ប្រមុខ UN ជំរុញឱ្យមានសកម្មភាពការពារបុគ្គលិកជំនួយ ក្នុងទិវាមនុស្សធម៌ពិភពលោក

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres កាលពីថ្ងៃអង្គារម្សិលមិញបានអំពាវនាវដោយជំរុញឱ្យមានសកម្មភាពជាសកលកាន់តែខ្លាំងឡើងដើម្បីការពារបុគ្គលិកមនុស្សធម៌។ លោកក៏បានព្រមានថា ជំនួយសង្គ្រោះជីវិតកំពុងស្ថិតនៅក្រោមការគំរាមកំហែងកាន់តែខ្លាំងឡើង នៅពេលដែលការវាយប្រហារលើបុគ្គលិកជំនួយឈានដល់កម្រិតកំណត់ត្រាមួយកួរឲ្យកត់សម្គាល់។

 នៅក្នុងសេចក្តីថ្លែងការណ៍ជាវីដេអូដែលប្រារព្ធទិវាមនុស្សធម៌ពិភពលោក លោក Guterres បាននិយាយថា បុគ្គលិកមនុស្សធម៌គឺជា “ខ្សែជីវិតចុងក្រោយសម្រាប់មនុស្សជាង ៣០០ លាននាក់ ដែលជាប់នៅក្នុងជម្លោះ ឬគ្រោះមហន្តរាយ”។ ប៉ុន្តែពួកគេប្រឈមមុខនឹងគ្រោះថ្នាក់កាន់តែច្រើន និងកាត់បន្ថយធនធាន។

លោកបានលើកទ្បើងថា កាលពីឆ្នាំមុន យ៉ាងហោចណាស់បុគ្គលិកជំនួយចំនួន ៣៩០ នាក់ ដែលជាកំណត់ត្រាខ្ពស់ត្រូវបានសម្លាប់នៅទូទាំងពិភពលោក”។ លោកបានសង្កត់ធ្ងន់អំពីអំពើហិង្សានៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ស៊ូដង់ មីយ៉ាន់ម៉ា និងតំបន់ជម្លោះផ្សេងទៀត។ 

 លោកថា ច្បាប់អន្តរជាតិមានភាពច្បាស់លាស់ និងជាប់កាតព្វកិច្ច ហើយមនុស្សធម៌ត្រូវតែត្រូវបានគោរព និងការពារ។ ពួកគេមិនអាចត្រូវបានគេកំណត់គោលដៅនោះឡើយ។

 ទោះបីជារដ្ឋាភិបាលសន្យាចាត់វិធានការ និងក្រុមប្រឹក្សាសន្តិសុខគូសបញ្ជាក់ពីវិធានការដើម្បីការពារបុគ្គលិកជំនួយក៏ដោយ លោក Guterres បានសង្កត់ធ្ងន់ថា “បន្ទាត់ក្រហមត្រូវបានឆ្លងកាត់ដោយនិទណ្ឌភាព” ហើយអ្វីដែលបាត់គឺ “ ឆន្ទៈនយោបាយ និងភាពក្លាហានខាងសីលធម៌”។

លោក​ក៏បាន​ជំរុញ​ឲ្យ​រដ្ឋ​នានា​វិនិយោគ​លើ​សុវត្ថិភាព​បុគ្គលិក​ជំនួយ បញ្ឈប់​លំហូរ​អាវុធ​ដល់​ភាគី​ដែល​បំពាន​ច្បាប់​អន្តរជាតិ ពង្រឹង​គណនេយ្យភាព និង​នាំ​ជនល្មើស​មក​កាត់ទោស។ លោក Guterres ក៏បានបញ្ជាក់ដែរថា ការវាយប្រហារលើមនុស្សធម៌ គឺជាការវាយប្រហារលើមនុស្សជាតិទាំងមូល៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment