កងកម្លាំងប្រជាធិបតេយ្យស៊ីរីដែលគាំទ្រដោយសហរដ្ឋអាមេរិក (SDF) និងកងទ័ពជាតិស៊ីរីដែលគាំទ្រដោយទួរគី (SNA) បានឈានដល់បទឈប់បាញ់បន្ទាប់ពីការប្រយុទ្ធជាច្រើនថ្ងៃដើម្បីគ្រប់គ្រងទីក្រុងភាគខាងជើងនៃទីក្រុង Manbij ។ នេះបើយោងតាមមេបញ្ជាការកំពូល SDF លោក Mazloum Abdi បានប្រកាសជាសាធារណៈនៅថ្ងៃនេះ។
លោក Abdi បានសរសេរនៅលើ X នៅព្រឹកថ្ងៃពុធនេះថា “យើងឈានដល់កិច្ចព្រមព្រៀងឈប់បាញ់នៅទីក្រុង Manbij ជាមួយការសម្រុះសម្រួលរបស់សហរដ្ឋអាមេរិក ដើម្បីការពារសន្តិសុខ និងសុវត្ថិភាពរបស់ជនស៊ីវិល”។ លោកបានបន្ថែមថា “យុទ្ធជន SDF ក្នុងតំបន់នឹងត្រូវបានដកចេញពីតំបន់ឱ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន”។
លោក Abdi បានសរសេរបន្តទៀតថា “គោលដៅរបស់យើងគឺបទឈប់បាញ់នៅទូទាំងប្រទេសស៊ីរី និងដើម្បីចូលទៅក្នុងដំណើរការនយោបាយសម្រាប់អនាគតរបស់ប្រទេសស៊ីរី”។
ចំណែកកងកម្លាំង SDF ដែលគ្រប់គ្រងដោយជនជាតិឃឺដបានរាយការណ៍មុននេះដែរថា កងកម្លាំង SNA បាននិងកំពុងវាយប្រហារទីក្រុង Manbij ដែលជាទីក្រុងនៅភាគឦសាននៃទីក្រុង Aleppo ចាប់តាំងពីថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ មក ហើយកំពុងឆ្ពោះទៅកាន់ទីក្រុង Kobani ដែលជាបន្ទាយដ៏រឹងមាំរបស់ជនជាតិឃឺដ នៅជិតព្រំដែនជាមួយTürkiye។ ការវាយប្រហារនេះបានកើតឡើងស្របពេលនឹងការវាយលុកជាទូទៅដោយក្រុមប្រឆាំងប្រដាប់អាវុធស៊ីរីដែលបានឈានដល់ចុងសប្តាហ៍ដោយការដណ្តើមយកក្រុង Damascus និងការទម្លាក់លោកប្រធានាធិបតី Bashar Assad។
យោងតាមប្រព័ន្ធផ្សព្វផ្សាយទួរគីបានឲ្យដឹងថា កងកម្លាំង SNA កំពុងធ្វើប្រតិបត្តិការប្រឆាំងនឹងកងជីវពលឃឺដដែលមានទំនាក់ទំនងជាមួយនឹង SDF ហើយត្រូវបានចាត់ទុកថាជាក្រុមភេរវករនៅក្នុងទីក្រុងTürkiye។
ប្រទេសស៊ីរីនៅតែជាប្រទេសបែកបាក់គ្នាចាប់តាំងពីឆ្នាំ ២០១១ មកនៅពេលដែលការបះបោរប្រឆាំងនឹងលោក Assad ឈានទៅរកសង្រ្គាមស៊ីវិលពេញលេញក្នុងទូទាំងប្រទេស។ ទន្ទឹមនោះបទឈប់បាញ់ឆ្នាំ ២០២០ មិនអាចអនុវត្តបានពេញលេញនោះទេ បន្ទាប់ពីក្រុមប្រឆាំងដែលត្រួតត្រាដោយអ្នកកាន់សាសនាអ៊ីស្លាមមកពី Hayat Tahrir al-Sham បានបើកការវាយលុកដូចរន្ទះហើយដណ្តើមយកទីក្រុងធំៗមួយចំនួនរួមទាំងក្រុង Damascus និង Aleppo។ ចំណែកក្រុម SDF ក៏បានបើកការវាយលុកយ៉ាងខ្លាំងផងដែរនៅភាគខាងកើតនៃប្រទេសដោយសង្ឃឹមថានឹងទាញយកប្រយោជន៍ពីការដួលរលំនៃកងទ័ពរដ្ឋាភិបាលស៊ីរី៕
ដោយ៖ ពេជ្រ