រុមគ្រួសារកុមារទាំង៥រុបដែលជាសះស្បើយពីជំងឺបេះដូងពីកំណើត លោក លាង គឹមស្រុង ប្រធានមណ្ឌលសុខភាពឃុំដូងបានថ្លែងថា ក្នុងចំណោមកុមារទាំង៥រូបនេះ មាន១រូបបានវះកាត់និងព្យាបាលនៅមន្ទីរពេទ្យFuwaiខេត្តយូណានកាលពីដើមឆ្នាំ២០២៤ ហើយកុមារទាំង៥នេះទទួលបាននូវការតាមដានជាប្រចាំ ដែលជាពិសេសថ្ងៃនេះ កុមារទាំង៥នេះទទួលបានអាហារូបត្ថម្ភជាច្រើនបន្ថែមទៀតផងដែរពីអង្គការYUNDIខេត្តយូណាន និងសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន។

លោកស្រី Yang Lihua ប្រធានពីអង្គការYUNDIខេត្តយូណាន បានយល់ស្របជាមួយលោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ដោយបានជួបផ្ទាល់ជាមួយកុមារទាំង១០រូបមកទទួលអាហារូបត្ថម្ភដើម្បីបង្កើនសុខភាព និងធានាលើរបបអាហាររបស់កុមារទាំង១០រូបនេះ។ លោកស្រីបានបន្ថែមថា គម្រោងរបស់អង្គការYUNDIខេត្តយូណាន និងសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនសម្រាប់អាហារូបត្ថម្ភនេះនឹងផ្តល់ជូនដល់កុមារកម្ពុជាទាំង៤០រូបដែលជាសះស្បើយពីជំងឺបេះដូងពីកំណើត ដោយ២០រូបនៅក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប និង១០រូបនៅក្នុងស្រុកបរកែវ ខេត្តរតនគិរី។
គួរបញ្ជាក់ថា ចាប់ពីឆ្នាំ២០១៨មក អង្គការYUNDIខេត្តយូណាន និងសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនបានជួយសម្របសម្រួលជូនដល់កុមារកម្ពុជាដែលមានជំងឺបេះដូងពីកំណើតបានជាសះស្បើយពីការវះកាត់និងព្យាបាលដោយឥតគិតថ្លៃចំនួន១២២រូបនៅមន្ទីរពេទ្យបេះដូងFuwai ខេត្តយូណាន និង២៣រូបពីមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ ហើយកាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ សង្គមស៊ីវិលទាំង២នេះបានរួមចំណែកជាមួយមូលនិធិចិនPEACELAND និងមន្ទីរពេទ្យបេះដូងFuwai ក្រោមការគាំទ្រពីស្ថានទូតចិនប្រចាំកម្ពុជា បានប្រគល់ជូនរថយន្តពេទ្យចល័តដែលមានសមត្ថភាពវះកាត់និងព្យាបាលជំងឺបេះដូងជូនកុមារ ដល់សមាគមមិត្តភាពកម្ពុជា-ចិន៕







