​បទវិភាគ៖ឥទ្ធិពលអវិជ្ជមានដែលបណ្តាលមកពីគោលនយោបាយពន្ធគយរបស់អាមេរិកបាននិងកំពុងរំលេចចេញជាសន្សឹមៗ

នាពេលថ្មីៗកន្លងទៅនេះ លោក ត្រាំ ប្រធានាធិបតីអាមេរិកបានប្រកាសអត្រាពន្ធគយទៅលើទំនិញរបស់ដៃគូពាណិជ្ជកម្មអាមេរិកចំនួន៦៩ដែលនាំចេញទៅកាន់អាមេរិក ហើយបានដំឡើងពន្ធគយទៅលើផលិតផលរបស់ប្រទេសកាណាដានិងប្រេស៊ីល និងផលិតផលទង់ដែងដែលនាំចេញទៅកាន់អាមេរិក ។ ព្រមពេលជាមួយគ្នានេះ ក៏បានគំរាមកំហែងនិងដាក់សម្ពាធទៅលើដៃគូពាណិជ្ជកម្ម ដើម្បីឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាច្រើនទៀតផង ។ ទាក់ទងនឹងរឿងនេះ វេបសាយនៃកាសែត The Washington Post របស់អាមេរិកបានចេញផ្សាយអត្ថបទថា អាមេរិកធ្លាប់ជាអ្នកផ្តួចផ្តើមនៃសេដ្ឋកិច្ចសកលដែលប្រកបដោយភាពបើកទូលាយ ប៉ុន្តែបច្ចុប្បន្ននេះបែរជាអនុវត្តអត្រាពន្ធគយគិតជាមធ្យមខ្ពស់បំផុតក្នុងរយៈពេលជិតមួយរយឆ្នាំកន្លងមក បានក្លាយជាប្រទេសដែលមានពន្ធគយខ្ពស់បំផុតក្នុងចំណោមអង្គភាពសេដ្ឋកិច្ចសំខាន់ៗនៅលើពិភពលោក គោលនយោបាយពន្ធគយរបស់លោកត្រាំបានបំផ្លាញសណ្តាប់ធ្នាប់ពិភពលោកដែលប្រកបដោយសន្តិភាពនិងវិបុលភាព ។

        ថ្ងៃទី ១ ខែសីហា តំបន់ជាច្រើននៃប្រទេសប្រេស៊ីលបានផ្ទុះការតវ៉ាដោយទ្រង់ទ្រាយធំ ដើម្បីប្រឆាំងតវ៉ាយ៉ាងខ្លាំងក្លាចំពោះគោលនយោបាយរបស់រដ្ឋាភិបាលអាមេរិកស្តីពីការដំឡើងពន្ធគយខ្ពស់ទៅលើទំនិញមួយចំនួនរបស់ប្រទេសប្រេស៊ីល ។ អ្នកវិភាគបានសម្គាល់ឃើញថា ការដែលរដ្ឋាភិបាលអាមេរិកដំឡើងពន្ធគយ មិនត្រឹមតែនឹងធ្វើឱ្យប៉ះពាល់ដល់សហគ្រាសប្រេស៊ីលដែលមានទំនិញត្រូវដំឡើងពន្ធគយប៉ុណ្ណោះទេ ថែមទាំងក៏បានបំផ្លាញដល់ខ្សែសង្វាក់ឧស្សាហកម្មទាំងមូលរបស់ទំនិញទៀតផង ដូច្នេះ ភាគីទាំងពីរអាមេរិកនិងប្រេស៊ីលសុទ្ធតែមានការខាតបង់។

        ការអនុវត្តគោលនយោបាយពន្ធគយយ៉ាងអនាធិបតេយ្យរបស់អាមេរិក ជាទង្វើអនុត្តរភាពដ៏សុទ្ធសាធ ក្នុងបញ្ជីឈ្មោះសម្រាប់យកពន្ធគយរបស់លោកត្រាំ សូម្បីតែអង្គភាពសេដ្ឋកិច្ចតូចនិងខ្សោយមួយចំនួនក្តី ក៏មិនបានលើកលែងដែរ ។ ក្នុងបរិបទដែលកម្រិតអភិវឌ្ឍសេដ្ឋកិច្ចនិងកម្លាំងជាក់ស្តែងខាងសេដ្ឋកិច្ចមិនដូចគ្នា គោលនយោបាយដំឡើងពន្ធគយរបស់អាមេរិកនឹងបណ្តាលឱ្យប្រទេសក្រីក្រដែលពឹងផ្អែកទៅលើការនាំចេញយ៉ាងខ្លាំងទាំងនោះរងការវាយប្រហារមិនដែលមានកាលពីមុន ហើយក៏នឹងបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់កិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវរបៀបវារៈអភិវឌ្ឍន៍ជានិរន្តរភាពឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិផងដែរ ។ លោក Gourinchas ប្រធានសេដ្ឋវិទូនៃអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិបានព្រមានថា ទង្វើនេះហាក់ដូចជាបាចខ្សាច់ទៅលើកង់របស់សេដ្ឋកិច្ចសកល វានឹងធ្វើឱ្យមនុស្សគ្រប់រូបមានសភាពកាន់តែអាប់អួ ។

        ក្នុងសង្គ្រាមពន្ធគយនិងសង្គ្រាមពាណិជ្ជកម្ម គ្មានអ្នកឈ្នះទេ ការអនុវត្តការពារនិយមនឹងបំផ្លាញដល់ផលប្រយោជន៍រួមរបស់បណ្តាប្រទេសនានា ក្នុងនោះក៏បូករួមទាំងអ្នកប្រើប្រាស់របស់អាមេរិកផងដែរ ។ លទ្ធផលនៃការសិក្សាស្រាវជ្រាវថ្មីបំផុតដែលសកលវិទ្យាល័យYale ប្រកាសនៅថ្ងៃទី ១ ខែសីហាបានបង្ហាញឱ្យឃើញថា បច្ចុប្បន្ននេះ អ្នកប្រើប្រាស់អាមេរិកបាននិងកំពុងប្រឈមនឹងអត្រាពន្ធគយខ្ពស់បំផុតតាំងពីឆ្នាំ១៩៣៤មក ក្នុងឆ្នាំ២០២៥ ពន្ធគយនឹងបណ្តាលឱ្យគ្រួសារអាមេរិកនីមួយៗគិតជាមធ្យមបន្ថែមចំណាយ២៤០០ដុលារអាមេរិក អាមេរិកបាននិងកំពុងផ្ទេរដើមទុននៃពន្ធគយទៅឱ្យអ្នកប្រើប្រាស់របស់ប្រទេសខ្លួន។

        ព្រមពេលជាមួយគ្នានេះ គោលនយោបាយពន្ធគយមិនត្រឹមតែមិនបានលើកស្ទួយសេដ្ឋកិច្ចអាមេរិកប៉ុណ្ណោះទេ ក៏ប៉ុន្តែឥទ្ធិពលអវិជ្ជមានដែលបណ្តាលមកពីគោលនយោបាយនេះបានរំលេចចេញជាសន្សឹមៗ ។ នាពេលថ្មីៗកន្លងទៅនេះ សេដ្ឋកិច្ចអាមេរិកបានលេចចេញសញ្ញាទន់ខ្សោយជាច្រើន ដូចជាទីផ្សារកម្លាំងពលកម្មបានធ្លាក់ចុះ និងតម្រូវការនៃការប្រើប្រាស់មានភាពទន់ខ្សោយជាដើម ដែលបានធ្វើឱ្យអនាគតនៃសេដ្ឋកិច្ចអាមេរិកគ្របដណ្តប់ដោយស្រមោលខ្មៅ ។

        ទិន្នន័យសេដ្ឋកិច្ចដែលក្រសួងការងាររបស់អាមេរិកចេញផ្សាយនៅថ្ងៃទី១ ខែសីហាបានបង្ហាញថា ទីផ្សារកម្លាំងពលកម្មរបស់អាមេរិកបានលេចចេញសភាពធ្លាក់ចុះយ៉ាងច្បាស់លាស់ ។ នៅខែកក្កដាអត្រាបាត់បង់ការងារបានឡើងដល់៤,២ភាគរយ អត្រាជ្រើសរើសបុគ្គលិករបស់សហគ្រាសបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល៧ខែចុងក្រោយនេះ  ។

        ភាពមិនប្រាកដប្រជាដែលនាំមកដោយគោលនយោបាយពន្ធគយរបស់សហរដ្ឋអាមេរិកបានបណ្តាលឱ្យសហគ្រាសកាន់អាកប្បកិរិយារង់ចាំមើលជាទូទៅ ហើយឆន្ទៈបណ្តាក់ទុនរបស់ក្រុមហ៊ុនអាមេរិកបានធ្លាក់ចុះដល់កម្រិតទាបក្នុងរយៈពេលជិត៥ឆ្នាំកន្លងមក។លោកBlake Gwinnអ្នកទទួលបន្ទុកគោលនយោបាយអត្រាការប្រាក់របស់សហរដ្ឋអាមេរិកក្នុងទីផ្សារមូលធននៃធនាគារRoyalនៃប្រទេសកាណាដាបានថ្លែងថា គោលនយោបាយពន្ធគយនឹងមានឥទ្ធិពលអវិជ្ជមានលើគ្រប់ទិដ្ឋភាពទាំងអស់នៃសេដ្ឋកិច្ចអាមេរិក បើចង់លុបបំបាត់ផលប៉ះពាល់ ស្ដារការវិនិយោគនិងជំនឿចិត្តរបស់អ្នកប្រើប្រាស់ឡើងវិញ វានឹងមានការលំបាកខ្លាំងណាស់។

​ការអភិវឌ្ឍគឺជាសិទ្ធិជាទូទៅរបស់ប្រទេសទាំងអស់ តែមិនមែនជាកម្មសិទ្ធផ្តាច់មុខរបស់ប្រទេសមួយចំនួនតូចនោះទេ។ ការបើកចំហនិងធ្វើកិច្ចសហប្រតិបត្តិការ ជានិន្នាការប្រវត្តិសាស្ត្រ ការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ គឺជាគោលបំណងជាទូទៅរបស់ប្រជាជន។ កិច្ចការលើផ្ទៃអន្តរជាតិគួរតែត្រូវបានដោះស្រាយតាមរយៈការពិគ្រោះពិភាក្សាជាមួយគ្នា ហើយអនាគត និងជោគវាសនារបស់ពិភពលោកគួរត្រូវក្តាប់ក្នុងដៃរបស់ប្រទេសនានា។ ក្នុងសង្គ្រាមពាណិជ្ជកម្មនិងសង្គ្រាមពន្ធគយគ្មានអ្នកឈ្នះទេ ហើយការពារនិយមក៏គ្មានផ្លូវចេញដែរ។ ការអនុវត្តអនុត្តរភាពខាងសេដ្ឋកិច្ចដែលបង្កជាគ្រោះថ្នាក់ដល់ប្រទេសជិតខាងពិតជានឹងបកមកត្របាក់ខ្លួនវិញជាក់ជាមិនខាន៕

Written by 

Related posts

Leave a Comment