ខេត្តរតនគិរី÷ រថយន្តបែនមួយគ្រឿងដឹកដីដាក់ពេញប្រៀបហួសទ្រុង មិនបានគ្របស្បៃពីលើដី ធ្វើឲ្យដីជ្រុះនិងហុយមកលើប្រជាពលរដ្ឋដែលកំពុងធ្វើដំណើរតាមម៉ូតូ ឬតាមរថយន្តពីក្រោយបង្កឲ្យមានការគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុផ្សេងៗណាមួយកើតឡើងនៅចំពោះមុខ។

ជាក់ស្ដែងនៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥នេះ រថយន្តបែនដឹកដីមួយគ្រឿងគ្មានស្លាកលេខពីក្រោយ បានដឹកជញ្ជូនដីចេញពីត្រង់ចំណុចភូមិ៤ សង្កាត់កាចាញ ក្រុងបានលុង ឆ្លងកាត់ផ្លូវជាតិលេខ៧៨ចូលមកក្រុងបានលុងយ៉ាងរំភើយ ពុំមានអាជ្ញាធរពាក់ព័ន្ធណែនាំនោះឡើយ។
ប្រជាពលរដ្ឋបានលើកឡើងថា ពួកគាត់ធ្វើដំណើរតាមម៉ូតូនិងបើករថយន្តពីក្រោយរថយន្តបែនដឹកដីនេះ ឃើញមានដីជ្រុះលើដងផ្លូវជាតិ ហើយថែមទាំងដីហុយព្រោងព្រៀតមកលើពួកគាត់ដែលកំពុងជិះម៉ូតូនិងរថយន្តបង្កជាហេតុឲ្យមានគ្រោះថ្នាក់ចរាចរណ៍ណាមួយដែលកើតឡើងដោយមិនដឹងខ្លួន។

ប្រជាពលរដ្ឋបានលើកឡើងទៀតថា សូមសំណូមពរទៅដល់អាជ្ញាធរក្រុងបានលុង មានវិធានការទៅលើរថយន្តដឹកដីទាំងនោះផង។រាល់ការដឹកជញ្ជូនមិនបានគ្របស្បៃពីលើដីបង្កឲ្យមានដីហុយ មកលើពួកគាត់ដែលកំពុងធ្វើចរាចរណ៍នៅលើដងផ្លូវនេះ ជៀសវាងមានបញ្ហាជួបគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗហើយដីដែលជ្រុះលើផ្លូវនោះធ្វើឲ្យពួកគាត់ជិះម៉ូតូខ្លាចរអិលដួល ដោយប្រការណាមួយ។
លោក កៃ សាវិន អភិបាលរងក្រុងបានលុង ទទួលបន្ទុកផ្នែកសណ្តាប់ធ្នាប់ នៅរសៀលថ្ងៃទី១៩សីហានេះ សារព័ត៌មានយើងបានខលទៅជាច្រើនដងមិនមានអ្នកលើកទូរសព្ទ។
ករណីដែលរថយន្តមិនបានគ្របស្បៃនោះ មិនមែនតែម្ដងនោះទេ គឺជារៀងរាល់ថ្ងៃ រាល់ខែទៅហើយ ប៉ុន្តែសមត្ថកិច្ចជំនាញពាក់ព័ន្ធមិនមានវិធានការណាមួយឲ្យក្តៅទៅលើរថយន្តទាំងនោះឡើយ៕

