បន្ទាយមានជ័យ៖ក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា កិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) នឹងប្រព្រឹត្តទៅនៅថ្ងៃនេះ នៅខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ។

ក្រសួងការពារជាតិ បានបញ្ជាក់ថា គណៈប្រតិភូកម្ពុជាដឹកនាំដោយ ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការយោធភូមិភាគទី៥ និងជាសហប្រធាននៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC)។ គណៈប្រតិភូថៃ ដឹកនាំដោយ ឧត្តមសេនីយ៍ឯក Amarit Boonsuya មេបញ្ជាការ កងទ័ពភូមិភាគទី១ និងជាសហប្រធាននៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC)។
កម្ពុជាសង្ឃឹមយ៉ាងមុតមាំថា កិច្ចប្រជុំនេះនឹងទទួលបានលទ្ធផលជាវិជ្ជមានបន្ថែមទៀត ដែលអនុញ្ញាតឱ្យភាគីទាំង២ អាចជំរុញការអនុវត្តបទឈប់បាញ់ឱ្យមានប្រសិទ្ធភាពពេញលេញ នឹងនាំមកនូវសន្តិភាព ស្ថិរភាព និងស្ថានភាពប្រក្រតីវិលត្រលប់មកវិញបានឆាប់រហ័ស៕

