ក្រសួងការពារជាតិសូមជម្រាបជូនដល់សាធារណជន និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិអំពីលទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥របស់កម្ពុជា និងកងទ័ពភូមិភាគទី១របស់ថៃ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ នៅខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ។

គណៈប្រតិភូកម្ពុជា ដឹកនាំដោយ ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការយោធភូមិភាគទី៥ និងជាសហប្រធាននៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC)។ គណៈប្រតិភូថៃ ដឹកនាំដោយ ឧត្តមសេនីយ៍ឯក Amarit Boonsuya មេបញ្ជាការ កងទ័ពភូមិភាគទី១ និងជាសហប្រធាននៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC)។
កិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) បានបញ្ចប់ដោយជោគជ័យនៅវេលាម៉ោង១១:១៥នាទីព្រឹកថ្ងៃដដែល ដោយភាគីកម្ពុជា និងថៃបានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការអនុវត្តបទឈប់បាញ់ និងគោលការណ៍ឯកភាពទាំង១៣ចំណុច ការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី និងការស្តារប្រក្រតីភាពឡើងវិញនៅតាមតំបន់ព្រំដែន។ ភាគីទាំងពីរក៏បានឯកភាពគ្នាក្នុងការរៀបចំកិច្ចប្រជុំបន្ទាប់របស់គណៈកម្មាធិការកិច្ចការព្រំដែនថ្នាក់យោធភូមិភាគ (RBC) ក្នុងរយៈពេលមួយខែក្រោយកិច្ចប្រជុំវិសាមញ្ញនេះ ឬតាមពេលវេលាសមស្រប ដោយប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងអ្នកសារព័ត៌មានជាតិនិងអន្តរជាតិជ្រាបជាព័ត៌មាន៕
(ថ្ងៃសុក្រ ១៣រោច ខែស្រាពណ៏ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថៃ្ងទី២២ ខែសីហា ឆ្នាំ២0២៥)(AKP)








