អ្នកនាំពាក្យកងកម្លាំងការពារអ៊ីស្រាអែល (IDF) លោក Avichay Adraee បាននិយាយ នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា កងទ័ព កំពុងដាក់បម្រាមលើចលនាត្រឡប់មកផ្ទះរបស់ជនស៊ីវិល នៅភាគខាងត្បូងប្រទេសលីបង់ ។
យោងតាមសេចក្តីថ្លែងការណ៍របស់កងទ័ព បានលើកឡើងថា អ្នកស្រុកនៅភាគខាងត្បូងដែលត្រឡប់មកវិញ អាចបង្កគ្រោះថ្នាក់ដល់ខ្លួនឯង។ លើសពីនេះ លោក បានបញ្ចេញបញ្ជីភូមិចំនួនជាង ៦០ ដែលត្រូវហាមឃាត់ ផងដែរ។
កិច្ចព្រមព្រៀងឈប់បាញ់គ្នារវាងអ៊ីស្រាអែល និងលីបង់ បានចូលជាធរមាន នៅថ្ងៃទី ២៧ ខែវិច្ឆិកា ដោយផ្អែកលើគំនិតផ្តួចផ្តើមរបស់អាមេរិក-បារាំង។
កិច្ចព្រមព្រៀងនេះ ផ្តល់សម្រាប់ការដាក់ពង្រាយកងទ័ពលីបង់ ដែលគាំទ្រដោយកងកម្លាំងបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិនៅក្នុងប្រទេសលីបង់ តាមបណ្តោយព្រំដែនភាគខាងត្បូងប្រទេស ហើយកងកម្លាំងអ៊ីស្រាអែល នឹងត្រូវដកចេញជាបណ្តើរៗពីភាគខាងត្បូងលីបង់ក្នុងរយៈពេល ៦០ ថ្ងៃ ៕
ដោយ៖ ពេជ្រ