​សង្គមស៊ីវិលរួមចំណែកបង្កើនបរិមាណវិនិយោគិនចិននៅកម្ពុជា

ព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលកម្ពុជាសម្រាប់ស្រាវជ្រាវផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញមានរៀបចំសិក្ខាសាលាស្តីពី «កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និង ពាណិជ្ជកម្ម រវាងកម្ពុជានិងចិន ឆ្នាំ២០២៥» ក្រោមអធិបតីភាពរបស់ឯកឧត្តម ឡៅ ម៉េង អនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី។

ថ្លែងទៅកាន់អង្គពិធីដែលមានអ្នកចូលរួមសរុបចំនួន៥០រូបមកពីទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន មូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍ មូលនិធិចិនPEACELAND និង សាកលវិទ្យាល័យនយោបាយ សេដ្ឋកិច្ច និងនីតិសាស្រ្តសៀងហៃ លោក Ge Lei ប្រធាននាយកដ្ឋានគម្រោងនៃមូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍ បានថ្លែងថា ក្នុងនាមជាស្ថាប័នរៀបចំសិក្ខាសាលានេះផ្តោតលើគោលបំណងសំខាន់ចំនួន៤គឺ១-ប្រមូលធាតុចូលពីផលវិជ្ជមានដែលបានពីកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មរវាងកម្ពុជានិងចិន ២-បង្កើនកិច្ចសហប្រតិបត្តិការរវាងក្រុមបញ្ញាញាណជាន់ខ្ពស់នៃប្រទេសយើងទាំងពីរ ៣-ផ្សារភ្ជាប់ទំនាក់ទំនងរវាងស្ថាប័នស្រាវជ្រាវពីក្រុងសៀងហៃនិងមជ្ឈមណ្ឌលកម្ពុជាសម្រាប់ស្រាវជ្រាវផ្លូវសូត្រសមុទ្រសតវត្សទី២១ និង៤-ពន្លាតកិច្ចគាំទ្រលើការផ្តល់អាហារូបករណ៍ដល់សិស្ស-និស្សិតកម្ពុជាទៅបន្តការសិក្សានៅប្រទេសចិនតាមរយៈសមាគមសិស្ស-និស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត)។

ឯកឧត្តម ឡៅ ម៉េង អនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី បានថ្លែងគាំទ្រដល់លោកបណ្ឌិត នាក់ ចន្តារិទ្ធ ប្រធានមជ្ឈមណ្ឌលកម្ពុជាសម្រាប់ស្រាវជ្រាវផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១ និងបានវាយតម្លៃខ្ពស់ដល់លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ដែលតែងបានឧទ្ទេសនាមបណ្តាដៃគូជាច្រើនរបស់ប្រទេសចិនក្នុងក្របខណ្ឌស្រាវជ្រាវជាន់ខ្ពស់មកចែករំលែក និងផ្តល់បទពិសោធន៍ ព្រមទាំងធ្វើកិច្ចសហការលើវិស័យសិក្សាស្រាវជ្រាវនានាជាមួយមជ្ឈមណ្ឌលនិងបណ្តាដៃគូពាក់ព័ន្ធនានា។ សិក្ខាសាលានាថ្ងៃនេះជាសក្ខីភាពបញ្ជាក់ពីកិច្ចខិតខំរបស់ក្រុមបញ្ញាញាណជាន់ខ្ពស់របស់កម្ពុជាក្នុងការរិះរកនូវធាតុចូលបន្ថែមទៀតសម្រាប់រួមចំណែកដល់កិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។

លោកសាស្រ្តាចារ្យបណ្ឌិត ហ៊ូ យ៉ុងអិន (Hu Rongen) នាយកវិទ្យាស្ថាននីតិសាស្រ្តផ្លូវសូត្រសមុទ្ររបស់ប្រទេសចិនបានថ្លែងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិន-កម្ពុជានេះ គឺជាព្រឹត្តិការណ៍ថ្មីមួយទៀត សម្រាប់ការអភិវឌ្ឍទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មទ្វេភាគី នឹងជួយជំរុញសហគ្រាសក្រុមហ៊ុនចិនកាន់តែច្រើនដែលបង្កើតអត្ថប្រយោជន៍កាន់តែខ្លាំងសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។ លោកសាស្ត្រាចារ្យក៏បានគាំទ្រប្រសាសន៍លោកស្រី ស៊ូ ជីងអ៊ី (Shu Jingyi) ដែលបានបង្ហាញពីគុណតម្លៃច្បាប់វិនិយោគសម្រាប់ជាលំនឹងបង្អែកដល់ទំនុកចិត្តវិនិយោគិនចិននៅកម្ពុជា។

លោកបណ្ឌិត កៅ មុយថង អ្នកវិភាគសង្គម សូមវាយតម្លៃខ្ពស់ចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជានិងចិន គឺពិតជាមានសារៈសំខាន់ច្រើន សម្រាប់ការអភិវឌ្ឍទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មទ្វេភាគី ដោយជួយជំរុញសហគ្រាស ក្រុមហ៊ុន ព្រមទាំងបង្កើតអត្ថប្រយោជន៍កាន់តែច្រើនសម្រាប់ប្រជាជននៃប្រទេសយើងទាំងពីរ។ ឆ្នាំ២០២៥ ជាឆ្នាំទេសចរណ៍កម្ពុជា-ចិន ដែលនេះជាឱកាសក្នុងការបន្តផ្សារភ្ជាប់ និងពង្រីកទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ទំនាក់ទំនងពាណិជ្ជកម្ម ពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការល្អ គឺដើម្បីបន្តការគាំទ្រដល់កិច្ចកសាងសហគមន៍ជោគវាសនារួម កម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី។

លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ជឿជាក់ថា សិក្ខាសាលានេះនឹងរួមចំណែក ជំរុញឲ្យកម្ពុជានិងចិនស្វែងយល់ពីគ្នាបន្ថែមទៀត ជាពិសេស វិនិយោគិន បានស្គាល់កាន់តែច្បាស់ អំពីសក្តានុពលវិនិយោគ នៅក្នុងប្រទេសកម្ពុជា។

លោកបណ្ឌិត នាក់ ចន្តារិទ្ធ បានវាយតម្លៃខ្ពស់ចំពោះបទបង្ហាញរបស់វាគ្មិនកម្ពុជាទាំងពីររូប គឺឯកឧត្តមបណ្ឌិត កៅ មុយថង និងឯកឧត្តមបណ្ឌិត ហៀង សុធារ៉ា បានយល់ស្របថា កិច្ចព្រមព្រៀងសេរីពាណិជ្ជកម្មកម្ពុជា-ចិនបានផ្តល់អត្ថប្រយោជន៍ចំនួន៣គឺ៖ ១-ការទទួលបានការបើកទីផ្សារឱ្យបានធំជាងមុន និងប្រសើរជាងមុន សម្រាប់មុខទំនិញ ផលិផលត្រីសាច់គ្រប់ប្រភេទ កសិផលបន្លែផ្លែឈើ ផលិតផលកែច្នៃ និងសិប្បកម្ម និងផលិតផលជាច្រើនផ្សេងទៀត ២-ការទទួលបានលំហូរទីផ្សារពាណិជ្ជកម្មសេវាកម្ម ដែលកម្ពុជាអាចនាំចេញ ក្នុងករណីមានការបណ្តុះបណ្តាលជំនាញ និងមានគុណវុឌ្ឍិគ្រប់គ្រាន់ ជាពិសេសនៅពេលដែលកម្ពុជាអាចពង្រឹងខ្លួនឯងឱ្យរឹងមំាក្នុងវិស័យសេវាកម្មនាពេលខាងមុខ និង៣-ការទទួលបានផលប្រយោជន៍ពីការប្រមូលពន្ធដារ ការទទួលបានការងារ ការទទួលបានការបណ្តុះបណ្តាលចំណេះដឹង ចំណេះធ្វើជំនាញពីអ្នកផ្គត់ផ្គង់និងក្រុមហ៊ុនផ្គត់ផ្គង់សេវាបរទេសជាដើម៕

Written by 

Related posts

Leave a Comment